ខេត្តព្រះវិហារ ៖កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានបន្តការងារគម្រោងអភិរក្ស និងជួសជុលជណ្ដើរខាងជើងនៃប្រាសាទព្រះវិហារ ។ ការជួសជុលនេះដើម្បីធ្វើឲ្យប្រសើរឡើងទាំងគុណភាព និងសោភ័ណភាព ។
លទ្ធផលនៃការខិតខំជួសជុលជណ្ដើរខាងជើងនៃប្រាសាទព្រះវិហាររបស់អ្នកជំនាញនាពេលកន្លងមករហូតដល់ពេលបច្ចុប្បន្ននេះ ដូចជា៖

-ការរៀបចំដំឡើងរន្ទាដែក ដើម្បីធ្វើរោងលើជណ្ដើរត្រង់ Section ទី៤ បានរួចរាល់ទាំងសងខាង។
-ធ្វើកំណាយបុរាណវិទ្យា ដើម្បីសិក្សាពីគ្រឹះថ្មនៅជិតបង្កាន់ដៃនាគឱ្យដឹងពីស្ថានភាពថ្មនៅខាងក្រោមនិងភ្ជាប់ជាមួយប្រព័ន្ធផ្លូវទឹក ដើម្បីរំដោះទឹកកុំឱ្យហូរកាត់ស្ពានហាលបានរួចរាល់ ។
-កាប់ដី និងយកថ្មចេញចំនួន៤ដុំពីកន្លែងស្ដាប្រព័ន្ធផ្លូវទឹកបានរួចរាល់ ។
-សាងសង់ការដ្ឋានសម្រាប់ដាប់ថ្មបានរួចរាល់ ។

ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០គុណនឹង៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោតខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ មានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំក្សាន្ត ។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ ។

ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា «សេការីស្វារៈ» មានន័យថា «អំណាចនៃភ្នំ» ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុង គ.ស៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១ (សាងសង់ក្នុងគ.ស១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស១០៨០-១១០៩) ។

ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិ ក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ។
ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨៖ អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា ។

តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនបានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេនោះមានកម្ពស់៦២៥ម៉ែត្រ(ឯកសារបារាំង)ឬ៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។

ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ៥៨៣ ៖ អ្នកដែលសរសេរសិលាចារឹកនោះ ឈ្មោះហរិវាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជិន្ទ្រវរ័ន្ម គ្រឹស្តសករាជ ៩៤៤ដល់៩៦៨ ។ គេសរសេរជាភាសាសំស្ក្រឹតនិងជាភាសាខ្មែរ ។ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្ទ្រាយុទ្ធ លោកបានយកលិង្គមួយឈ្មោះស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះគឺប្រាសាទព្រះវិហារនេះឯង។ គេសរសេរថា ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ៕

ចែករំលែកព័តមាននេះ