ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​«​ហៅ​ព្រលឹង​» និង​ «​ជញ្ជាត់​ព្រលឹង​» តើ​ខុស​គ្នា ឬ​យ៉ាងណា ?

3 ឆ្នាំ មុន

កាលណា​ជំងឺ​ស្ថិត​ក្នុង​សភាព​ធ្ងន់​ដូច​ជា​សន្ធំ​មិនដឹង​ខ្លួន ភ្លេចភ្លាំង​ស្មារតី​ជាដើម​នោះ គេ​សន្មត​ថា ព្រលឹង​ភាគច្រើន​ទាំង​តូច​ទាំង​ធំ បាន​ដើរ​ចាក​ចេញពី​រូប​អ្នកជំងឺ​ទៅ​កម្សាន្ត​កាយ​នៅ​ឯ​ព្រៃ​ភ្នំ​ក្រំ​ថ្ម ។ ដើម្បី​ឱ្យ​ព្រលឹង​វិល​មក​ចូល​រូប​កាយ​អ្នកជំងឺ​វិញ​នោះ គេ​ត្រូវ​ចាត់ចែង​ធ្វើ​ពិធី​មួយ​ហៅ​ថា «​ពិធី​ហៅ​ព្រលឹង​» ។…

កាលណា​ជំងឺ​ស្ថិត​ក្នុង​សភាព​ធ្ងន់​ដូច​ជា​សន្ធំ​មិនដឹង​ខ្លួន ភ្លេចភ្លាំង​ស្មារតី​ជាដើម​នោះ គេ​សន្មត​ថា ព្រលឹង​ភាគច្រើន​ទាំង​តូច​ទាំង​ធំ បាន​ដើរ​ចាក​ចេញពី​រូប​អ្នកជំងឺ​ទៅ​កម្សាន្ត​កាយ​នៅ​ឯ​ព្រៃ​ភ្នំ​ក្រំ​ថ្ម ។ ដើម្បី​ឱ្យ​ព្រលឹង​វិល​មក​ចូល​រូប​កាយ​អ្នកជំងឺ​វិញ​នោះ គេ​ត្រូវ​ចាត់ចែង​ធ្វើ​ពិធី​មួយ​ហៅ​ថា «​ពិធី​ហៅ​ព្រលឹង​» ។ ពិធី​នេះ​មាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​ពិធី​ជញ្ជាត់ព្រលឹង​ដែរ ប៉ុន្តែ​ពិធី​ហៅ​ព្រលឹង​មាន​ទម្រង់​លំដាប់​តូច​ជាង​ពិធី​ជញ្ជាត់ព្រលឹង ។ ម្យា​៉​ង​ទៀត ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ពិធី​នេះ​ក៏​មាន​រយៈពេល​ខ្លី​ជាង​ដែរ ។

សៀវភៅ «​កម្រង​ឯកសារ​ស្តី​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​» ពណ៌នា​ថា ដូច​គ្នា​នឹង​ពិធី​ជញ្ជាត់​ព្រលឹង​ដែរ គេ​តែងតែ​ធ្វើ​ពិធី​ហៅ​ព្រលឹង​បន្ទាប់​ពី​លៀងអារក្ស​នៅ​លើ​ផ្ទះ និង​លៀង​ឱ្យ​ចំណី​នៅ​ឯ​ដី​រួច​ហើយ ។ ដូនស្នំ​តម្រូវ​ឱ្យ​អ្នក​ហៅ​ព្រលឹង​ទៅ​ធ្វើ​ពិធី​នេះ​នៅ​ជិត​អ្នកជំងឺ​។ ជាដំបូង​ប៉ីពក ចាប់​បន្លឺ​សំឡេង​ពីរោះ​គ្រលួច​គួរ​ឱ្យ​ស្រងេះស្រងោច​ក្រៃពេក ។

