ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​សប្បាយ​រក​ខ្យង​លក់​ ​ទោះ​​ទី​​ផ្សារ​​​រាង​ធ្លាក់​ថ្លៃ​បន្តិចក៏ដោយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ អ្នក​ភូមិ​នានានៅ​ក្នុងស្រុក​បាណ​ន់ដែល​និយម​ដើរ​រើស​ខ្យង​លក់ មិន​ថា រដូវប្រាំង ឬ​រដូវវស្សា បាន​អះអាង​ថា ក្នុង​រយៈពេល​នេះ ​អ្នក​ភូមិ​បាន​ដើរ​រើស​ខ្យង​តាម​ស្រែ និងតាម​បឹង…

ខេត្តបាត់ដំបង​ ៖ អ្នក​ភូមិ​នានានៅ​ក្នុងស្រុក​បាណ​ន់ដែល​និយម​ដើរ​រើស​ខ្យង​លក់ មិន​ថា រដូវប្រាំង ឬ​រដូវវស្សា បាន​អះអាង​ថា ក្នុង​រយៈពេល​នេះ ​អ្នក​ភូមិ​បាន​ដើរ​រើស​ខ្យង​តាម​ស្រែ និងតាម​បឹង មួយ​ថ្ងៃ​ៗ​រកបាន​រាប់រយ​គីឡូក្រាម តែ​ទីផ្សារ​ខ្យង​ហាក់​ធ្លាក់​ថ្លៃ​បន្តិច ព្រោះ​មិនសូវ​មាន​ឈ្មួញ​ដើរ​រក​ទិញ​។

គេ​សង្កេត​ឃើញ​ប្រជា​កសិករ​ដែល​និយម​ដើរ​រើស​ខ្យង​លក់​ភាគច្រើន​នៅ​ក្នុង​ឃុំ​តា​គ្រាម និងឃុំ​ស្នឹង ស្រុក​បាណ​ន់​ ។ ជា​ពិសេស ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរតំបន់​អាង​កំពីង​ពួយ​តែ​ម្ដង​។ ប៉ុន្តែ​អ្នក​ភូមិ​បាន​អះអាង​ថា នៅ​ក្នុង​រដូវវស្សារ​បែប​នេះ នៅ​ក្នុង​អាង​កំពីង​ពួយ រក​ខ្យង​មិនសូវ​បាន​ទេ ព្រោះ​ទឹក​ជ្រៅ តែ​គេ​រកបាន​ច្រើន​នៅ​តាម​វាស​ស្រែ ឬ តាម​បឹង​តូច​ៗ​ដែល​មានទឹក​រាក់​។ រីឯ​ពេលវេលា ដែល​ចេញ​ដើរ​រក​ខ្យង​បាន​ច្រើន​បំផុត គឺនៅ​ពេល​យប់​ដោយ​ប្រើ​ភ្លើង​ពិល​ឆ្លុះ​។

អ្នក​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ដែល​និយម​ដើរ​រក​ខ្យង​នេះ​ច្រើន​ជាងគេបាន​និយាយ​ថា នេះ​ជា​រដូវ​ដែល​សំបូរ​ខ្យង​បំផុត ដែល​អ្នក​ភូមិ​ម្នាក់​ៗ​ដើរ​រើស​បាន​រាប់រយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ៗ តែ​តំលៃ​ធ្លាក់​ទាប​ជាង​ឆ្នាំ​មុន​ៗ​ ។ អ្នកស្រី រៀន អិត អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន នៅ​លើ​ទំនប់​អាង​កំពីងពួយ បាន​និយាយ​ថា កូន​ៗ​របស់​គាត់​ជា​អ្នក​ដើរ​រក​ខ្យង​នេះ​។ ក្នុង​មួយ​ថ្ងៃ​អាច​រកបាន​ប្រហែល​ជាង​១០០​គីឡូក្រាម ហើយ​ពេល​ស្ងោរ​រួច ឆ្កឹះ​យក​សាច់​បាន​ប្រហែល​ជាង​១០​គីឡូក្រាម​។ គាត់​បាន​ប្រាប់​ថា អ្នក​ភូមិ​តា​ង៉ែ​ន ភាគច្រើន​ដើរ​រក​ត្រី និង រើស​ខ្យង​លក់ ក្រៅពី​ធ្វើស្រែ​បន្តិច​ប​ន្ទូ​ច គ្រាន់​បាន​កំ​រ៉ៃ​ខ្លះ​ចិញ្ចឹម​ជីវភាព​គ្រួសារ​។

