ខេត្តកំពត ៖ អាងទំនប់ទឹកភ្នំដំរី ដែលអ្នកស្រុកថា ជាកន្លែងទេសចរណ៍នោះ កំពុងតែរងការដាក់បំផ្ទុះយកថ្មលក់តាមអំពើចិត្តទៅហើយ ។ អាងទំនប់ទឹកភ្នំដំរីនេះ សំបូរទៅដោយជួរភ្នំ ស្ថិតក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមអ្នកភូមិបាននិយាយគ្រប់មាត់ថា អាងទំនប់ទឹកមួយនេះ ជាប់នឹងជួរភ្នំ ហើយក៏អាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកាន់តំបន់មួយនេះដែរ ប៉ុន្តែគេបានមើលឃើញថា តំបន់ទេសចរណ៍ដែលសំបូរទៅដោយជួរភ្នំនេះ បច្ចុប្បន្នកំពុងរងការដាក់រំសេវបំផ្ទុះយកថ្មទៅលក់ឱ្យក្រុមឈ្មួញទៅវិញ។
បើតាមពលរដ្ឋម្នាក់ឈ្មោះ ស៊ឹម រ៉ា អាយុ36ឆ្នាំ រស់នៅភូមិព្រៃកែស ឃុំដំណាក់កន្ទួតខាងជើង បាននិយាយប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី27 ខែវិច្ឆិកានេះថា គាត់មិនហានដើរទៅរកលុយស្រុកគេឆ្ងាយនោះទេ ព្រោះតែខ្លាចជំងឺឆ្លងកូវីដ19 ហើយក៏ងាកមកជីកកកាយវាយថ្មលក់វិញ។
ពលរដ្ឋខាងលើបាននិយាយប្រាប់ឱ្យដឹងទាំងញើសហូរសស្រាក់នៅក្នុងរូងថ្មមួយនៅជិតទំនប់ទឹកថា គាត់ជីកកាយរកដុំថ្មនេះ គឺប្រើដោយកម្លាំងបាយទេ ព្រោះគាត់មិនមានលទ្ធភាពទិញគ្រឿងបំផ្ទុះឡើយ។
ហើយនៅព្រឹកថ្ងៃទី27 ខែវិច្ឆិកានោះដែរ អ្នកយកព័ត៌មានក៏បានសួរលោក ព្រំ អ៊ន មេឃុំដំណាក់កន្ទួតខាងជើងដែរ ពាក់ព័ន្ធនឹងរឿងដាក់រំសេវបំផ្ទុះយកថ្មនៅភ្នំជាប់នឹងមាត់ទឹកភ្នំដំរី ប៉ុន្តែលោកមេឃុំដំណាក់កន្ទួត មិនផ្តល់បទសម្ភាសន៍នោះទេ តែលោកបង្វែរឱ្យទៅសួរខាងរ៉ែទៅវិញ។
លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច ក៏លោកមិនបានផ្តល់បទសម្ភាសន៍ដែរ ដោយលោកថា ចាំជួបលោក អូន ខន អភិបាលស្រុកកំពង់ត្រាច ទៅ។
ចំណែកលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកកម្មក្រសួងធនធានទឹក និងឧតុនិយម ក៏បាននិយាយកាលពីពេលថ្មីៗនេះថា អាងទំនប់ទឹកភ្នំដំរីនេះ ជួសជុលដោយថវិកាជាតិក្នុងឆ្នាំ2019។
លោក ហៀង ម៉េង និយាយបន្តថា តំបន់អាងទឹកនេះ គឺនៅជាប់ជួរភ្នំ ហើយគេចាត់ទុកថា អាងទឹកមួយនេះជាកន្លែងទេសចរណ៍មួយផងដែរ ប៉ុន្តែបើយើងមិនជួយការពារទេ អាចរងការបំផ្លាញដោយសារការបំផ្ទុះរំសេវ យកថ្មលក់យ៉ាងកក្រើកដីទៅហើយ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