ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​កូ​វី​ដ​ក៏​កូរ៉េ​នៅ​តែ​ទទួល​ពលករ​កម្ពុជា ខណៈ​ពលករ​កម្ពុជា​ជិត​៥ ម៉ឺន​នាក់​កំពុងធ្វើការ​នៅ​ទីនោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបី​ស្ថិត​ក្នុង​ដំណាក់កាល​ពិបាក​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ សាធារណរដ្ឋ​កូរ៉េ​នៅ​តែ​ព្រម​ទទួលយក​ពលករ​កម្ពុជា​ឱ្យធ្វើ​ការ​នៅ​ប្រទេស​ខ្លួន ។ ការ​បង្ហាញ​ទទួលយក​នេះ ដោយសារ​និយោជក​ពេញចិត្ត​នឹង​សមត្ថភាព ភាព​ស្មោះត្រង់​របស់​ពលករ​កម្ពុជា ខណៈ​ពេល​បច្ចុប្បន្ន​ពលករ​កម្ពុជា​ប្រមាណ​ជិត ៥០,០០០…

រាជធានី​ភ្នំពេញ ៖ ទោះបី​ស្ថិត​ក្នុង​ដំណាក់កាល​ពិបាក​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ សាធារណរដ្ឋ​កូរ៉េ​នៅ​តែ​ព្រម​ទទួលយក​ពលករ​កម្ពុជា​ឱ្យធ្វើ​ការ​នៅ​ប្រទេស​ខ្លួន ។ ការ​បង្ហាញ​ទទួលយក​នេះ ដោយសារ​និយោជក​ពេញចិត្ត​នឹង​សមត្ថភាព ភាព​ស្មោះត្រង់​របស់​ពលករ​កម្ពុជា ខណៈ​ពេល​បច្ចុប្បន្ន​ពលករ​កម្ពុជា​ប្រមាណ​ជិត ៥០,០០០ នាក់​កំពុង​បម្រើ​ការងារ​លើ​វិស័យ​នានា​នៅ​ប្រទេស​នេះ ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាមួយ​ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​ការងារ ។

ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បាន​លើក​ឡើង​ថា វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​កើត​ចេញពី​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង តាំងពី​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​នៅ​ឆ្នាំ​១៩៩៧​មក ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​អំពី​កិច្ច​សហប្រតិបត្តិការ​នា​ពេល​កន្លង​មករ​វាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ក្នុង​នោះ​បាន​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ ក្នុង​ឆ្នាំ​២០១៩ ឱ្យ​ឈាន​ដល់​ជាង ១,៥០០ លាន​ដុល្លារ​អា​មេ​រិ​ក ។

ទុន​វិនិយោគ​មក​ពី​ប្រទេស​កូរ៉េ​នៅ​កម្ពុជា​មាន​តម្លៃ​ជាង ៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ និង​បាន​ធ្វើ​ឲ្យ​កូរ៉េ​ក្លាយជា​ប្រទេស​ទី​២ ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ។ ឯកឧត្តម​បាន​បន្ត​ថា កម្ពុជា និង​កូរ៉េ​កំពុង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា​ដាក់​ឱ្យ​ដំណើរការ​ជា​ធរមាន នា​ពេល​ឆាប់​ៗ​នេះ ។

កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​កាន់តែ​មានការ​កើនឡើង ហើយ​វិនិយោគិន​កូរ៉េ ក៏​នឹង​មក​កម្ពុជា​បន្ថែម ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ជា​ច្រើន​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ទៅ​លោក​អគ្គរដ្ឋទូត​ថា សម្រាប់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​នាម​ឯកឧត្តម​រដ្ឋមន្ត្រី​ជា​ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ លោក​នឹង​ខិតខំ​ពិនិត្យ ដោះស្រាយ គាំទ្រ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​ទៅ​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នានា​ពាក់ព័ន្ធ​ទៅ​នឹង​អ្នក​វិ​និ​យោ​ទុន​កូរ៉េ ដែល​មាន​បំណង​ចូល​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។

នៅ​ក្នុង​ជំនួប​នេះ​ដែរ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​កូរ៉េ ដែល​កន្លង​មក​បាន​ជួយ​ដល់ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) ដើម្បី​ឲ្យ​អង្គភាព​មួយ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​សេវា​ការងារ ជូន​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ ក៏​ដូច​ជា​និយោជក​ដែល​មាន​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​។ ចំណែក​ផ្នែក​បណ្តុះបណ្តាល​បច្ចេកទេស វិជ្ជាជីវៈ តាម​រយៈ​អង្គការ​KOSHA បាន​ជួយ​បណ្តុះបណ្តាល​មន្ត្រី​កម្ពុជា និង​បាន​បង្កើត​នូវ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពហុបច្ចេកទេស​កម្ពុជា​(NPIC) ដែល​ជា​វិទ្យាស្ថាន​មួយ មាន​បច្ចេកទេស​ស្តង់ដា​ខ្ពស់ ព្រមទាំង​មានការ​គាំទ្រ​ពី​សាធារណជន សិស្ស និស្សិត​ខ្លាំង​ផង​ដែរ​។

