ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ម្តេច​ដែល​ហៅ​ថា ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល?

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ធ្លាក់ឈាម​ក្រោយ​សម្រាលកូន​គឺជា​ការ​ធ្លាក់ឈាម​ដែល​មាន​បរិមាណ​ឈាម​បាត់បង់​លើស​ពី​ចំនួន​៥០០​មី​ល្លី​លី​ត្រ ចំពោះ​ស្ត្រី​ដែល​សម្រាលកូន​តាម​ទ្វារមាស និង​លើស​ពី​១០០០​មី​ល្លី​លី​ត្រ​ចំពោះ​ស្ត្រី​ដែល​សម្រាលកូន​ដោយ​វះកាត់ ។ គេ​បែងចែក​ការ​ហូរ​ឈាម​ក្រោយ​សម្រាល​ជា​២​ផ្នែក​ធំ​ៗ

១-​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល​ភ្លាម​ៗ​ដែល​គេ​គិត​ក្នុង​រយៈពេល​២៤​ម៉ោ​ង
២-​គឺ​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល​អូស​បន្លាយ​គេ​គិត​ចាប់ពី​២៤​ម៉ោង​ឡើង​ទៅ​រហូត​ដល់​៦​ស​ប្តា​ហ៍​ក្រោយ​ការ​សម្រាលកូន ។

ជុំវិញ​នៃ​ការ​ធ្លាក់ឈាម​គេ​សង្កេត​ឃើញ​មូលហេតុ​មាន​៤​ដែល​បណ្តាល​ឲ្យ​មានការ​ធ្លាក់ឈាម​ក្រោយ​សម្រាល​ភ្លាម​ៗ
១-​ស្ត្រី​ស្បូន​ខ្សោយ​មាន​ន័យ​ថា​ស្បូន​មិន​កន្ត្រាក់​ឡើង​វិញ​ក្រោយ​ពី​ទារក​ចេញពី​មាត់ស្បូន​គេ​សង្កេត​ឃើញ​មាន​ប្រហែលជា​៧០​ភាគរយ
២-​ការ​ដាច់​រហែក​នៅ​តំបន់​ទ្វារមាស  តំបន់​មាត់ស្បូន ឬ​ក៏​តំបន់​ប៉េ​រី​ណេ ដែល​គេ​សង្កេត​ឃើញ​ប្រហែល​២០​ភាគរយ
៣-​គឺ​មូលហេតុ​បណ្តាល​មក​ពី​ការ​សល់​សុក ការ​សល់​កម្ទេច​សុក​នៅ​ក្នុង​ស្បូន​ដែល​គេ​សង្កេត​ឃើញ​មាន​ប្រហែល​១០​ភាគរយ

៤-​មូលហេតុ​ចុង​ក្រោយ​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​វិបត្តិ​ដំណក់ឈាម​ដែល​គេ​សង្កេត​ឃើញ​មាន​ប្រហែល​១​ភាគរយ ។ នេះ​ជា​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត ជួង សុខ​ណែ​ត គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី និង​សម្ភព​នៅ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​បាន​ឲ្យ​ដឹង ។ លោក​វេជ្ជបណ្ឌិត ជួង សុខ​ណែ​ត បាន​ប្រាប់​ទៀត​ថា ចំណែក​កត្តា​ប្រឈម​យើង​មាន​កត្តា​ប្រឈម​មួយ​ចំនួន​ដែល​គេ​មើលឃើញ​ថា ស្ត្រី​មានការ​ធ្លាក់ឈាម​ក្រោយ​សម្រាលកូន ករណី​ស្ត្រី​ដែល​មាន​ស្បូន​រីក​ធំ​ក្នុង​កំឡុង​មាន​ផ្ទៃពោះ ដូច​ករណី​មានកូន​ភ្លោះ ទឹកភ្លោះ​ច្រើន ករណី​កូន​រីក​ធំ និង​ករណី​ផ្សេង​ៗ​ទៀត​ដូច​ជា ស្ត្រី​ដែល​មានកូន​ច្រើន​ដង រំលូតកូន យក​កូន​ចេញ​ច្រើន​ដង ឬ​ក៏​មាន​ដុំ​សាច់​ក្នុង​ស្បូន ធ្វើ​ឲ្យ​ការ​កន្ត្រាក់​ស្បូន ក្រោយ​ពី​យក​កូន​ចេញ​ធ្វើ​ឲ្យ​វា​កន្ត្រាក់​មិន​បាន​ល្អ ។ នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​ដូច​ជា​ស្ត្រី​មាន​សភាព​ស្លេកស្លាំង​នៅ​ពេល​កំពុង​មាន​ផ្ទៃពោះ មាន​បញ្ហា​ធ្លាក់ឈាម​ពី​មុន ឬ​ក៏​មាន​ជំងឺ​បន្ថែម​ទៀត​ដូច​ជា​ជំងឺ​ព្រាយ​ក្រឡាភ្លើង​ជាដើម ហើយ​គេ​សង្កេត​ឃើញ​ឱសថ​មួយ​ចំនួន​ក្នុង​ការ​ប្រើប្រាស់​កំឡុង​ពេល​មាន​ផ្ទៃពោះ​ធ្វើ​ឲ្យ​ការ​កន្ត្រាក់​ស្បូន​មិន​បាន​ល្អ​ក្រោយ​ពេល​សម្រាល​ទារក​ចេញ​មក ។ វិធី​ការពារ​ឬ​បង្ការ គ្រូពេទ្យ​ត្រូវ​ផ្តល់​ដំបូន្មាន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ឲ្យ​ហូប​ថ្នាំ​ដែល​មាន​ជាតិ​ដែក​យា​៉​ង​តិច​បំផុត​៩០​គ្រាប់ ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ ។ ហើយ​ទូន្មាន​កុំ​ឲ្យ​ឡើង​ទម្ងន់​ខ្លាំង​ពេក កាលណា​ឡើង​ទម្ងន់​ខ្លាំង​ក៏​ជា​ឧបសគ្គ​មួយ​ធ្វើ​ឲ្យ​ស្បូន​ខ្សោយ​និង​ណែនាំ​ឱ្យទៅ​ពិនិត្យ​ផ្ទៃពោះ​យ៉ាង​តិច​៣​ដង​ទៅ​៥​ដង ដើម្បី​គ្រូពេទ្យ​ងាយស្រួល​ទប់ស្កាត់​នូវ​កត្តា​ប្រឈម​នានា ។

