ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូជាសព​សម្តេច ជា ស៊ីម សម្តេច​តេ​ជោ​អួល​ដើម​.​ក​ពេល​អាន​វិយោគកថា​លាគ្នា​ជា​ចុង​ក្រោយ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម អតីត​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ត្រូវ​បាន​រំកិល​ដង្ហែ​ចេញពី​ភូមិ​គ្រឹះ​របស់​សម្តេច​មក​កាន់​ទី​ស្ថាន​មេរុ ដើម្បី​ប្រារព្ធ​ពិធី​បូជា​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៅ​មុខ​វត្ត​បទុម​វ​តី

រាជធានី​ភ្នំពេញ ៖ សព​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម អតីត​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ត្រូវ​បាន​រំកិល​ដង្ហែ​ចេញពី​ភូមិ​គ្រឹះ​របស់​សម្តេច​មក​កាន់​ទី​ស្ថាន​មេរុ ដើម្បី​ប្រារព្ធ​ពិធី​បូជា​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៅ​មុខ​វត្ត​បទុម​វ​តី ក្នុង​ខណ្ឌដូនពេញ ។ ការ​ប្រារព្ធ​ពិធី​បូជាសព​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា​ស៊ី​ម បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

នៅ​ក្នុង​ពិធី​នេះ​ដែរ មានការ​និមន្ត យាង និង​អញ្ជើញ​ចូលរួម​ពី​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី សម្តេចព្រះ​សង្ឃនាយក និង​ព្រះ​ថេរានុត្ថេរៈ​ជា​ច្រើន​អង្គ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​សម្តេច ព្រះ​អង្គ​ម្ចាស់ លោក​លោក​ជំទាវ លោក​ឧកញ៉ា លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា តំណាង​អង្គការ​ជាតិ​-​អន្តរជាតិ ពុទ្ធបរិស័ទ ជនរួមជាតិ និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ ។

នៅ​ក្នុង​វិយោគកថា ដែល​អាន​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ខ្លឹមសារ​ជា​អាទិ៍​ថា ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់​គ្នា មានទុក្ខ​ក្រៀមក្រំ ខ្សឹកខ្សួល អួលអាក់​ក្នុង​ចិត្ត​ឥត​ឧបមា ដែល​ទូលព្រះបង្គំ យើងខ្ញុំ​បាន​ដង្ហែ​ជូន​ដំណើរ​សព​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម ប្រធាន​ព្រឹទ្ធសភា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈអធិបតី​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​រណ​សិ​រ្យ​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា មក​កាន់​ទី​ស្ថាន​ប​ច្ឆា​មរណៈ​នា​ពេល​នេះ ជា​កិច្ច​លាគ្នា​ចុង​ក្រោយ​ស្រប​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង ។

វិយោគកថា​បន្ត​ថា មរណភាព​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម ជា​ការ​បាត់បង់​ឥស្សរជន​ជាន់ខ្ពស់ ជា​ថ្នាក់ដឹកនាំ​កំពូល​មួយ​រូប​របស់​ជាតិ ប្រជាជន និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មួយ​ជីវិត​របស់​សម្តេច​បាន​តស៊ូ​ដើម្បី​ឯករាជ្យ ពិសេស​បាន​ពុះពារ​រាល់​ឧបសគ្គ​ដើម្បី​សង្គ្រោះ​ជាតិ កសាង​សន្តិភាព ផ្សះផ្សា បង្រួបបង្រួម​ជាតិ ការពារ ស្តារ និង​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​រហូត​មក ។ មរណភាព​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ក៏​ជា​ការ​បាត់បង់​បិតា ជីតា ឪពុកធំ ឪពុកមា និង​កល្យាណមិត្ត ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ ដោយ​សេចក្តី​រន្ធត់​សោកស្តាយ​អាឡោះអាល័យ ក្រៀមក្រំ​រក​ទីបំផុត​គ្មាន​នោះ ទួល​ព្រះ​បង្គំ​ជា​ខ្ញុំ ខ្ញុំព្រះករុណា សូម​ព្រះ​រាជានុញ្ញាត និង​អនុញ្ញាត​ថ្វាយ​ប្រគេន និង​ជម្រាប​ជូន​ពី​ដំណើរ​ជីវិត​សង្ខេប​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម ដូច​តទៅ ៖

១-​អំពី​ស្ថានភាព​គ្រួសារ ៖ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម (​នាម​ដើម យិ​ន សយ​) កើត​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ឆ្នាំ​១៩៣២ ក្នុង​គ្រួសារ​កសិករ នៅ​ភូមិ​ពពេល ឃុំ​អម្ពិល ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ បិតា​ឈ្មោះ យិ​ន សៅ និង​មាតា​ឈ្មោះ ប៉ែន នៅ ។ សម្តេច​មាន​បងប្អូន​បង្កើត​៧​នាក់ ហើយ​ទាំងអស់​គ្នា​បាន​ទទួលអនិច្ចកម្ម​អស់ហើយ ។

