ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សេនា​ជន​ពិការ​​ម្នាក់​តស៊ូ​ឡើងត្នោត​ចិញ្ចឹម​គ្រួ​សារជួបគ្រោះ​​ធ្លាក់​ពី​ចុង​ត្នោត

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទោះបី​ធ្លាក់ខ្លួន​ពិការ ក៏​អតីត​សេនា​ជន​ជំនាន់​រដ្ឋ​កម្ពុជា ដែល​សល់​តែ​ដៃ​មួយ​ជំ​ហៀ​ង និង​ជើង​ពិការ នៅ​តែ​តស៊ូ​ឡើងត្នោត​ដើម្បី​ចិញ្ចឹម​គ្រួ​សារបាន​ក្នុង​ល​ទ្ឋ​ភាព​រស់​មួយ​គ្រា​ៗ​ដែរ ។ ប៉ុន្តែ​គួរ​ឱ្យ​អនិច្ចា ខណៈពេល​អតីត​សេនា​ជន​ពិការ​រូប​នោះឡើងដើ​ម​ត្នោត​…

ខេត្តកំពង់ឆ្នាំង ៖ ទោះបី​ធ្លាក់ខ្លួន​ពិការ ក៏​អតីត​សេនា​ជន​ជំនាន់​រដ្ឋ​កម្ពុជា ដែល​សល់​តែ​ដៃ​មួយ​ជំ​ហៀ​ង និង​ជើង​ពិការ នៅ​តែ​តស៊ូ​ឡើងត្នោត​ដើម្បី​ចិញ្ចឹម​គ្រួ​សារបាន​ក្នុង​ល​ទ្ឋ​ភាព​រស់​មួយ​គ្រា​ៗ​ដែរ ។ ប៉ុន្តែ​គួរ​ឱ្យ​អនិច្ចា ខណៈពេល​អតីត​សេនា​ជន​ពិការ​រូប​នោះឡើងដើ​ម​ត្នោត​ ក៏​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត បណ្ដាល​ឲ្យ​រង​របួសធ្ងន់​និង​កំពុង​សម្រាក​ដេក​ព្យាបាល​ដោយ​ថ្នាំបុរាណ​ក្រោម​សំយាបផ្ទះ​កូន ស្ថិត​ក្នុង​​ភូមិ​ទ្រ​នាម​ពេជ្រ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ។

ជួប​ជាមួយ​ភ្នាក់ងារ​​កោះសន្តិភាព​​នៅ​ព្រឹក​ថ្ងៃ​ទី​25 ខែធ្នូ ឆ្នាំ​2020 នេះ អតីត​សេនា​ជន​រដ្ឋ​កម្ពុជា ដែល​មាន​ពិការ​ភាព​ដោយសារ​សង្គ្រាម​​ខាងលើ​ឈ្មោះ ឌុំ សាំង អាយុ៦០ឆ្នាំ​ បានរៀបរាប់​ឱ្យ​ដឹង​ថា គាត់​មាន​ប្រពន្ធ​ឈ្មោះ គឹ​ម យឺន អាយុ៦០ឆ្នាំ​ មានកូន​ប្រុស​ស្រី​សរុប​ចំនួន៥​នាក់ ​ដោយពួកគេមាន​​ប្តី និង​ប្រ​ព​ន្ឋ​កូន​អស់ហើយ ​ប៉ុន្តែ​បច្ចុប្បន្ន​គាត់​បាន​ចិញ្ចឹម​ចៅស្រី​២​នាក់​ក្នុង​បន្ទុក​ថែម​ទៀត​។

អតីត​សេនា​ជន​ពិការ​រូប​នោះ​បាន​រំ​ឮ​ក​ពី​អតីតភាព​ថា​ នៅ​ក្នុង​អំឡុង​ឆ្នាំ​1985 គាត់​ត្រូវ​បាន​​ខាង​ឃុំ​ឱ្យធ្វើ​ជា​សេនា​ជន​ការពារ​ឃុំ​គោក​បន្ទាយ​ ​ប៉ុន្តែ​តែ​ក្រោយមក​គេ​បញ្ជូន​គាត់​អោយទៅ​ការពារ​ផ្លូវដែក​នៅ​ចំណុចឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស និង​បាន​ប្រយុទ្ធ​តតាំង​ជាមួយ​កងទ័ព​ខ្មែរក្រហម​បណ្តាល​ឱ្យ​រង​របួស​3​លើក រហូត​ធ្លាក់ខ្លួន​ពិការ ហើយ​ពេល​ត្រឡប់​មក​រស់នៅជាមួយ​ប្រពន្ធ​កូនវិញ ​ដោយនាំយក​​មកជាមួយនូវ​ពិការ​ភាព ​គឺ​​ពិការ​ដៃ​ខាងឆ្វេង ​របួស​ស្មងជើង​ខាងឆ្វេង និង​ភ្នែក​ខាងស្ដាំ​ម្ខាង​មើល​មិនឃើញ​។

