រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាបានបើករថយន្តទាំងដេកលក់ រេចង្កូត ជ្រុលទៅបុកទូរលក់ទឹកក្រឡុក បណ្តាលឲ្យរងការខូចខាត ហើយរថយន្ដបន្តទៅបុកនឹងបង្គោលស្លាកសញ្ញាចរាចរណ៍ បាក់សង្កត់ទៅលើរថយន្ដតូយូតាព្រុសមួយគ្រឿង ដែលម្ចាស់ចតស្ងៀមទុកនៅមុខផ្ទះ បណ្តាលឲ្យរងការខូចខាតបន្ថែមទៀត។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ចំនុចស្តុបទំនប់ទឹក ផ្លូវ២១៧ កែងផ្លូវ៤៣២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
អ្នកលក់ដូរនៅទីនោះ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនជាតិចិនម្នាក់ មិនដឹងថា ចេញពីផឹកនៅកន្លែងណានោះទេ គឺបានបើករថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J 7758 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុ ដែលជាកន្លែងមានភ្លើងស្តុប ក៏ស្រាប់តែអ្នកបើកបររថយន្ត បានឈប់រថយន្ដមួយសន្ទុះធំ ហើយពេលនោះដែរ ក៏ស្រាប់តែរថយន្ត បានបើកតិចៗទៅមុខ ទាំងសភាពអ្នកបើកបរដេកលក់តែម្ដង បណ្ដាលឲ្យរថយន្តរេចង្កូតជ្រុលទៅបុកនឹងទូរលក់ទឹកក្រឡុករបស់ពួកគាត់ បណ្តាលឲ្យរងការខូចខាតអស់ ហើយរថយន្តបង្កមិនទាន់អស់ល្បឿន ក៏បន្តទៅបុក និងបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្ដាលអោយបាក់ទ្រេតសង្កត់ទៅលើរថយន្ដ តូយូតាព្រុស ពណ៌ទឹកប្រាក់ ដែលម្ចាស់ចតស្ងៀមទុកនៅមុខផ្ទះ បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយ ចំហៀងខាងស្ដាំបន្ថែមទៀត។
ប្រភពបានបន្តទៀតថា បន្ទាប់ពីបុកកល់រថយន្តទៅមុខលែងរួចហើយ អ្នកបើកបរក៏បានដេកលក់ នៅក្នុងរថយន្តតែម្ដង រហូតទាល់តែផ្អើលដល់អ្នកសារព័ត៌មានទៅថត ក៏ដូចជាសមត្ថកិច្ចទៅដល់គោះទ្វារ ទើបបុរសជាជនជាតិចិនដឹងខ្លួនវិញ ហើយចុះពីលើរថយន្ត ទាំងសភាពងឿងឆ្ងល់ រហូតទាល់តែសមត្ថកិច្ចចង្អុលអោយមើលការបើករថយន្តបុករបស់របរគេ ទើបខាងជនជាតិចិន ភ្ញាក់ខ្លួនវិញ ហើយបានទូរស័ព្ទហៅតំណាង មកសម្របសម្រួលគ្នាផងដែរ។
ក្រោយពេលកើតហេតុ ដោយសារតែប៉ះពាល់ដល់សម្បត្តិរបស់រដ្ឋ រថយន្តបង្ក រួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចជំនា ចរាចរណ៍ក្រុងភ្នំពេញ បានចុះទៅធ្វើការវាស់វែង អូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ៕ ដោយ៖ យឹម ឈឿន







ចែករំលែកព័តមាននេះ