ចំណែក​វិធីសាស្ត្រ​ក្នុង​ការ​ព្យាបាល​ករណី​ធ្លាក់ឈាម​ក្រោយ​សម្រាល បញ្ហា​ខ្លះ​គ្រូពេទ្យ​ប្រើ​ថ្នាំ​ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់​ឡើង​វិញ  ដោយ​ជោគជ័យ​ធ្វើ​ឲ្យ​អ្នកជំងឺ​ចៀស​ផុត​ពី​ការ​កាត់​ស្បូន តែ​ករណី​យ​ខ្លះ​មិន​អាច​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដ​បាន​ជ័យ​ទេ ដូច្នេះ​អ្នកជំងឺ​ប្រឈម​នឹង​ការ​កាត់​ស្បូន​ចោល ឬ​អាច​ឈាន​ដល់​ដំណាក់កាល​បញ្ចូល​ឈាម ។

វេជ្ជបណ្ឌិត ជួង សុខ​ណែ​ត គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី​និង​សម្ភព​នៅ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​បាន​បញ្ជាក់​ថា ចំពោះ​ផលវិបាក​ពេល​ដែល​ស្ត្រី​មាន​បញ្ហា​ធ្លាក់ឈាម​គាត់​អាច​ប្រឈម​នឹង​វិបត្តិ​ដំណក់ឈាម ហើយ​យូ​ទៅ​អាច​ស្លាប់ ឬ​មួយ​គាត់​មិន​ស្លាប់​ទេ​តែ​ប្រឈម​នឹង​ការ​កាត់​ស្បូន​ពេល​នោះ អ្នក​ជ​ជំងឺ​នឹង​អាច​ជួប​វិបត្តិ​ការ​មានកូន​ទៅ​ថ្ងៃក្រោយ ។

នៅ​ចុងឆ្នាំ​២០១៤​ដល់​ដើមឆ្នាំ​២០១៥ មន្ទីរពេទ្យ​កាល់​មែ​៉​ត​បាន​ទទួល​ការ​សម្រាលកូន​ចំនួន​១០០២២​ករណី​ហើយ​បាន​ជួប​អ្នកជំងឺ​ដែល​ធ្លាក់ឈាម​៤០​ករណី ក្នុង​៤០​ករណី​នេះ មានការ​កាត់​ស្បូន​១៤​ករណី ចំណែក​ការ​ស្លាប់​វិញ ផ្នែក​សម្ភព​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មិន​ដែល​មាន​នោះ​ទេ ។ តាម​រយៈ​សារព័ត៌មាន​កោះសន្តិភាព វេជ្ជបណ្ឌិត ជួង សុខ​ណែ​ត បាន​អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ត្រូវ​តែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​និង​តាមដាន​សុខភាព​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ ។ បើសិនជា​ស្ត្រី​មាន​ផ្ទៃពោះ​មាន​សភាព​ស្លេកស្លាំង​ត្រូវ​រួសរាន់​មក​កាន់​មន្ទីរពេទ្យ​កាល់​មែ​៉​ត ព្រោះ​បច្ចុប្បន្ន​មន្ទីរពេទ្យ​កាល់​ម៉ែត​មាន​ឧបករណ៍​ទំនើប និង​ថ្នាំ​ព្យាបាល​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល​យ៉ាង​មាន​ប្រសិទ្ធភាព ៕