ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ថែម​វិធានការ​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​ដោយ​កូ​វី​ដ​19

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជរដ្ឋាភិបាល​បាន​ប្រកាស​ចេញ​នូវ​វិធានការ​បន្ថែម​នៅ​ជុំ​ទី​៧ ដើម្បី​អន្តរាគមន៍​ជួយ​ដល់​វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍ វិស័យ​អាកាសចរណ៍ អ្នក​ផ្តល់​កម្ចី​ក្នុងស្រុក និង​ក្រៅ​ស្រុក ព្រមទាំង​វិធានការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ក៏​ដូច​ជា​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ដោយ សារ​ឥទ្ធិពល​នៃ​វិបត្តិ​កូ​វី​ដ​១៩ ។ វិធានការ​បន្ថែម​របស់​រាជរដ្ឋាភិបាល…

រាជរដ្ឋាភិបាល​បាន​ប្រកាស​ចេញ​នូវ​វិធានការ​បន្ថែម​នៅ​ជុំ​ទី​៧ ដើម្បី​អន្តរាគមន៍​ជួយ​ដល់​វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍ វិស័យ​អាកាសចរណ៍ អ្នក​ផ្តល់​កម្ចី​ក្នុងស្រុក និង​ក្រៅ​ស្រុក ព្រមទាំង​វិធានការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ក៏​ដូច​ជា​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ដោយ សារ​ឥទ្ធិពល​នៃ​វិបត្តិ​កូ​វី​ដ​១៩ ។ វិធានការ​បន្ថែម​របស់​រាជរដ្ឋាភិបាល នៅ​ជុំ​ទី​៧ ដែល​បាន​ប្រកាស​ចេញ​កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០​រួម​មាន ការ​បន្ត​ឧបត្ថម្ភ និង​បើក​សាច់ ប្រាក់​ក៏​ដូច​ជា ការ​លើកលែង​ពន្ធ​លើ​ក្រុមហ៊ុន​នានា​ជាដើម ។

សេចក្តី​ប្រកាស​របស់​រាជរដ្ឋាភិបាល​បង្ហាញ​ថា រាជរដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ជុំ​ទី​៧ នៅ​ពេល​នេះ ក្នុង​គោលបំណង​បន្ត​ដាក់​ចេញ និង​អនុវត្ត​វិធានការ​រក្សា​លំនឹង​អាជីវកម្ម ខណៈ​ដែល​កម្ពុជា កំពុង​បន្ត​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ ក៏​ដូច​ជា​ទ្រទ្រង់ និង​ស្តារ​អាជីវកម្ម និង​ធុរកិច្ច​ឲ្យ​ងើបឡើង​វិញ ដើម្បី​ចូលរួម​ជំរុញ​កំណើន សេដ្ឋកិច្ច នៅ​ក្នុង​បរិការណ៍​ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ ព្រមទាំង​បន្ត​ជួយ​ទំនុកបម្រុង​ដល់​ជីវភាព ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​តាម​រយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដើម្បី​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​បំផុត​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ។

ការ​បន្ថែម​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ នៅ​ពេល​នេះ​រួម​មាន​៖ វិធានការ​បន្ត​ជួយ​វិស័យ​កាត់ដេរ វាយ​ន​ភណ្ឌ​ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ កាបូប និង​វិស័យ​ទេសចរណ៍ មាន​ជា​អាទិ៍​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ខែ សម្រាប់​កម្មករនិយោជិត​ម្នាក់ សម្រាប់​រយៈពេល​៣​ខែ​បន្ថែម​ទៀត ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២១​។ ការ​បន្ត​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ។

រាជរដ្ឋាភិបាល ក៏​បាន​ប្រកាស​បន្ត​វិធានការ​ជួយ​វិស័យ​អាកាសចរណ៍ ដោយ​បន្ត​លើកលែង​ការ​បង់ពន្ធ​អប្បបរមា សម្រាប់​រយៈពេល​៣​ខែ​បន្ថែម​ទៀត ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២១ ជូន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា រួម​ទាំង​ការ​បន្ត​ពន្យារ​ការ​បង់ប្រាក់​ជំពាក់​កម្រៃ​អាកាស​ចរ​ស៊ី​វិល​សម្រាប់​រយៈពេល​៣​ខែ​បន្ថែម​ទៀត​ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២១ ។

រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ពី​វិធានការ​ជួយ​រោងចក្រ សហគ្រាស និង​អាជីវកម្ម ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​កម្មករនិយោជិត​។ នោះ​គឺ​រាជរដ្ឋាភិបាល បន្ត​អនុញ្ញាត​ឲ្យ​រោងចក្រ សហគ្រាស និង​អាជីវកម្ម​ក្នុង​គ្រប់​វិស័យ ពន្យារពេល​ទូទាត់​ប្រាក់​រម្លឹក​ប្រាក់ បំណាច់​អតីតភាព​ការងារ មុន​ឆ្នាំ​២០១៩ និង​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ សម្រាប់​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ទៅ​ឆ្នាំ​២០២២ ។

ចំណែក​វិធានការ​ទ្រទ្រង់​កំណើន ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល សម្រេច​បន្ត​លើកលែង​ពន្ធ ប្រថាប់ត្រា សម្រាប់​អ្នកទិញ​ផ្ទះ ដែល​មាន​តម្លៃ​ទាប​ជាង ឬ​ស្មើ​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដោយ​គិត​ពី​ខែមករា ឆ្នាំ​២០២១ ដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២១ ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​ដែល​ចុះបញ្ជី​ត្រឹមត្រូវ ។ រាជរដ្ឋាភិបាល ក៏​បាន​ប្រកាស​អំពាវនាវ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន​ទាំងអស់ ឲ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​បញ្ចុះ​ថ្លៃ​ផ្ទះ ទៅ​តាម​លទ្ធភាព ដែល​អាច​ធ្វើ​ទៅ​បាន ។

ក្រៅពី​នោះ រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស បន្ធូរបន្ថយ ការ​អនុវត្ត​ពន្ធ​កាត់​ទុក​លើ​ការ​ប្រាក់ សម្រាប់​អ្នក​ផ្តល់​កម្ចី​ក្នុងស្រុក និង​ក្រៅ​ស្រុក (Withholding Tax ) ដែល​រួម​មានការ​ទម្លាក់​អត្រាពន្ធ​កាត់​ទុក​លើ​កម្ចី​របស់​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាដើម។
រាជរដ្ឋាភិបាល ក៏​បាន​ប្រកាស ពី​ការ​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ សម្រាប់​រយៈពេល​៣​ខែ​បន្ថែម​ទៀត គឺ​ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២១ ។

វិធានការ​បន្ថែម​របស់​រាជរដ្ឋាភិបាល នៅ​ជុំ​ទី​៧ ក្នុង​រយៈពេល​៣​ខែ​បន្ថែម​ទៀត​នេះ ត្រូវ​បាន​ដាក់​ចេញ បើ​ទោះបីជា​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​យើង​បាន​ធូរស្រាល ហើយ​នៅ​លើ​ពិភពលោក ក៏​មានការ​ផ្សាយ​ពី​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ ។ ប៉ុន្តែ​ទោះបីជា​មាន​វ៉ាក់សាំង​បង្ការ ក៏​ដោយ​ក៏​មិនមែន​មាន​ន័យ​ថា យើង​ទាំងអស់​គ្នា អាច​វិល​ត្រឡប់​ទៅ​ប្រក្រតី​ភាព​វិញ ក្នុង​រយៈពេល​ដ៏​ខ្លី​បាន​ឡើយ ។

ចូរ​នឹកឃើញ​ថា ចាប់តាំងពី​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ កាលពី​ខែមករា ដើមឆ្នាំ​២០២០ មក​ដល់​ពេល​នេះ កម្ពុជា​យើង​បាន​គ្រប់គ្រង ប្រកបដោយ​ប្រសិទ្ធភាព ទោះបីជា​មានការ​ឆ្លង​កូ​វី​ដ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​២៣​វិច្ឆិកា និង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​ថ្ងៃ​២៨​វិច្ឆិកា ដែល​ជា​ការ​ឆ្លង​ចូល​ដល់​កម្រិត​សហគមន៍​ជា​លើក​ទី​១ នៅ​កម្ពុជា​យើង​ក៏​ដោយ ។

