​ក្រុមការងារទេសចរណ៍ ចូលរួម​កិច្ចប្រជុំមហាអនុតំបន់មេគង្គ លើកទី៤៦ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ក្រុមការងារទេសចរណ៍ ចូលរួម​កិច្ចប្រជុំមហាអនុតំបន់មេគង្គ លើកទី៤៦

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ៖ ​លោក ថោង រដ្ឋសក្តិ អគ្គនាយក អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ របស់​ក្រសួងទេសចរណ៍ បាន​ដឹកនាំក្រុមការងារ​ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំក្រុមការងារមហាអនុតំបន់មេគង្គ…

រាជធានីភ្នំពេញ៖ ​លោក ថោង រដ្ឋសក្តិ អគ្គនាយក អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ របស់​ក្រសួងទេសចរណ៍ បាន​ដឹកនាំក្រុមការងារ​ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំក្រុមការងារមហាអនុតំបន់មេគង្គ លើកទី៤៦ (46th GMS TWG) តាមរយៈវីដេអូខ័នហ្វ័ររេន។

កិច្ចប្រជុំនេះ គឺ​ប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះ ព្រមទាំងមានការចូលរួមពីប្រទេស​ជាសមាជិកមហាអនុតំបន់មេគង្គ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអ្នកជំនាញការ សរុបចំនួនប្រមាណជាង ៣០រូប។

ក្រសួងទេសចរណ៍ប្រកាសថា កិច្ចប្រជុំក្រុមការងារទេសចរណ៍​មហា​អនុតំបន់មេគង្គលើកទី៤៦ ទទួលបាននូវលទ្ធផល ដូចខាងក្រោម៖

១. តំណាងប្រទស ជាសមាជិកមហាអនុតំបន់មេគង្គ បានបង្ហាញពីស្ថានភាព​ទេសចរណ៍បច្ចុប្បន្ន ក្នុងបរិបទកូវីដ-១៩ និងកិច្ចពិភាក្សាទៅលើផែនការយុទ្ធសាស្រ្​តនានា ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ក្នុងនោះកម្ពុជា ក៏បានលើកឡើងអំពីគោលការណ៍ណែនាំ ស្តីពី អនាម័យ និងវិធានសុវត្ថិភាពនានា ដែលក្រសួងទេសចរណ៍ សហការជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីក​រាល​នៃជម្ងឺឆ្លងកូវីដ-១៩ នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងគោលដៅ​ទាក់ទាញទេសចរណ៍នានាក្នុងប្រទេសកម្ពុជា រួមជាមួយនឹងផែនទីចង្អុលផ្លូវ ដើម្បីស្តារ​វិស័យទេសចរណ៍ឡើងវិញ ២០២០-២០២៥។

២. បានពិភាក្សាអំពីការជំរុញការផ្សព្វផ្សាយទេសចរណ៍មេគង្គ រវាងបណ្តាប្រទេសជា​សមាជិកមហាអនុតំបន់មេគង្គ តាមរយៈ Experience Mekong Collection និង Mekong Heroes លើគេហទំព័រ www.mekongtourism.org របស់ការិយាល័យ​សម្របសម្រួលទេសចរណ៍មេគង្គ (MTCO) និងការផ្តួចផ្តើមកម្មវិធីពាក់ព័ន្ធនឹង​ការស្តារវិស័យទេសចរណ៍ឡើងវិញ (Restart Tourism) ដោយមានការចូលរួម​វិស័យសាធារណៈ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍នានា នៃក្រុមប្រឹក្សាទេសចរណ៍​មេគង្គ (MeTAG)។

៣. តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងពីគាំទ្រដល់វិស័យទេសចរណ៍​នៃមហាអនុតំបន់មេគង្គ និងគំនិតផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងផែនការយុទ្ធសាស្រ្តទេសចរណ៍ យុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម (Social Media Campaign) ដើម្បីគាំទ្រដល់ការស្តារវិស័យទេសចរណ៍ក្នុងមហាអនុតំបន់មេគង្គ ព្រមទាំងការ ពិនិត្យលើលទ្ធផលការងារ នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងតំបន់ GMS រវាងប្រទេសកម្ពុជា និងប្រទេសឡាវ ដែលទទួលបានគម្រោងពីធនាគារអភិវឌ្ឍន៍អាស៊ី។

៤. បានពិភាក្សាលើបទបង្ហាញរបស់លោក Harry Hwang នាយកប្រចាំអាស៊ី​ប៉ាស៊ីហ្វិចនៃ UNWTO ស្តីពី ការចូលរួមចំណែកចំពោះការបណ្តុះបណ្តាល​ធនធានមនុស្សក្នុងវ័យទេសចរណ៍ នៃប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ការអភិវឌ្ឍន៍ជនបទ និងវិស័យទេសចរណ៍ និងការរៀបចំគោលការណ៍ណែនាំ ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ ។

៥. បានពិភាក្សាលើសំណើសុំផ្លាស់ប្តូរឈ្មោះ Mekong (M) ទៅ Lanchang (L) ពីភាគីចិន រវាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ដូច្នេះ MTCO (Mekong Tourism Coordinating Office) នឹងត្រូវប្តូរទៅជា LMTO (Mekong Lanchang Tourism Office) ក្នុងកិច្ចពិភាក្សានេះ ប្រទេសជាសមាជិកទាំងអស់បន្តរង់ចាំ​ពិភាក្សាបន្ថែម ទៀតក្នុងកិច្ចប្រជុំក្រុមការងារមហាអនុតំបន់មេគង្គលើកទី៤៧ នៅប្រទេសវៀតណាម ឆ្នាំ២០២១៕ សុខ សារ៉ាយ