ក្រសួង​បង្ហាញ​ពី​ប្រភពចម្លងកូ​វី​ដ​១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​បង្ហាញ​ពី​ប្រភពចម្លងកូ​វី​ដ​១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ដើម្បី​អស់​ច​ម្ង​ល់​ក្រសួងសុខាភិបាល​បាន​បន្ត​ស្វែងរក​ចំពោះ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា ដែល​ជា​លទ្ធផល​នៃ​ការ​ពិភាក្សា​ត្រូវ​បាន​បង្ហាញ​ថា បុគ្គល​២​នាក់ គឺ​ស្ត្រី​ឈ្មោះ ឆែម សុនី​តា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អស់​ច​ម្ង​ល់​ក្រសួងសុខាភិបាល​បាន​បន្ត​ស្វែងរក​ចំពោះ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា ដែល​ជា​លទ្ធផល​នៃ​ការ​ពិភាក្សា​ត្រូវ​បាន​បង្ហាញ​ថា បុគ្គល​២​នាក់ គឺ​ស្ត្រី​ឈ្មោះ ឆែម សុនី​តា អាយុ​៣០​ឆ្នាំ និង​បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ​៤២​ឆ្នាំ អាច​ឆ្លង​វីរុស​កូ​វី​ដ​-១៩ មុនគេ​នៃ​ការ​ចម្លង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ដែល​អាច​ជា​ករណី​នាំ​ចូល​មក​កម្ពុជា​ក្នុង​កំឡុង​ខែតុលា ឆ្នាំ​២០២០ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ការ​បន្ត​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ពាក់ព័ន្ធ​នឹង «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា​បាន​លើក​ឡើង​ថា ក្រោយ​ពី​ក្រសួង​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ស្រាវ​រក​ប្រភព​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» នា​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០ រួច​មក​ក្រុមការងារ​អន្តរក្រសួង​ទទួល​បន្ទុក​រុករក​ស្រាវជ្រាវ​រួម​គ្នា​ជាមួយនឹង​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល​បាន​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ នេះ​ជា​បន្ត​ទៀត ។

ក្រសួង​បន្ត​ថា តាម​ការ​ពិភាក្សា​ក្នុង​ក្រុមការងារ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ក្រុម​ស្រាវជ្រាវ​ចម្រុះ​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ជាមួយនឹង​អ្នក​ជំនាញការ​អង្គការ​សុខភាព​ពិភពលោក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២០ និង​ដោយ​យោង​តាម​ព័ត៌មាន​ទទួល​បាន​ពី​ការ​ធ្វើ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ករណី​ពាក់ព័ន្ធ​ការ​សិក្សា​អេ​ពី​ដេ​មី​សាស្ត្រ និង​ការ​សិក្សា​ផ្នែក​មន្ទីរពិសោធន៍​តាម​បែប​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​លើ​ប្រភេទ​វីរុស​កូ​វី​ដ​-១៩ ដែល អាច​ចម្លង​មក​ពី​ក្រៅប្រទេស និង​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់ ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ក្រុមការងារ​អាច​ទាញ​ការ​សន្និដ្ឋាន​ជា បន្ត​ទៀត ដោយ​ផ្អែក​លើ ៖

១. លំដាប់លំដោយ​នៃ​ការ​ចេញ​រោគ​សញ្ញា និង​ហេតុការណ៍​សកម្មភាព​ទំនាក់ទំនង​គ្នា​ក្នុង​សង្គម​។
២. ការ​វិវត្តន៍​នៃ​ចំនួន​មេរោគ​តាម​បែប​ភី​ស៊ី​អែរ (PCR Test)​។
៣. ទំនាក់ទំនង​ទទួល​បាន​ពី​ការ​វិភាគ​វត្ថុ​សំណាក់​អ្នកជំងឺ​បែប​បំបែក​បន្ត​ៗ​គ្នា (Sequencing Covid-19 virus sample) ។
៤. តាម​ការ​ពិចារណា​ដោយ​ហ្មត់ចត់​នៃ​អង្គ​បដិបក្ខ (Antibody) ដោយ​ពិនិត្យ​លើ​វត្ថុ​សំណាក​ឈាម​របស់​អ្នកជំងឺ ។

លទ្ធផល​នៃ​ការ​ពិភាក្សា​ត្រូវ​បាន​បង្ហាញ​ជូន​ដូច​តទៅ ៖ បុគ្គល​២​នាក់ គឺ​ស្ត្រី​ឈ្មោះ ឆែម សុនី​តា អាយុ​៣០​ឆ្នាំ និង​បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ​៤២​ឆ្នាំ អាច​ឆ្លង​វីរុស​កូ​វី​ដ​-១៩ មុនគេ និង​ជា​ករណី​ជា​សះស្បើយ​ក្រោយ​ការ​បង្ក​រោគ និង​ដែល​អាច​ជា​ប្រភព​ទី​១ នៃ​ការ​ចម្លង​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ពី​ករណី​នាំ​ចូល​មក​កម្ពុជា​ក្នុង​កំឡុង​ខែតុលា ឆ្នាំ​២០២០ ។