តាំងពី​កុមារភាព​រហូត​មក​ដល់​ពេញវ័យ អាស្រ័យ​ដោយ​ការ​គោរព​ប្រពៃណី​ខ្មែរ និង​ដើម្បី​សម្តែង​កតញ្ញូតាធម៌ ចំពោះ​មាតាបិតា នៅ​ឆ្នាំ​១៩៤៥ ត្រូវ​បាន​លោកឪពុក អ្នក​ម្តាយ នាំ​បុត្រ​វ័យ​ជំទង់​ជាទី​ស្រ​ទ្បា​ញ់ ឱ្យ​ចូល​សាង​ផ្នួស​ជា​សាមណេរ​នៅ​វត្ត​អម្ពិល ឃុំ​អម្ពិល ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ តាំងពី​បាន​សំណាក់​នៅ​ក្នុង​វត្ត​ហើយ សាមណេរ យិ​ន សយ បាន​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ឧស្សាហ៍​ព្យាយាម​រៀន​ព្រះធម៌ ធម្ម​វិន័យ អក្សរសាស្ត្រ លេខនព្វន្ត ។​ល​។ ហើយ​មានការ​យល់​ដឹង និង​ចេះ​ចាំ​យ៉ាង​ជ្រាលជ្រៅ​នូវ​ក្បួនច្បាប់​ព្រះពុទ្ធ​សាសនា សមជា​ពហុស្សូត ក្នុង​ពុទ្ធ​សាសនមណ្ឌល​គ្រានោះ ព្រមទាំង​មានការ​គោរព​គ្រូបាធ្យាយ​ជា​និច្ច មិន​ថា​យប់​មិន​ថា​ថ្ងៃ រហូត​ដល់​បញ្ចប់​ការ​សិក្សា និង​ទទួល​បាន​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​នៅ​ឆ្នាំ​១៩៥២ ។

សម្តេច​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​យុវតី ញ៉ែ​ម សឿ​ន នៅ​ឆ្នាំ​១៩៥៥ ។ លោក​ជំទាវ ញ៉ែ​ម សឿ​ន ប្រសូត​នៅ​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​១៩៣៨ នៅ​ភូមិ​កន្លែង​ជ្រៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ហើយ​បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០០៩ ។ សម្តេច​និង​លោក​ជំទាវ ញ៉ែ​ម សឿ​ន មាន​បុត្រាបុត្រី​ចំនួន​៧​នាក់ ក្នុង​នោះ​ប្រុស​៤​នាក់ ស្រី​៣​នាក់ ។

២-​ប្រវត្តិ​នៃ​ការ​តស៊ូ​និង​បេសកកម្ម​បម្រើ សង្គ្រោះ និង​អភិវឌ្ឍ​ជាតិ​មាតុភូមិ ៖ តាំងពី​អាយុ​ពេញវ័យ​មក សម្តេច ជា សុ​ី​ម បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ​ដើម្បី​ឯករាជ្យ​មាតុភូមិ​កម្ពុជា ។ ក្នុង​បេសកកម្ម​ប្រវត្តិសាស្ត្រ​សង្គ្រោះ​ជាតិ និង​ក្នុង​ឋានៈ​តួនាទី​ជា​អនុប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា សម្តេច​បាន​រួម​ជាមួយ​សម្តេច ហេង សំ​រិ​ន សម្តេច ហ៊ុន សែន និង​ឥស្សរជន​មួយ​ចំនួន​ទៀត ដឹកនាំ​ការ​តស៊ូ​រំដោះជាតិ​និង​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត នៅ​ថ្ងៃ​ទី​៧ មក​រា ១៩៧៩ ។

ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ភ្លាម សម្តេច​បាន​រួម​ជាមួយ​ថ្នាក់ដឹកនាំ​និង​ប្រជាជន​កម្ពុជា ជ្រោង​ទង់​ស្តារ និង​កសាង​ប្រទេស​ជាតិ​ឡើង​វិញ ដើម្បី​បំបាត់​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ដែល​របប​ប្រល័យពូជសាសន៍​បាន​បន្សល់​ទុក និង​ខិតខំ​រាំង​ខ្ទប់​កុំឱ្យ​របប​ព្រៃផ្សៃ​នេះ​វិល​ត្រឡប់​មក​វិញ​បាន ។ នៅ​ពេល​នោះ សម្តេច​បាន​ទទួល​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ។