ដោយឡែក ​អ្នក​ភូមិ​ម្នាក់​ទៀតបាន​និយាយ​ថា គាត់​គ្មាន​អ្នក​ដើរ​រើស​ខ្យង​ទេ តែ​គាត់​បាន​ទិញ​បន្ត​ពី​ក្មេង​ៗ​នៅ​ក្នុងភូមិ​ដែល​រកបាន រួច​យក​មក​ស្ងោរ​ឆ្កឹះ​យក​សាច់​លក់​បន្ត​។ ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា គាត់​ទិញ​ខ្យង​ឆៅ​ទាំង​សំបក​ពី​ក្មេង​ៗ​ក្នុង​តំលៃ​៣៥,០០០​រៀល ក្នុង​១០០​គីឡូក្រាម រួច​យក​ទៅ​ស្ងោរ​ឆ្អិន​ឆ្កឹះ​បាន​សាច់​ប្រហែល​១០​គីឡូ​ប៉ុណ្ណោះ ហើយ​លក់​ឲ្យ​ឈ្មួញ​ក្នុង​១​គីឡូ​បាន​តំលៃ​៥៥,០០​រៀល (​ខ្យង​សាច់​)​។ ដូច្នេះ​ក្នុង​១០០​គីឡូ​ទាំង​សំបក គាត់​ចំណេញ​បាន​ចន្លោះ​ពី​១៥,០០០​រៀល​ទៅ​២០,០០០​រៀល​ដែរ​។

ដោយឡែក​ អ្នកជំនាញ​ដើរ​រើស​ខ្យង​ម្នាក់ គឺ​យុវជន ហ៊ុំ ជីវ៉ា​ត់ អាយុ​១៧​ឆ្នាំ ជា​អ្នក​ភូមិ​តា​ង៉ែ​ន ដែរ​បាន​ប្រាប់​កោះសន្តិភាព​ថា អ្នក​ដើរ​រក​ខ្យង​ភាគច្រើន គឺ​ចេញ​រក​នៅ​ពេល​យប់​ដោយ​ប្រើ​ភ្លើង​ពិល​ឆ្លុះ​។ ជីវ៉ា​ត់ បាន​ប្រាប់​ពី​មូលហេតុ​ដែល​គេ​និយម​ដើរ​រក​ខ្យង​នៅ​ពេល​យប់ យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​និង​បងប្រុស​ខ្ញុំ តែង​ចេញ​ដើរ​រក​ខ្យង​នៅ​ពេល​យប់ ព្រោះ​ពេល​ថ្ងៃ​រក​ខ្យង​មិនឃើញ​ទេវា​លិច​នៅ​បាត​ទឹក លុះ​ពេល​យប់​ខ្យង​វា​អណ្ដែត​ឡើង​តោង​ដើរ​ឈើ​ឬ​ដើម​ស្រូវ​»​។ យុវជន​រូប​នេះ​ បាន​បញ្ជាក់​ថា ខ្លួន​និង​បងប្រុស​តែង​ចេញ​រក​ខ្យង​នៅ​ម៉ោង​១២​យប់ រហូត​ទៀប​ភ្លឺ​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​អាច​រក​ខ្យង​បាន​ប្រហែល​ជាង​២០០​គីឡូក្រាម​។

