ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តចំនួន៣គ្រឿងបានបុកបន្តកន្ទុយគ្នាយ៉ាងណាទំហឹង បណ្តាលឱ្យមនុស្សរបួសធ្ងន់-ស្រាលរហូតដល់ទៅ៣នាក់ នៅស្រុកសូទ្រនិគម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
បើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក ចាន់ ចំណាន អធិការនគរបាលស្រុកសូទ្រនិគមបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែធ្នូនេះថា នៅស្រុកសូទ្រនិគម មានករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយសាររថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល ២ C.7374 បើកបរដោយឈ្មោះ សន ដា ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិលេខ០៤ សង្កាត់ស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ទិសដៅពីកើតមកលិច ក្នុងស្ថានភាពងងុយដេក ក៏បានរ៉េចង្កូតទៅបុករថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២ BH.9870 បើកដោយឈ្មោះ សឿន ស្រីមុំ ភេទស្រី អាយុ៤៤ឆ្នាំ ទីលំនៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីកើតទៅលិច។
លោកអធិការនគរបាលស្រុកសូទ្រនិគមបន្តថា បន្ទាប់រថយន្តកាមរីបាឡែនខាងលើ បានរុញថយក្រោយ ក៏ទៅបុកជាមួយនឹងរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ.២.AT.94.17 បើកបរដោយឈ្មោះ ហ៊ីន លឹម ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបើកបរស្របទិសគ្នា ជាមួយរថយន្តបាឡែន បណ្ដាលឱ្យមនុស្ស៣នាក់រងរបួស ក្នុងនោះធ្ងន់ម្នាក់ និងស្រាល២នាក់។
លោកបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់នេះមាន ៖ ទី១- ឈ្មោះ ម៉ែន សារុំ ភេទស្រី អាយុ៧០ឆ្នាំ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (របួសធ្ងន់។ ទី២- ឈ្មោះ ហង ស៊ូន ភេទប្រុសអាយុ៧៥ឆ្នាំ (របួសស្រាល) ត្រូវជាឪពុកម្តាយ ជាអ្នករួម ដំណើរជាមួយរថយន្តហាយឡែនឌ័រ និងទី៣-ឈ្មោះ សឿន ស្រីមុំ ភេទស្រី អាយុ៤៤ឆ្នាំ (របួសស្រាល) ជាអ្នកបើកបររថយន្តម៉ាកបាឡែន។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនផងដែរ។
បច្ចុប្បន្ន រថយន្តទាំង៣គ្រឿងខាងលើនេះ ត្រូវបានកម្លាំងនគរបាលជំនាញ អូសយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកសូទ្រនិគម ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕
ចែករំលែកព័តមាននេះ