ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ទៅ​ធ្វើការ ស្រាប់តែ​ប្អូនថ្លៃ​ស្រី​ប្រាប់​​​ថា​ឃើញ​ពស់ថ្លាន់​សម្ងំ​នៅ​កៀន​របង​ផ្អើល​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ រួម​នឹង​កម្លាំង​សមត្ថកិច្ច​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​ដែល​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​បាន​វារ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ​។…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ រួម​នឹង​កម្លាំង​សមត្ថកិច្ច​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​ដែល​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​បាន​វារ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ​។ ជាមួយ​គ្នា​នោះ សមត្ថកិច្ច​ក៏​បាន​ហៅ​អ្នក​ជំនាញ​មក​ចាប់​ពស់​នោះ និង​បាន​យក​ទៅ​លែង​នៅ​ព្រៃ ក្នុង​ទីតាំង​ភ្នំ​ប្រុស​ភ្នំ​ស្រី ស្រុក​កំពង់​សៀម ព្រមទាំង​បួន​សួង​សុំ​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារ និង​សូម​ឱ្យ​ជំងឺ​កូ​វី​ដ​១៩​បាន​ឆាប់​រលត់​ទៅ​វិញ កុំ​ឲ្យ​មក​យាយី​លើ​រាង​កាយ​របស់​ពលរដ្ឋ​ទៀត​។

លោក គង់ ប៊ុ​ន​ចាន់ វ័យ​ជិត​៥០​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ដំបូង​រូប​លោក​ស្លៀក​សម្លៀក​បំពាក់​រៀប​នឹង​ចេញ​ទៅ​ធ្វើការ​នៅ​សាលាក្រុង​កំពង់ចាម តែ​មិន​ទាន់​នឹង​បាន​ទៅ​ផង ត្រូវ​បាន​ប្អូនថ្លៃ​ស្រី​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​វារ​ចូល​មក​ក្នុង​បរិវេណ​ផ្ទះ រួច​ទៅ​សម្ងំ​នៅ​ក្បែរ​ខ្នោះ​អណ្ដូងទឹក កៀន​របង​ខាង​មុខ​។ ក្រោយមក​រូប​លោក​មិន​ហ៊ាន​ចាប់​ពស់ថ្លាន់​មួយ​ក្បាល​ដែល​មាន​ទម្ងន់​ប្រហែល​ជាង​១០​គីឡូក្រាម​នោះ​ទេ ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​នគរបាល​អន្តរាគមន៍ ដែល​ឈរជើង​យាម​ប្រចាំការ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​លោក​ឱ្យមក​ជួយ​ចាប់​ពស់​នោះ​។

បុរស​ជា​ម្ចាស់ផ្ទះ​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​នគរបាល​ជា​ច្រើន​នាក់ ដោយ​រួម​មាន​ទាំង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សំបួរមាស បាន​ចុះ​មក​ដល់ តែ​មិន​មាន​អ្នក​ណា​ម្នាក់​មាន​ជំនាញ​ខាង​ចាប់​ពស់​​នោះ​ឡើយ ក៏​បាន​ទូរស័ព្ទ​ហៅ​អ្នកជំនាញ​ចាប់​ពស់​ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ​បឹង​ស្នាយ ដើម្បី​ឲ្យ​មក​ជួយ​ចាប់ ព្រមទាំង​យក​ទឹកអប់​បាញ់​លើ​ពស់​នោះ​ទៀត ដើម្បី​សុំ​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារ ព្រមទាំង​បួងសួង​សូម​ឱ្យ​ជំងឺ​កូ​វី​ដ​១៩ ឆាប់​រលត់​ទៅ​វិញ​ចេញពី​ប្រទេស​កម្ពុជា ហើយ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាព​សុខដុមរមនា​។ បន្ទាប់​មក កម្លាំង​នគរបាល​អន្តរាគមន៍​បាន​ច្រក​ពស់ថ្លាន់​នោះ​ដាក់​ក្នុង​កា​រ៉ុ​ង រួច​យក​ទៅ​លែង​នៅ​ក្នុង​ព្រៃ ក្រោយ​ភ្នំ​ប្រុស​ភ្នំ​ស្រី ស្រុក​កំពង់សៀម​តែ​ម្តង ។

បុរស​ម្ចាស់ផ្ទះ​បាន​រំឭក​ថា កាលពី​មួ​យស​ប្តា​ហ៍​មុន អ្នក​ភូមិ​របស់​គាត់​ក៏​បានឃើញ​ពស់ថ្លាន់​មួយ​ក្បាល​វារ​ចេញពី​ដី​ភូមិ​ដែល​មានព្រៃ​ដុះ​ទ្រុប​ទ្រុល​មក​ក្រៅ​បាន​តែ​បន្តិច ក៏​ត្រូវ​អ្នក​ភូមិ​ឃើញ និង​នាំ​គ្នា​ដេញ​វា​រត់​ចូល​ទៅ​ក្នុង​បរិវេណ​ដី​ភូមិ​របស់​គេ​ម្នាក់ ដែល​ទុក​ចោល និង​មានព្រៃ​ដុះ​ទ្រុប​ទ្រុល​។ ក៏​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ​នេះ ក៏​មាន​ពស់ថ្លាន់​មួយ​ក្បាល​នេះ​បាន​វារ​ចេញ​មក​ចូល​ក្នុង​បរិ​វេណ​ផ្ទះ​របស់​លោក (​ប៊ុ​ន​ចាន់​) ទំនងជា​ចង់​ចាប់​មាន់​អ្នក​នៅ​ក្បែរ​ខាង​របស់​លោក​ធ្វើ​ជា​ចំណី​ហើយ តែ​ក៏​ត្រូវ​ប្អូនថ្លៃ​របស់​គាត់​ឃើញ​ទាន់ ក៏​នាំ​គ្នា​គាត់​ចាប់​ពស់ថ្លាន់​នេះ រួច​យក​ទៅ​លែង​សុំ​សុខ​សុំ​ជ័យ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