ភ្លាម​នោះ​អ្នក​ហៅ​ព្រលឹង​ដែល​ទ្រ​ផ្តិល​ដាក់​បាយព្រលឹង​នោះ​ស្រែកច្រៀង​អម​សំឡេង​តម្រូវ​ទៅ​តាម​សាច់ភ្លេង​ដែល​ថ្ងូរ​បង្អូស​យា​៉​ង​លន្លង់លន្លោច​នៃ​ប៉ី​ពក ។ គេ​ច្រៀង​រៀបរាប់​អន្ទង​ព្រលឹង​អ្នកជំងឺ (​ហៅ​ចំ​ឈ្មោះ​) ដែល​ដើរ​ចោល​រូប​ទៅ​ក្នុង​ព្រៃ​ភ្នំ​ក្រំ​ថ្ម​នោះ​ឱ្យ​វិល​ត្រឡប់​មក​ចូល​ក្នុង​រូបរាង​កាយ​រក្សា​ម៉ែ រក្សា​ឪ ប្តី ឬ​ប្រពន្ធ រក្សា​កូនចៅ កុំ​នៅ​ក្នុង​ព្រៃ​ខ្លាច​សត្វ​សាហាវ​ស៊ី​ក្រួស​ស៊ី​ថ្ម មក​នៅផ្ទះ​ធំ​ទ្រនំ​ខ្ពស់ ។

នៅ​ពេល​ដែល​អ្នក​ហៅ​ព្រលឹង​ច្រៀង​អំពាវនាវ​បក់បោយ​ហៅ​ព្រលឹង​នេះ ដូនស្នំ អ្នកភ្លេង ក៏​និយាយ​បន្ទរ បន្ថែម​ជួយ​ហៅ​ព្រលឹង​អ្នកជំងឺ​ផង​ដែរ តែ​ហៅ​ជា​ពាក្យ​សម្តី​សាមញ្ញ​ធម្មតា មិនមែន​ហៅ​ជា​ពាក្យ​ចម្រៀង​ទេ ។ គេ​ច្រៀង​ហៅ ដដែល​ៗ ឯ​ដូនស្នំ និង​អ្នកភ្លេង​ក៏​ចេះ​តែ​ជួយ​ស្រែកហៅ​បន្ថែម​ពីលើ​ចម្រៀង​នេះ​ជា​ច្រើន​លើក​អស់​រយៈពេល​បី​បទ ទើប​គេ​ឧបកិច្ច​យក​ស្លឹក​ឫស្សី ឬ​ស្លឹក​ឈើ​ជា​តំណាង​ព្រលឹង​យក​មក​ដោត​សៀត​នៅ​ក្បាល​ដំណេក​អ្នកជំងឺ ហើយ​គេ​ធ្វើ​ពិធី​យោល​បក់​ចិញ្ចៀនមាស ដោយ​មាន​ចងខ្សែ​ទាញ​សង្ខាង​។

គេ​គ្រវាស​ចិញ្ចៀន​ពីលើ​ផ្តិល​ទឹក ព្រមទាំង​ធ្វើ​ឱ្យ​ចិញ្ចៀន​ប៉ះ​ទឹក បន្តិច​ៗ ហើយ​យោល​មក​រក​អ្នកជំងឺ ។ គេ​គ្រវាស​បែប​នេះ ដោយ​រាប់​មួយ ពីរ បី រហូត​ដល់​ដប់​ប្រាំបួន ទើប​យក​មក​ចងក​ដៃ​អ្នកជំងឺ ដោយ​ពោល​ជា​ចុង​ក្រោយ​ថា «​ព្រលឹង​ទាំង​ប្រាំបួនដណ្តប់​អើយ​ចូល​មក​សព្វគ្រប់ ចូល​មក​នៅ​ក្នុង​រូប​កាយ (​ឈ្មោះ​អ្នកជំងឺ​) កុំ​នៅ​ក្នុង​ព្រៃ​ខ្លាច​សត្វ​សាហាវ ស៊ី​ក្រួស ស៊ី​ថ្ម មក​នៅផ្ទះ​ធំ​ទ្រនំ​ខ្ពស់​រក្សា​ម៉ែ​រក្សា​ឪ​…៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