ចាប់ពី​ឆ្នាំ​១៩៨១​មក សម្តេច​បាន​ត្រូវ​ជ្រើសតាំង​ជា​ប្រធាន​រណសិរ្ស​សាមគ្គី​កសាង​មាតុភូមិ​កម្ពុជា ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ។ សម្តេច​បាន​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​សាលា​នយោបាយ​ជា​ច្រើន ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស ។

នា​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​១៩៩១ សម័យប្រជុំ​ពេញអង្គ​លើក​ទី​១៤ នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ជ្រើសតាំង​សម្តេច​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សម្តេច​បាន​ដឹកនាំ​គណបក្ស​ក្នុង​តំណែង​នេះ រហូត​ដល់​ជីវិត​ចុង​ក្រោយ​របស់​សម្តេច ។

សម្តេច​បាន​រួម​ជាមួយ​ថ្នាក់ដឹកនាំ​ទាំងអស់​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ជាតិ​រហូត​ឈាន​ដល់​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១ ស្តី​ពី​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា ។ តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​សាកល​ក្រោម​ការ​រៀបចំ​របស់​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNTAC) នា​ខែឧសភា ឆ្នាំ​១៩៩៣ សម្តេច​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ បន្ទាប់​មក​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្តេច​ត្រូវ​ជាប់​ឆ្នោត​ម្តងទៀត ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ នៅ​ពេល​បោះ​ឆ្នោតជាតិ​លើក​ទី​២ នា​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​១៩៩៨ ។ 

សម្តេច​ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ សព្វព្រះរាជហឫទ័យ​តែងតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី​១ នៅ​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​១៩៩៩ ។ តាម​រយៈ​ការ​បោះ​ឆ្នោត​អ​សកល​នា​ថ្ងៃ​ទី​២២ មក​រា ឆ្នាំ​២០០៦ សម្តេច​ត្រូវ​បាន​ជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ទី​១​ក្រុងភ្នំពេញ​បន្ទាប់​មក​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នីតិកាល​ទី​២ ។

នៅ​ថ្ងៃ​ទី​២៩ មេ​សា ឆ្នាំ​២០០៦ សម្តេច​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​គណៈអធិបតី​កិ​តិ្ត​យស​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាម​គ្គិ​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ។
តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣ នា​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០១២ សម្តេច​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​មណ្ឌល​ភូមិភាគ​ភ្នំពេញ​ម្តងទៀត និង​បន្ទាប់​មក ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នីតិកាល​ទី​៣ ។

៣-​អំពើ​គោរមងារ សញ្ញាបត្រ និង​គ្រឿង​ឥស្សរិយយស
-​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ សម្តេច​ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះ​រាជទាន​នូវ​គោរមងារ​ជា «​សម្តេច​» ។
-​នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​១៩៩៨ សម្តេច​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ​នៃ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ។
-​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០០៧ សម្តេច​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ផ្នែក​អភិវឌ្ឍន៍​សមា​ហ​រណសាស្ត្រ​ពី​សាកលវិទ្យាល័យ ឧ​ប៊ុ​ន​រ៉ាត​ថា​នី នៃ​ព្រះរាជាណាចក្រ​ថៃ ។
-​នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០០៧ សម្តេច​ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រទាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នៃ​កង​យោធពលខេមរភូមិន្ទ ។
-​នៅ​ថ្ងៃ​ទី​១៥ កក្កដា ២០១០ សម្តេច​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ផ្នែក​ស្រាវជ្រាវ​វិស័យ​កសិកម្ម​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វប្បធម៌​ពិភពលោក​នៃ​សាធារណរដ្ឋ​ប្រជា
មា​និ​ត​ចិន ។
-​នៅ​ថ្ងៃ​ទី​១៣ កញ្ញា ២០១០ សម្តេច​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ផ្នែក​ភាព​ជា​អ្នកដឹកនាំ​ជាន់ខ្ពស់​នៃ​កិច្ចការ​ព្រឹទ្ធសភា​ពី​សាកលវិទ្យាល័យ​ឌី​អូ​ផិ​ន​សឺ​មី​ណា​រី រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ។
-​នៅ​ថ្ងៃ​ទី​៣០ មីនា ២០១១ សម្តេច​ត្រូវ​បាន​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រទាន​គោរមងា​ជា «​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​» នៃ​រាជបណ្ឌិត្យសភាកម្ពុជា ។

សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម ធ្លាប់​បាន​ទទួល​គ្រឿង​ឥស្សរិយយស​សំខាន់​ៗ​ដូច​ខាងក្រោម ៖
-​មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍ នៅ​ថ្ងៃ​ទី​១៦ ធ្នូ ១៩៩២
-​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ នៅ​ថ្ងៃ​ទី​៣០ មេ​សា ២០០១
-​សុ​វត្ថា​រា ថ្នាក់​មហា​សេរី​វឌ្ឍន៍ នៅ​ថ្ងៃ​ទី​២៩ កញ្ញា ២០០១
-​ការពារ​ជាតិ មាស​២ ប្រាក់​២ សំរឹទ្ធិ​២ នៅ​ថ្ងៃ​ទី​១៥ តុលា ២០០១
-​សេនា​ជ័យ​សិទ្ធិ នៅ​ថ្ងៃ​ទី​១៥ តុលា ២០០១
-​ជា​តូប​ការ នៅ​ថ្ងៃ​ទី​៧ មីនា ២០០៣
-​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​ទី​៧ មីនា ២០០៣
-​គ្រឿង​ឥស្សរិយយស​មាស​ថ្នាក់ខ្ពស់​បំផុត​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០០៨
-​គ្រឿង​ឥស្សរិយយស​ខ្ពស់​បំផុត​សម្រាប់​ជនបរទេស​ពី​ព្រះ​ចៅ​អធិរាជ​ជ​បុ​៉​ន Grand Cordon of the Order of the Rising Sun នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៣ ។

សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម ជាទី​គោរព និង​ជាទី​អាឡោះអាល័យ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ រួម​ជាមួយ​បុត្រ​ធីតា បងប្អូន​សាច់ញាតិ​សាច់សាលោហិត​ទាំងប្រុស ទាំងស្រី បាន​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​ទក្ខិណានុប្បទាន ឧទ្ទិស​មគ្គផល​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​សម្តេច​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ ហើយ​ពេល​នេះ​ជានា​ទី​ចុង​ក្រោយ​ដែល​សម្តេច និង​យើងខ្ញុំ​ទាំងអស់​គ្នា ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី របស់​សម្តេច​ខាន​ជួប​មុខ​គ្នា​ជា​រៀង​រហូត ។

វិនិយោគ​កថា​បន្ត​ថា ប៉ុន្មាន​នាទី​ទៀត​នេះ​សព​សម្ដេច​នឹង​រលាយ​បាត់​សូន្យ​ពី​យើងខ្ញុំ​ទាំងអស់​គ្នា​ហើយ យើងខ្ញុំ​សូម​គោរព​អញ្ជើញ​វិញ្ញាណក្ខន្ធ​សម្ដេច​ទៅ​កាន់​សុគតិភព​ជាទី​បរមសុខ​ជា​រៀង​រហូត​តទៅ ។ ប៉ុន្តែ​អ្វី​ដែល​បន្សល់​ទុក​នៅ​ហើយ​មិន​រលត់​សូន្យ​បង់​តាម​រូប​កាយ​របស់​សម្ដេច​នោះ​គឺ​សេចក្ដី​ល្អ អំពើ​ជា​កុសល សេចក្ដី​ថ្លៃថ្នូរ សកម្មភាព​តស៊ូ អំណត់​ព្យាយាម ភាព​ម៉ឺងម៉ាត់​ក្នុង​ការងារ ភក្ដីភាព និង​ឧត្តមភាព ។ ស្នាដៃ​ដ៏​ធំធេង​របស់​សម្ដេច​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ចំពោះ​សង្គម​ជាតិ ចំពោះ​ព្រះពុទ្ធ​សាសនា និង​ចំពោះ​ប្រជាពលរដ្ឋ ។ គុណធម៌​ដ៏​ឧត្តុង្គឧត្តម​នេះ​នឹង​មិន​អាច​បាត់បង់​ឡើយ ហើយនឹង​ស្ថិត​នៅ​ជា​អមតៈ​អស់​កាល​ជា​ដរាប​តរៀង​ទៅ ។

យើងខ្ញុំ​ទាំងអស់​គ្នា សូម​ប្ដេជ្ញា​ថែរក្សា​និង​ពង្រឹង​នូវ​ឧត្តមគតិ​ជាតិ មនសិការ​ស្នេហា​ជាតិ វីរភាព​និង​បទ​ពិសោធន៍​របស់​សម្ដេច​ឱ្យ​ស្ថិតស្ថេរ​និង​រីក​ចម្រើន​ជា​និច្ច​និរន្តរ៍ ។
បន្ទាប់​មក សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​នាំ​ព្រះ​អគ្គី​ពី​សម្ដេច​អគ្គ​មហាសង្ឃរាជ​ទាំង​ពីរ​គណៈ​ដង្ហែ​មក​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ព្រះ​អង្គ​ថ្វាយ​ព្រះ​ភ្លើង​បូជាសព​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម  ៕