ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅសង្កាត់​ក្តៅស្លឹកត្រចៀក បើ​ចាប់​អ្នក​លួច​ចាក់សំរាម​បាន​នឹង​ផាកពិន័យ​៤០​ម៉ឺន​​រៀល

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ មាន​ដាំ​ដើម​លឿង​រាជ ដែល​រីក​ស្រស់​ស្អាត​ពេល​ចេញ​ផ្កា​ម្តង​ៗ ស្ថិត​នៅ​ភូមិ​បឹង​បា​សាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម បែរជា​ត្រូវ​មនុស្ស​មួយ​ចំនួន​បាន​យក​សំរាម​មក​ចាក់ចោល​បណ្តាល​ឱ្យ​ជះក្លិន​អា​សោចិ៍ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ…

ខេត្តកំពង់ចាម ៖ ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ មាន​ដាំ​ដើម​លឿង​រាជ ដែល​រីក​ស្រស់​ស្អាត​ពេល​ចេញ​ផ្កា​ម្តង​ៗ ស្ថិត​នៅ​ភូមិ​បឹង​បា​សាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម បែរជា​ត្រូវ​មនុស្ស​មួយ​ចំនួន​បាន​យក​សំរាម​មក​ចាក់ចោល​បណ្តាល​ឱ្យ​ជះក្លិន​អា​សោចិ៍ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ហើយ​ក្រុម​អ្នក​ទាំងនោះ ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​មុខសញ្ញា​ដដែល​ៗ​។ ជាមួយ​គ្នា​នោះ អាជ្ញាធរ​បាន​ធ្វើការ​ព្រមាន​ថា បើ​ចាប់​បាន ដោយ​មិន​រាងចាល​ត្រូវ​ផាកពិន័យ​៤០​ម៉ឺន​រៀល និង​បង្ហោះ​តាម​បណ្ដាញ​សង្គម ដើម្បី​ឱ្យ​សាធារណជន​ឃើញ​មុខមាត់​ទៀត​ផង​។

អ្នកស្រី ឃាង ស៊ី​ផា​ន ចៅសង្កាត់​សំបួរមាស ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ២០២០​ថា នៅ​តាម​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ ក្នុង​នោះ​មួយ​ផ្នែក​ជាប់​នឹង​ភូមិ​បឹង​បា​សាក់ និង​មួយ​ផ្នែក​ទៀត​ជាប់​នៅ​ភូមិ​ព្រែក​ដើម​ចាន់ ក្នុង​សង្កាត់​សំបួរមាស គឺ​អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ដោយ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មានផ្ទះ​នៅ​សង្ខាង​ផ្លូវត្រូវ​សំអាត​បរិស្ថាន​នៅ​ក្នុង​បរិវេណ​ផ្ទះ និង​តាម​ដងផ្លូវ​អោយ​បាន​ស្អាត សម្រាប់​ជា​សោភ័ណ​ភាព​ផង​ដែរ​។

ចៅសង្កាត់​សំបួរមាស បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ទោះបីជា​អាជ្ញាធរ​បាន​ហាម​ថា​មិន​ឲ្យ​ចាក់សំរាម​នៅ​តាម​ផ្លូវ​ខ្នង​ទំនប់ ព្រមទាំង​ដាក់​ស្លាក​សញ្ញា «​ហាម​ចាក់សំរាម​» ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​តូច​នៅ​តែ​បំពាន ដោយ​ដឹក​សំរាម​តាម​ម៉ូតូ​យក​មក​ទម្លាក់​ចោល ភាគច្រើន​គឺ​នៅ​ពេល​ល្ងាច និង​ព្រឹក​ព្រលឹម​តែ​ម្តង ពេល​ដែល​មិន​ទាន់​មាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​នេះ​។

ចៅសង្កាត់​សំបួរមាស បន្ត​ទៀត​ថា ហើយ​មនុស្ស​មួយ​ចំនួន​តូច​នោះ គឺ​គេ​បាន​ចាក់សំរាម​នៅ​ក្បែរ​ស្លាក​ហាម​ចាក់សំរាម​នោះ​តែ​ម្តង គឺជា​ការ​បញ្ឈឺចិត្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន ។ ដោយ​ឃើញ​សំរាម​គរ​ច្រើន និង​ជះក្លិន​ស្អុយ លោកស្រី​បាន​ចំណាយ​ថវិកា​ឱ្យ​គេ​ទិញ​ប្រេង​យក​មក​ដុត​សំរាម​ទាំង​នោះ​​ចោល​។ ទោះជា​បែប​នេះ​ក្តី មនុស្ស​គ្មាន​មាយា​ទ​នៅ​តែ​យក​សំរាម​មក​ចាក់ចោល​នៅ​ទី​នេះ​ដដែល ហើយ​អាជ្ញាធរ​បាន​រៀបចំ​ឱ្យ​មាន​កម្លាំង​ឃ្លាំមើល​ដើម្បី​ចាប់​អ្នក​ចាក់សំរាម ក្នុង​ករណី​ចាប់​បាន​ត្រូវ​ផាកពិន័យ​១០​ម៉ឺន​រៀល តែបើ​បុគ្គល​នោះ​មិន​រាងចាល នៅ​តែ​បន្ត​យក​សំរាម​មក​ចាក់​ចោល​ត្រង់​ទីតាំង​នេះ​ទៀត បើ​ចាប់​បាន​នឹង​ផាក ពិន័យ​៤០​ម៉ឺន​រៀល​តែ​ម្តង​។

អ្នកស្រី ស៊ី​ផា​ន ចៅសង្កាត់​សំបួរមាស បញ្ជាក់​បន្ថែម​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ក្បែរ​ទីតាំង​គេ​ចាក់សំរាម​នោះ ជួយ​តាមដាន​មើល បើ​ឃើញ​ប្រញាប់​រាយការណ៍​មក​អាជ្ញាធរ​ជា​បន្ទាន់ ដើម្បី​មាន​វិធានការ​ចាប់​អ្នក​នោះ​ផាកពិន័យ​អោយ​ចាស់ដៃ​តែ​ម្ដង​។

ដោយ​មិន​អស់ចិត្ត អាជ្ញាធរ​នឹង​ត្រូវ​យក​ទៅ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម Facebook ចែក​រំលែក​​ពី​ម្នាក់​ទៅ​ម្នាក់ ដើម្បី​ឲ្យ​ឃើញ​បុគ្គល​ដែល​គ្មាន​មាយា​ទ យក​សំរាម​មក​ចាក់ចោល​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវ​សាធារណៈ​។

លោកស្រី​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មេត្តា​បញ្ឈប់​យក​សំរាម​មក​ចាក់ចោល​នៅ​ទីតាំង​នេះ​ទៀត សូម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​មាន​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ដើរ​ប្រមូល​សំរាម​តាម​ខ្នង​ផ្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