ខេត្តមណ្ឌលគិរី ៖ មន្ត្រីរាជការខេត្តមណ្ឌលគិរីចំនួន៤១នាក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ដោយសារមន្ត្រីទាំងអស់បានចូលរួមក្នុងកិច្ចប្រជុំនៅសាលាខេត្ត ដែលមានសម្តេចក្រឡាហោម ស ខេង ជាគណៈអធិបតីកាលពីថ្ងៃទី២៧ វិច្ឆិកា ២០២០ ហើយអ្នកផ្សេងទៀតដែលតម្រូវឲ្យធ្វើចត្តាឡីស័ក។
មន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្រុមគ្រូពេទ្យជំនាញបានយកសំណាកពីអ្នកពាក់ព័ន្ធក្នុងកិច្ចប្រជុំនៅសាលាខេត្តកាលពីថ្ងៃទី២៧ ដោយក្នុងនោះសុទ្ធសឹងជាមន្ត្រីរាជការបម្រើការងារក្នុងខេត្តមណ្ឌលគិរី។
មន្ត្រីមន្ទីរសុខាភិបាលបានបញ្ជាក់ថា អ្នកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលគិរី គឺជាអ្នកប៉ះពាល់ប្រយោល ព្រោះថា ការប៉ះពាល់ជំងឺនេះមានពីរប្រភេទ ប៉ះពាល់ប្រយោល និងប៉ះពាល់ផ្ទាល់។ ដោយសារអ្នកនៅខេត្តមណ្ឌលគិរី ជាអ្នកប៉ះពាល់ប្រយោល ដូច្នេះការធ្វើតេស្តរបស់គ្រូពេទ្យជំនាញ បានសម្រេចយកសំណាកលើមនុស្សចំនួន៤១នាក់ ដែលក្នុងនោះមានស្ត្រី៩នាក់។
បន្ទាប់ពីយកសំណាកទៅពិនិត្យនៅរាជធានីភ្នំពេញ ពួកគាត់តម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ដោយដាក់ពួកគាត់ក្នុងបន្ទប់ដាច់ដោយឡែកមិនឲ្យចេញទៅណាឡើយ រហូតលទ្ធផលតេស្តចេញសិន។
តាមមន្ត្រីជំនាញសុខាភិបាលថា ជំងឺកូវីដ១៩ ជាប្រភេទជំងឺឆ្លងលឿន តែក៏មិនមែនយើងមិនអាចការពារបាននោះដែរ តែត្រូវរួមគ្នាអនុវត្តន៍តាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៖
១- បងប្អូនដែលសង្ស័យមានការប្រាស្រ័យ ឬប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ប្រញាប់ទាក់ទងសុខាភិបាល (១១៥) ដើម្បីពិនិត្យសុខភាព និងត្រូវអនុវត្តន៍កម្មវិធីចត្តាឡីស័ក។ បើនៅក្នុងផ្ទះត្រូវរក្សាគម្លាតពីគ្រួសារ ពាក់ម៉ាស់ជាប់ជាប្រចាំ ឧស្សាហ៍លាងសម្អាតដៃមុន និងក្រោយប៉ះពាល់សម្ភារៈនានាក្នុងផ្ទះ។
២- ត្រូវរស់នៅប្រកាន់គោលការណ៍អនាម័យ ឧស្សាហ៍លាងដៃជាមួយសាប៊ូ ជែល ឬអាល់កុលទាំងនៅក្នុងផ្ទះ និងពេលចេញចូលផ្ទៃ ឬមុន និងក្រោយប៉ះពាល់របស់របរទាំងឡាយ។
៣- កាត់បន្ថយការជួបជុំនៅខាងក្រៅ បើមិនមានភាពចាំបាច់។ បើចេញទៅក្រៅត្រូវពាក់ម៉ាស់ ដាក់ជែល និងអាល់កុលជាប់តាមខ្លួន ដើម្បីលាងសំអាតដៃពេលចាប់កាន់អ្វីមួយ។
៤- រក្សាគម្លាតសុវត្ថិភាព នៅឱ្យឆ្ងាយពីគ្នាយ៉ាងតិចបំផុត ១.៥ម៉ែត្រ ទៅ២ម៉ែត្រ។
៥- រដូវនេះ ត្រជាក់ធ្លាក់មកដល់ត្រូវប្រឹងប្រែងថែរក្សាសុខភាពកុំឱ្យកើតមានផ្តាសាយ។ ឧស្សាហ៍បរិភោគទឹកក្តៅ គួរចៀសវាងឱ្យបានកាន់តែខ្ពស់ការហូបទឹកត្រជាក់ ហើយលាយទឺកកក។
៦- ចែករំលែកព័ត៌មានដែលច្បាស់លាស់ត្រឹមត្រូវ ហាមចែករំលែកព័ត៌មាន ឬដំណឹងផ្សេងៗ ដែលមិនច្បាស់លាស់នាំដល់ការភ័យស្លន់ស្លោ ឬអាចអនុវត្តន៍វិធីខុសពីវិធានសុខាភិបាលជាដើម។
៧- អ្នកលក់ដូរទាំងឡាយ ទាំងសម្ភារសម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ និងរបស់របរប្រើប្រាស់ ព្រមទាំងអាហារហូបចុក សូមកុំឆ្លៀតឱកាសដំឡើងថ្លៃហួសហេតុ៕
ចែករំលែកព័តមាននេះ