អតីតសេនាជនពិការ​​​​ខាងលើបានបន្ត​ថា ពេល​មក​ដល់​ផ្ទះ​ មិនដឹង​រកមុខ​របរ​អ្វី​ចិញ្ចឹម​ប្រ​ព​ន្ឋ​កូន​បាន​ គាត់​ក៏​ចាប់​មុខរបរ​ឡើងត្នោត​រហូត​ដល់​សព្វថ្ងៃ​​ ប៉ុន្តែ​​សំណាងអាក្រក់​នៅ​ថ្ងៃ​ទី 21 ខែធ្នូ ឆ្នាំ 2020 ពេល​ដែល​គាត់​កំពុង​តែ​ឡើងត្នោត​ដល់​ចុង​ទៅ​ហើយ ស្រាប់តែ​គាត់​ង​ងឹត​មុខ ធ្លាក់​ពីលើ​ដើម​ត្នោត​មក​ដី ក្រោយ​ពេល​ដឹងខ្លួន​ គឺ​គាត់​ស្ថិត​លើ​គ្រែ​នៅផ្ទះ ឃើញ​មាន​ប្រ​ព​ន្ឋ​កំពុង​រឹត​ពន្លៃ​លើ​ខ្លួនប្រាណ​បាត់​ទៅ​ហើយ​។

ដោយឡែក បើ​​តាមប្រភពពី​ស្ត្រី​ជា​ប្រពន្ធ​​របស់​អតីតសេនាជនពិការ​​ខាងលើ​បាន​​ឱ្យ​ដឹង​​ថា ​នៅថ្ងៃ​កើតហេតុ​នោះ ពេលបាយ​ថ្ងៃត្រង់ ដោយសារ​បាត់​ប្ដី​យូរ​ពេក​ គាត់​ក៏​ដើរទៅ​រក នៅ​ជួរ​ដើម​ត្នោត​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ស្រាប់តែ​ឃើញ​ប្ដី​គាត់​សន្លប់​នៅ​នឹង​គល់​ត្នោត​បាត់​ទៅ​ហើយ និង​មាន​បាក់មែក​ជ្រៃ​មក​ជាមួយ​ផង ដែល​គាត់​សន្និដ្ឋាន​ថា ប្តី​គាត់​ធ្លាក់​ពី​ចុង​ត្នោត​ទើ​លើ​មែក​ជ្រៃ ហើយ​ទើប​បាក់មែក​ជ្រៃ​មក​បន្ត​ទៀត ទើប​ប្តី​គាត់​អាច​នៅ​មាន​ដង្ហើម​។ ខណៈនោះ គាត់​បាន​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​គ្រាហ៍ ប្តី​គាត់​យក​មក​ដាក់​ឱ្យ​នៅផ្ទះ និង​បាន​រក​ថ្នាំបុរាណ ព្រមទាំង​ហៅ​គ្រូពេទ្យ​ឯកជន​នៅ​តាម​ភូមិ មក​ជួយ​ព្យាបាល​ផង​ដែរ​។​

តាមប្រភពពីស្ត្រីជា​ប្រពន្ធ​​​បាន​បន្ត​ថា ពេល​នេះ​ប្តី​​របស់​គាត់​នៅ​ចុក​ត្រគាក​ខាងឆ្វេង​និង​ចុក​ទ្រូង ពិបាក​ដកដង្ហើម​និង​មិន​អាច​ងើប​អង្គុយ​បាន​ឡើយ ។​ គាត់​គ្មាន​លទ្ធភាព យកប្តី​គាត់​ទៅ​មន្ទីរពេទ្យ​នោះ​ទេ ហេតុនេះ​ហើយ​រូប​គាត់​និង​គ្រួសារ សូម​លើកដៃ​សំពះ អំពាវនាវ​ដល់​បងប្អូន​សប្បុរសជន ជិត​ឆ្ងាយ​មេត្តា​ជួយ​គ្រួសារ​គាត់​ផង ។

គួរ​រំលឹកផង​​ដែរ​ថា ​៖ ​កាលពី​៣​ឆ្នាំ​មុន ​កោះសន្តិភាព​​ធ្លាប់​ចុះ​ផ្សាយ​ម្ដង​ហើយពី​ភាព​ក្រីក្រ​លំបាកវេទនា​របស់​​អតីតសេនាជន​​ពិការ​តស៊ូ​ឡើងត្នោត​ចិញ្ចឹម​ប្រ​ព​ន្ឋ​កូន ហើយក៍​ទទួល​បានការ​ឧបត្ថម្ភ​ពី​សប្បុរសជន​​ដោយ​​ទទួល​បាន​ផ្ទះ​មួយខ្នងទំហំ​3ម៉ែត្រ​ គុណ​នឹង​4​ម៉ែត្រ​​ផង​ដែរ​ រហូត​​មកដល់ពេលនេះ អតីត​សេនា​ជន​ជំនាន់​រដ្ឋ​កម្ពុជា​ដែល​ពិការ​មួយរូប​ខាងលើ​​តស៊ូ​ឡើងត្នោត​ដើម្បី​ចិញ្ចឹម​គ្រួ​សាររស់​មួយ​គ្រា​ៗ​នោះ​ ស្រាប់តែ​ជួបគ្រោះថ្នាក់​​​ធ្លាក់ពីលើចុងត្នោតបែបនេះ​តែម្តង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