នេះជាវិធីសាស្ត្រ​ងាយ​ៗ ដើម្បី​ថែរក្សា​សុខភាព​តម្រងនោម – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នេះជាវិធីសាស្ត្រ​ងាយ​ៗ ដើម្បី​ថែរក្សា​សុខភាព​តម្រងនោម

3 ខែ មុន

តម្រងនោម ឬ​មនុស្ស​ភាគច្រើន​ហៅ​ថា «​ក្រលៀន​» គឺជា​សរីរាង្គ​គូរ (​ឆ្វេង និង​ស្តាំ​) ដែល​មាន​រាង​ដូច​ទៅ​នឹង​គ្រាប់សណ្តែក ស្ថិត​នៅ​ចន្លោះ​សងខាង​នៃ​ឆ្អឹង​កង និង​ស្ថិត​នៅ​ក្រោម​ឆ្អឹង​ប្រអប់​ទ្រូង ។…

តម្រងនោម ឬ​មនុស្ស​ភាគច្រើន​ហៅ​ថា «​ក្រលៀន​» គឺជា​សរីរាង្គ​គូរ (​ឆ្វេង និង​ស្តាំ​) ដែល​មាន​រាង​ដូច​ទៅ​នឹង​គ្រាប់សណ្តែក ស្ថិត​នៅ​ចន្លោះ​សងខាង​នៃ​ឆ្អឹង​កង និង​ស្ថិត​នៅ​ក្រោម​ឆ្អឹង​ប្រអប់​ទ្រូង ។ វា​មានមុខ​ងារ​សំខាន់​សម្រាប់​រាង​កាយ​ដូច​ជា ៖ ចម្រោះ​ជាតិពុល និង​កាក​សំណល់​ពី​ក្នុង​ឈាម​ហើយ​បញ្ចេញ​ចោល​តាម​ទឹកនោម ធានា​លំនឹង​សារជាតិ​ទឹក និង​អេឡិចត្រូលីត​ក្នុង​សារពាង្គកាយ ផលិត​អរ​ម៉ូ​ន អង់ស៊ីម និង​ជាតិ​វិ​តា​មីន​មួយ​ចំនួន​ដែល​ចូលរួម​ដល់​ការ​គ្រប់គ្រង​សម្ពាធ​ឈាម ផលិត​គ្រាប់​ឈាមក្រហម និង​ធានា​ដល់​ការ​លូតលាស់​និង​ភាពរឹងមាំ​នៃ​ឆ្អឹង ។

Picture

ដូច​ជា​បាន​រៀបរាប់​ខាងលើ តម្រងនោម​មាន​សារៈសំខាន់​ណាស់​សម្រាប់​រាង​កាយ​របស់​យើង ។ យើង​អាច​ថែរក្សា​វា​ឱ្យ​នៅ​មាន​សុខភាព​ល្អ ដោយ​មាន​ទម្លាប់​ងាយ​ៗ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Up to Date ដែល​មាន​ដូច​ខាងក្រោម ៖

១- ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ពី ២.៥​លី​ត្រ ទៅ ៣​លី​ត្រ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ទប់ទល់​នឹង​ការ​បាត់បង់​ជាតិ​ទឹក កាត់​បន្ថយ និង​ការពារ​រលាក​ផ្លូវ​ទឹកនោម និង​គ្រួ​ស​តម្រងនោម ។

Picture

២- ធ្វើ​លំ​ហាត់ប្រាណ​ជាប់​ជា​ប្រចាំ​ដើម្បី​ធានា​បាន​នូវ​ទំរង់​រាង​កាយ​មួយ​សម​ស្រប ។

៣- ពិសារ​អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព ដូច​ជា បន្លែ និង​ផ្លែ​ឈើ​ស្រស់ ។ កាត់​បន្ថយ​ការ​បរិភោគ អាហារ​ផ្អែម​ពេក ឬ​ក៏​ប្រៃ ដើម្បី​ការពារ និង​គ្រប់គ្រង​ការ​លើ​សក​ន្រិ​ត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​ឡើង​សម្ពាធ​ឈាម ។

៤- ចៀសវាង​ការ​ជក់បារី និង​ស្រា ព្រោះ​អាច​ធ្វើ​អោយ​ខូចខាត​សរសៃរ​ឈាម និង​ប៉ះពាល់​សុខភាព​តម្រងនោម ។

៥- កាត់​បន្ថយ​ការ​ស្ត្រេ​ស និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ។

Picture

៦- ចៀសវាង​ការ​ប្រើប្រាស់​ថ្នាំ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ។

៧- ពិនិត្យ និង​តាមដាន​អោយ​បាន​ទៀងទាត់​នូវ​សុខភាព និង​មុខងារ​តម្រងនោម​ជាមួយ​គ្រូពេទ្យ​ឯកទេស និង​ជា​ពិសេស​ចំពោះ​លោក​អ្នក​ដែល​មាន​ជំងឺលើសឈាម ឬ​ទឹកនោមផ្អែម ៕ ប្រភព ៖ Up to Date