ពេល​ព្រឹក​ព្រលឹម គេ​ឃើញ​អ្នក​ភូមិ​តា​ង៉ែ​ន ដែល​រស់នៅ​លើ​ទំនប់​អាង​កំពីងពួយ ស្ទើរ​គ្រប់​គ្រួសារ កំពុង​ស្ងោរ​ខ្យង និង ខ្លះ​ទៀត​កំពុង​នាំ​គ្នា​អង្គុយ​ឆ្កឹះ​ខ្យង ដែល​ជា​មុខរបរ​មួយ​អាច​រក​ចំណូល​បាន​គួរសម បើ​ទោះជា​ទីផ្សារ​ខ្យង​នេះ​មិន​ស្ថិតស្ថេរ​ក្ដី​។ បើ​តាម​អ្នក​ភូមិ​បាន​ប្រាប់​ថា ខ្យង​ដែល​អ្នក​ភូមិ​ដើរ​រើស​យក​មក​ស្ងោរ​លក់​នេះ គេ​និយម​ហៅ​«​ខ្យង​ជប៉ុន ឬ ខ្យង​ក្រហម​» ។

ពូជ​ខ្យង​នេះ ហាក់​កំពុង​កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​ទៅ​នេះ មិន​ថា នៅ​តាម​បឹង​ឬ​នៅ​តាម​ស្រែ​នោះ​ទេ​។ ហើយ​ពូជ​ន៏​ខ្យង​នេះ​ក៏​ជា​មុខសញ្ញា​បំផ្លាញ​ដំណាំ​កសិកម្ម​ដ៏​ខ្លាំងក្លា​ណាស់​ដែរ​។ ប៉ុន្តែ​ទើបតែ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ដែល​មាន​ឈ្មួញ​ចុះ​រក​ទិញ​ខ្យង​នេះ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ថៃ តែ​ឈ្មួញ​រក​ទិញ​តែ​ខ្យង​ឆ្អិន​ស្រាប់ ឆ្កឹះ​យក​តែ​សាច់​ប៉ុណ្ណោះ​។

កាលពី​ឆ្នាំ​ដំបូង​ដែល​ឈ្មួញ​ចាប់ផ្ដើម​ចុះ​ទិញ ខ្យង​នេះ​លក់​បាន​តំលៃ​ជាង​១០,០០០​រៀល ក្នុង​មួយ​គីឡូ ក្រាម (​ខ្យង​សាច់​) តែ​ក្រោយមក​ក៏​ធ្លាក់​ថ្លៃ​មក​នៅ​ក្រោម​១០,០០០​រៀល ហើយ​បន្ត​ធ្លាក់​ថ្លៃ​រហូត​មក​ដល់​ពេល​នេះ ត្រិ​ម​៥៥,០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូ​។ ពោល ខ្យង​នេះ​ចាប់ផ្ដើម​ធ្លាក់​ថ្លៃ តាំង​អំឡុង​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ រហូត​មក​។

អ្នក​រើស​ខ្យង​លក់ បាន​និយាយ​ថា សព្វ​ថ្ងៃនេះ​ខ្យង​សំបូរ​ណាស់ តែ​តំលៃ​ទាប ។ ម្យ៉ាង​ទៀត​ដោយ​សារ​មិនសូវ​មាន​ឈ្មួញ​ចុះ​ទិញ​ផង ហើយ​ខ្យង​ក៏​សំបូរ​ទៀត ទើប​ធ្វើ​ឲ្យ​តំលៃ​ខ្យង​ចុះ​ថោក​​បែប​នេះ តែ​គេ​រំពឹង​ថា វា​នឹង​ឡើងថ្លៃ​វិញ នៅ​ពេល​ខ្យង​ខ្សត់​ពី​បឹង​ឬ​អស់ពី​តាមស្រែ​៕

អត្ថបទសរសេរ ដោយ