ជា​ការ​ពិត ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍​ជា​លើក​ដំបូង នៅ​កម្ពុជា បាន​បណ្តាល​ឲ្យ​ប្រជាជន ព្រួយបារម្ភ ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច​ជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេលវេលា និង​ព្យាយាម​កុំ​ឲ្យ​កូ​វី​ដ រាតត្បាត​ចូល​ក្នុង​សហគមន៍​ដល់​កម្រិត ដែល​មិន​អាច​គ្រប់គ្រង​បាន ។ ជា​លទ្ធផល គិត​មក​ដល់​ពេល​នេះ កម្ពុជា​គ្មាន​ករណី​ស្លាប់ ឬ​ឈាន​ដល់​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ព្រមទាំង​មិន​មានការ​បិទ​ជា​តំបន់ ឬ​បិទ​ប្រទេស​ទាំងមូល​នោះ​ឡើយ ។

ម្យ៉ាងទៀត កាលពី​ថ្ងៃអាទិត្យ ទី​២០ ខែធ្នូ ឆ្នាំ​២០២០ ក៏​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ចេញពី​ប្រទេស​ថៃ ឆ្លង​ដែន​ចូល​មក​កម្ពុជា​។ រាជរដ្ឋាភិបាល បាន​ចាត់វិធានការ​ជា​បន្ទាន់ តាម​រយៈ​ការ​រឹត​បន្តឹង​តាម​ច្រកព្រំដែន ដែល​មានការ​ត្រួតពិនិត្យ​សុខភាព ការ​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តំបន់​ព្រំដែន រួម​ទាំង​ការ​ត្រៀម​ឡាន​យោធា ដឹក​អ្នក​ចេញ​មក​ពី​ថៃ យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​យ៉ាង​ហ្មត់ចត់ តាម​ភូមិ​ឃុំ​ថែម​ទៀត​ផង​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ មិន​មាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់ ឆ្លង​ដែន​មក​ពី​ថៃ រក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ឡើយ ។ទោះបីជា​ស្ថានភាព​កូ​វី​ដ នៅ​ផ្ទៃក្នុង​ប្រទេស​យើង អាច​គ្រប់គ្រង​បាន ហើយ​មិន​មានការ​ឆ្លង​រាលដាល​បន្ថែម​ទៀត​ក្តី ប៉ុន្តែ​ឥទ្ធិពល​កូ​វី​ដ នៅ​បន្ត​អូស​បន្លាយ​ច្រើន​ខែ​តទៅ​ទៀត ។ ដូច្នេះ​វិធានការ​ការពារ​សាមញ្ញ​ៗ នៅ​តែ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​យើង បន្ត​ប្រកាន់​យក តាម​រយៈ​ការ​ពាក់​ម៉ាស់ លាងដៃនិង​រក្សា​គម្លាត​យ៉ាងតិច ១,៥​ម៉ែត្រ​ពី​គ្នា​ជាដើម ។

រីឯ​រាជរដ្ឋាភិបាល ក៏​បាន​គិតគូរ​វែង​ឆ្ងាយ តាម​រយៈ​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ច្រើន ដូច​រៀបរាប់​ខាងលើ ដើម្បី​អន្តរាគមន៍​ជួយ​ដល់​វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍ វិស័យ​អាកាសចរណ៍ អ្នក​ផ្តល់​កម្ចី​ក្នុងស្រុក និង​ក្រៅ​ស្រុក ព្រមទាំង​វិធានការ​ទ្រទ្រង់ កំណើនសេដ្ឋកិច្ច ក៏​ដូច​ជា​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ ដោយសារ​ឥទ្ធិពល​នៃ​វិបត្តិ​កូ​វី​ដ​១៩ ។ វិធានការ​ទាំងនេះ ត្រូវ​បាន​រាជរដ្ឋាភិបាល ប្រកាន់​យក​ចាប់តាំងពី​ការ​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា កាលពី​ខែមករា ៕ អត្ថបទដោយ៖ មុត ស្រីពៅ

អត្ថបទសរសេរ ដោយ