បុគ្គល ០៧​នាក់ (​ស្ត្រី​ឈ្មោះ ហេង គង់ អាយុ ៥៦​ឆ្នាំ បុរស​ឈ្មោះ ឆែម សា​វុ​ធ អាយុ ៥៧​ឆ្នាំ កុមា​រា​ឈ្មោះ កែវ រតនៈ​បញ្ញា អាយុ ១២​ឆ្នាំ ស្ត្រី​ឈ្មោះ លឹ​ម លម្អ អាយុ​២៤​ឆ្នាំ ស្ត្រី​ឈ្មោះ អ៊ី​វ ប៊ុ​ន​សូលី​ដា អាយុ ៣៦​ឆ្នាំ បុរស​ឈ្មោះ អែម សាន អាយុ ៣៦​ឆ្នាំ និង​បុរស​ឈ្មោះ សេង ឆាយា អាយុ ៣០​ឆ្នាំ​) កំពុង​មាន​ជំងឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​កណ្តាល ឆ្ពោះទៅ​រក​ការ​ជា​សះស្បើយ ។

បុគ្គល​០៤​នាក់ (​ស្ត្រី​ឈ្មោះ ឆែម សុភាព អាយុ ៣៦​ឆ្នាំ ស្ត្រី​ឈ្មោះ អ៊ុំ សុ​វ​ណ្ណា​រ៉ា អាយុ ៦៨​ឆ្នាំ ស្ត្រី​ឈ្មោះ សេង​លី​ន អាយុ ២១​ឆ្នាំ និង​បុរស​ឈ្មោះ ឡាយ សេង​លី អាយុ ២៣​ឆ្នាំ​) កំពុង​មាន​ជំងឺ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ឆ្លង​រោគ ។ បុគ្គល ០៤​នាក់ (​បុរស​ឈ្មោះ លឹ​ម ស្អែ​គំនិត អាយុ ៣១​ឆ្នាំ បុរស​ឈ្មោះ អេ​ង ហាក់​សេង អាយុ ៣២​ឆ្នាំ ស្ដី​ឈ្មោះ អេ​ង គឹ​ម​លៀក អាយុ ៥៦​ឆ្នាំ និង​បុរស​ឈ្មោះ ស៊ឹ​ម សុ​ផា​ន់​ណា​រ៉ាត់ អាយុ ៣៩ ឆ្នាំ​) អាច​មិន​ឆ្លង ឬ​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មេរោគ​សម្ងំ​នៅឡើយ (Incubation period) ដោយ​រក​មិនឃើញ​អង្គ​បដិបក្ខ (Antibody) និង​មិន​ទាន់​ឃើញ​មាន​វីរុស​កូ​វី​ដ​-១៩ (​ដែល​ត្រូវ​រង​ចាំ​ពិនិត្យ​តេស្ត​លើក​ទី​ពីរ​ទៀត ។

ការ​រៀបរាប់​ខាងលើ គឺជា​សម្មតិកម្ម ដែល​ក្រុមការងារ​ទទួល​បាន​ពី​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​ទី ០៥ ខែធ្នូ ឆ្នាំ​២០២០ ដែល​បាន​បង្ហាញ​ថា មាន​បុគ្គល ២​នាក់ (​គឺ​ស្ត្រី​ឈ្មោះ ឆែម សូ​នី​តា អាយុ ៣០​ឆ្នាំ និង​បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ​) ជាក​រណ៍​ឆ្លង​ដំបូង​គេ​នៃ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ដែល​ពួក​គាត់​អាច​ឆ្លង​បន្ត​ពី​ករណី​នាំ​ចូល​វីរុស កូ​វី​ដ​-១៩ ពី​ក្រៅប្រទេស ។

ក្រសួង​បន្ត​ថា វិធានការ និង​ទិស​ដៅ​បន្ទាប់ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ សូម​បុគ្គល​ទាំងអស់​ដែល​នៅ​តាម​រាជធានី -​ខេត្ត ដឹងខ្លួន​ថា ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុគ្គល​ទាំង​០២​នាក់​ខាងលើ​នេះ គឺ​ស្ត្រី​ឈ្មោះ ឆែម សូ​នី​តា អាយុ ៣០​ឆ្នាំ នឹង បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ​) ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី ១៧ ខែ វិច្ឆិកា ឆ្នាំ​២០២០ ទោះជា​មិន​មាន​រោគ​សញ្ញា​ក៏​ដោយ ត្រូវ​មក​ធ្វើតេស្ត​ដោយ​យក​វត្ថុ​សំណាក និង​ពិនិត្យ​ឈាម នៅ​តាម​មន្ទីរពេទ្យ​ខេត្ត​ដែល​លោក​អ្នក​ស្នាក់​នៅ ។ បើ​នៅ​រាជធានី​ភ្នំពេញ សូម​អញ្ជើញលោក​អ្នក ទៅ​ធ្វើតេស្ត​ដោយ​យក​វត្ថុ​សំណាក​នៅ វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ រាជធានី​ភ្នំពេញ រាល់​ម៉ោង​ធ្វើការ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល តាម​ការ​អំពាវនាវ​របស់ រាជរដ្ឋាភិបាល​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ដែល​បាន​ណែនាំ​រួច​ហើយ ឲ្យ​បាន​ហ្មត់ចត់​ជាទី​បំផុត​។ ក្រុមការងារ​ចម្រុះ នឹង​បន្ត​ការ​ស្រាវជ្រាវ​រក​ជា​ប្រភព​ចម្លង និង​ការ​ពាក់ព័ន្ធ​ទៅ​នឹង ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ជា​បន្ត​ទៀត​៕