ចំពោះ​បេឡា​ជាតិ​សន្តិសុខ​សង្គម ក៏​ភាគី​កូរ៉េ​ជួយ​ទៅ​លើ​បច្ចេកទេស​ជា​ច្រើន ដល់​កម្ពុជា ដោយ​អនុវត្ត​បាន​ជោគជ័យ​ទៅ​លើ​របប​គ្រោះថ្នាក់​ការងារ ដើម្បី​ការពារ​កម្មករនិយោជិត​ករណី​ជួប​គ្រោះថ្នាក់​អី​មួយ ក្នុង​ពេល​បំពេញការងារ​ខ្លួន រួម​ទាំង​របប​ថែទាំ​សុខភាព​ជាដើម ។ កិច្ច​សហប្រតិបត្តិការ របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅ​តែ​បន្ត​រហូត​មក ។ ទន្ទឹម​នេះ​ដែរ ភាគី​កូរ៉េ​កំពុង​ជួយ​កម្ពុជា​ក្នុង​ការ​រៀបចំសេចក្តី​ព្រាង​ស្តី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​កម្ពុជា មិន​ទាន់​មានច្បាប់​នេះ​នៅឡើយ នា​ពេល​អនាគត​កម្ពុជា នឹង​បង្កើត​ឲ្យ​មាន​ក្រប​ខណ្ឌ​ច្បាប់​នេះ ដើម្បី​ធានា​បាន​ប្រសើរ​ថែម​ទាំង លើ​ការ​ការពារ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ​។

ជាមួយ​គ្នា​នេះ ភាគី​កូរ៉េ​គ្រោង​នឹង​បង្កើត​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​បណ្តុះបណ្តាល​ដល់​ភាគី​ពាក់ព័ន្ធ​ឲ្យ​យល់​ពី​ប្រព័ន្ធ​សុវត្ថិភាព និង​សុខភាព​នៅ​កន្លែងធ្វើការ ។ ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​-​ទទួល​ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា បន្ទាប់​ពី​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​ប្រទេស​កូរ៉េ​មាន​ភាព​ធូរស្រាល ដែល​អាច​ទទួលយក​កម្លាំង​ពលកម្ម​បរទេស​បាន កម្ពុជា​រំពឹង​ថា​នឹង​ក្លាយជា​ប្រទេស​អាទិភាព​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៥ ផ្សេង​ទៀត ដោយសារ​កម្ពុជា​មាន​ស្ថានភាព​កូ​វី​ដ​ល្អ​ប្រសើរ មាន​ជើងហោះហើរ​ច្រើន​។

ក្នុង​ជំ​នួន​លោក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០១៩ ពលករ​កម្ពុជា​មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ចំណោម​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយ​ក្នុង​ដំណាក់កាល​ជំងឺ​កូ​វី​ដ​-១៩ ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​នៅ​តែ​អនុញ្ញាត​ទទួល​ពលករ​កម្ពុជា​ដដែល​។ លោក​ទូត​បាន​បញ្ជាក់​ថា «​មូលហេតុ​ដែល​កូរ៉េ​អនុញ្ញាត​ទទួល​ពលករ​កម្ពុជា​យ៉ាង​ដូច្នេះ គឺ​ដោយសារ​និយោជក​មានការ​ពេញចិត្ត​នឹង​សមត្ថភាព​ខ្ពស់​របស់​ពលករ​កម្ពុជា មាន​ភាព​ស្មោះត្រង់​នឹង​ការងារ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ផ្នែក​សុខាភិបាល​របស់​រដ្ឋាភិបាល​កូរ៉េ​បាន​យ៉ាង​ហ្មត់ចត់​»​។

យ៉ាងណា​ក្តី​លោក​ទូត​មិន​បញ្ជាក់​អំពី​ចំនួន​ដែល​កូរ៉េ​ត្រូវការ​ពលករ​កម្ពុជា​ប៉ុន្មាន​នោះ​ទេ​។ សូម​ជម្រាប​ថា ចាប់ពី​ឆ្នាំ​២០០៧​មក កម្ពុជា​បាន​បញ្ជូន​ពលករ​សរុប ៦៨,២៩៤ នាក់ (​ស្រី ១៤,២៥៥ នាក់​) ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ដែល​រួម​មាន​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំណង់ ដែល​អាណត្តិ​ការងារ​មាន​រយៈពេល ៤ ឆ្នាំ ១០ ខែ​ខណៈ​ពេល​បច្ចុប្បន្ន ពលករ​កម្ពុជា​ដែល​កំពុងធ្វើការ​នៅ​កូរ៉េ​មាន​ចំនួន​ជិត ៥០,០០០ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