ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីក្រសួងមហាផ្ទៃម្នាក់ទៀត ឆ្លងកូវីដ១៩ ក្រោយពីបានទៅ​ហាង Zando

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ មន្ត្រីក្រសួងមហាផ្ទៃម្នាក់ទៀត ឈ្មោះ ជី ពេជ្រឆារ៉ា ត្រូវបានរក​ឃើញ​ឆ្លង​ជំងឺកូវីដ១៩ ក្រោយពីមន្ត្រីរូបនេះ បានទៅហាងលក់សម្លៀកបំពាក់ Zando ​នៅបឹង​កេងកង​​ ក្នុងរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ៖ មន្ត្រីក្រសួងមហាផ្ទៃម្នាក់ទៀត ឈ្មោះ ជី ពេជ្រឆារ៉ា ត្រូវបានរក​ឃើញ​ឆ្លង​ជំងឺកូវីដ១៩ ក្រោយពីមន្ត្រីរូបនេះ បានទៅហាងលក់សម្លៀកបំពាក់ Zando ​នៅបឹង​កេងកង​​ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ការឆ្លងនេះ ស្ថិតក្នុងព្រឹត្តិការណ៍សហគមន៍ថ្ងៃ២៨វិច្ឆិកា​។

មន្ត្រីក្រសួងមហាផ្ទៃ​រូបនេះ បានបន្តទៅធ្វើការនៅក្រសួងមហាផ្ទៃ រហូតដល់ថ្ងៃទី៣ ខែធ្នូ ទើបមានអាការៈមិនស្រួលខ្លួន ហើយបានធ្វើតេស្ត​ ក៏បានរកឃើញជំងឺកូវីដ១៩ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០​។ នេះបើតាមមន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បានប្រកាស​ដំណឹងនេះ ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៅយប់​ថ្ងៃអាទិត្យនេះ​។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក៏បានប្រកាសឲ្យថ្នាក់ដឹកនាំ​ និងមន្ត្រីក្រសួងមហាផ្ទៃ ទៅធ្វើតេស្តនៅក្រសួងមហាផ្ទៃ ដោយចាប់ផ្តើមនៅម៉ោង ៨ព្រឹក ថ្ងៃចន្ទ ទី៧ ខែធ្នូ​។​

សូមរម្លឹកថា ​នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែធ្នូនេះ ក្រសួងសុខាភិបាល បាន​ប្រកាស​អំពាវ​នាវ​ដល់​អតិថិជន​ទាំងឡាយណា ដែល​បាន​ចូលទៅ​ទិញ​សម្លៀកបំពាក់ នៅ​ហាង Zando សាខា​បឹង​កេងកង នៅ​អំឡុងពេល​ចាប់ពី​ម៉ោង ១៩:៣០​នាទី​យប់ ដល់ពេល​បិទ​ហាង នា​យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​មក​ធ្វើតេស្ត​ជាបន្ទាន់​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ( រាល់​ម៉ោង​ធ្វើការ ) ដើម្បី​ស្វែងរក​វីរុស​កូ​វីដ​១៩ និង​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ ឬ​នៅ​សណ្ឋាគារ ឬ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅតាម​ខេត្ត ឲ្យ​បាន​ឲ្យ​គ្រប់​ចំនួន ១៤​ថ្ងៃ និង​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន កុំ​ឲ្យ​ចម្លង​ទៅ​អ្នកដទៃ ឲ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត ហើយ​កុំ​ដើរចេញ​ក្រៅ​ផ្ទះ ឬ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងអំឡុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ឲ្យ​សោះ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​ម្នាក់ ទៅ​ម្នាក់ និង​កុំ​ឲ្យ​មានការ​រាតត្បាត​នៅក្នុង​សហគមន៍​។

ក្រសួងសុខាភិបាល ប្រកាសថា គិតពី​ថ្ងៃទី​២៩​វិច្ឆិកា មកដល់​ថ្ងៃទី​៥ ខែធ្នូ ក្រសួង​សុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា សរុប​ចំនួន ១០៧៧២​នាក់​។ ក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី យ៉ាងហោចណាស់ ៣០​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​៕ មុត ស្រីពៅ