ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ស្រែ​ចំការ​ហើយ​ជនជាតិភាគតិច ការ​វែ​ត រៀន​លក់ដូរ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បងប្អូន​ជនជាតិ​ដើម​ភាគតិច (​ការ​វែ​ត​) រស់នៅ​ស្រុក​សៀម​ប៉ា​ង​ខេត្តស្ទឹងត្រែង បន្ទាប់​ពី​ការងារ​ធ្វើស្រែ​ចំការ​ពួក​គាត់​បង្វែរ​មក​ដាំ​បន្លែ​-​រក​សត្វ​ចង្រិត​-​កង្កែប​- ក្តាម​-​ខ្យង​- រែក​ដើរ​លក់ រក​ប្រាក់ ចំណូល​យក​ទៅ​បង្គ្រប់​លើ​ការ​ចំណាយ​សម្រាប់​ដោះស្រាយ…

ខេត្តស្ទឹងត្រែង ៖ បងប្អូន​ជនជាតិ​ដើម​ភាគតិច (​ការ​វែ​ត​) រស់នៅ​ស្រុក​សៀម​ប៉ា​ង​ខេត្តស្ទឹងត្រែង បន្ទាប់​ពី​ការងារ​ធ្វើស្រែ​ចំការ​ពួក​គាត់​បង្វែរ​មក​ដាំ​បន្លែ​-​រក​សត្វ​ចង្រិត​-​កង្កែប​- ក្តាម​-​ខ្យង​- រែក​ដើរ​លក់ រក​ប្រាក់ ចំណូល​យក​ទៅ​បង្គ្រប់​លើ​ការ​ចំណាយ​សម្រាប់​ដោះស្រាយ ជីវភាព​ប្រចាំ​ថ្ងៃ​ជំនួស​ការ​ចូល​ព្រៃ​ទៅ​រក​ផល​អនុ​ផល​ព្រៃឈើ ។

អ្នក​លក់ដូរ​នៅ​តាម​ទីប្រជុំជន​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង លោក​ផា​ន់ យុ​ត្ត អភិបាលស្រុក​បាន​ទទួលស្គាល់​ថា បន្លែ​ដែល​បងប្អូន​ជនជាតិភាគតិច​រែក​ដើរ​លក់​ប្រជាពលរដ្ឋ​យើង​និយម​ទិញ​យក​ទៅ​បរិភោគ​ច្រើន ព្រោះ​វា​ជា​បន្លែ​ធម្មជាតិ​ដែល​ពួក​គាត់​ដាំ​ដុះ​ទៅ​តាម​លក្ខណ​គ្រួសារ ។

លោក​បន្ត​ថា អាជ្ញាធរ​រីករាយ​សប្បាយចិត្ត​បានឃើញ​ពួក​គាត់​ចេះ​លក់ដូរ​រក​ប្រាក់​ដោះស្រាយ​ជីវភាព ហើយ​ក្នុង​នាម​អាជ្ញាធរ លោក និង​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​កសិកម្ម រក​ដៃគូរ​ដូច​អង្ក​ការ​អភិវឌ្ឍ​ផ្នែក​កសិកម្ម​មក​ជួយ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ដាំ​ដុះ​បន្លែបង្ការ ដើម្បី​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ជំនាញ​ដាំ​ដុះ​បាន​ល្អ និង​ឱ្យ​ទទួល​បាន​ផល​ច្រើន ។

ស្រី្ត​ឈ្មោះ ខេន យ៉ា​ន រស់នៅ​ភូមិ​ទាក់ទាម ឃុំ​សន្តិភាព បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០២០​នេះ បងប្អូន​ជនជាតិភាគតិច​ច្រើន​គ្នា​បាន​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ផល​អនុ​ផល​ព្រៃឈើ ហើយ​ងាក​មក​ប្រកប​របរ​ដាំ​បន្លែបង្ការ​លក់​វិញ ។ ស្រី្ត​រូប​នេះ​បន្ថែម​ទៀត​ថា​មុខ របរ​ដាក់​អង្រែ​កលើ​ស្មា​ដើរ​លក់ដូរ​បងប្អូន​ជនជាតិ​គាត់​ពុំ​សូវ​មាន​ជំនាញ​ទេ ដូចនេះ សូម​អំពាវនាវ​ឲ្យ​អតិថិជន​ជួយ​គាំទ្រ ទិញ​ដូរ​បន្លែ​របស់​ពួក​គាត់​ផង ដើម្បី​ឲ្យ​បងប្អូន​ជនជាតិ​មាន​ទឹកចិត្ត​ក្នុង​ការ​ដាំ​បន្លែ ហើយ​បាន​រួម​គ្នា​ការពារ​ធនធានធម្មជាតិ និង​ព្រៃឈើ​សហគមន៍​ឲ្យ​បាន​នៅ​គង់វង្ស​ផង​ដែរ ។

ស្រី្ត ណែ​ង ឡៃ ជនជាតិ ខិ រស់នៅ​ភូមិ​ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង​ដើរ​លក់​បន្លែ​នេះ​ដែរ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​បងប្អូន​ជនជាតិ​ភាគច្រើន បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ប្រឹងប្រែង​ដាំ​ដំណាំ​រួម​ផ្សំ និង​បន្លែបង្ការ ដើម្បី​ចង់​ផ្លាស់​ប្តូរ​មុខរបរ​ចាកចេញ​ពី​ការ​ចូល​ព្រៃ​បរបាញ់​សត្វ បេះ​ផ្លែ​ឈ ឬ​កាប់​ព្រៃឈើ​ជាដើម ។

ស្រី្ត​ជនជាតិ ភាគតិច​ដដែល​បន្ត​ថា ទោះបីជា​ការ​ខិតខំ​ព្យាយាម​កែប្រែ​មុខរបរ​នេះ​យ៉ាងណា​ក៏​ដោយ​ក៏​បងប្អូន​មួយ​ចំនួន​នៅ​មិន​ទាន់​បោះបង់​ចោល​ទាំងស្រុង​បាន​ដែរ​ដូច​ជា ដើរ​រក​ឃ្មុំ​-​ក្តាម​-​ខ្យង​-​កង្កែប​-​ហ៊ីង -​ចង្រិត​-​យក​មក​បរិភោគ និង​នៅ​សេសសល់​យក​មក​លក់ ។

ស្រី្ត​ជនជាតិ​រូប​នេះ​អះអាង​ថា ការ​រែក​ទូល​ដើរ​លក់​ភោគផល​ឆ្នាំ​នេះ ស្រួល​ជាង​ឆ្នាំ​មុន​ៗ ព្រោះ​បាន​ផ្លូវ​រឹង​ល្អ ស្រួល​ធ្វើ​ដំណើរ​ជាង​កាលពី (​ឆ្នាំ​២០១៨ និង​១៩) ដោយសារ​កាលនោះ​ផ្លូវ​ខែវស្សា​ភក់​ដើរ​មិន​រួច ។

សូម​បញ្ជាក់​ថា បងប្អូន​ជនជាតិ​ដើម​ភាគតិច​នៅ​ស្រុក​សៀម​ប៉ា​ង មាន​គ្រឹ​ង​-​កា​វែ​ត​-​ខិ​-​បច្ចុប្បន្ន​បាន​ផ្លាស់​ប្តូរ​ទំលាប់​ច្រើន​ចេះ​លក់ដូរ​ផលិតផល​ដែល​ជា​មុខរបរ​បន្ទាប់បន្សំ ដើម្បី​រក​ប្រាក់​ចំណូល​បង្គ្រប់​បន្ថែម​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ក្រៅពី​ការ​ធ្វើស្រែ​ចំការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