បន្ទាយមានជ័យ ៖ ដោយសារថៃបិទព្រំដែន ពិសេសបញ្ហាមេរោគកូវីដ បានធ្វើឲ្យអ្នកស្រុកមួយចំនួនបង្ខំចិត្តរើសកួរស្រូវ តាមស្រែក្រោយគេច្រូតកាត់រួច ។ វាលស្រែដ៌ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក ប៉ុន្តែតាមក្បាលស្រែមួយចំនួនគេឃើញមានកង់ម៉ូតូចតត្រៀបត្រា ដោយម្ចាស់ចុះរើសកួរស្រូវតាមស្រែព្រោងព្រៀត ។
ជួបសម្ភាសន៌ផ្ទាល់ដល់កន្លែងរើសកួរស្រូវ ក្នុងឃុំអូរបីជាន់ស្រុកអូរជ្រៅ ស្ត្រីចំណាស់វ័យជាង50ឆ្នាំ មកពីភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ អះអាងថា គ្រួសាគាត់កូនច្រើនហើយមិនមានស្រែធ្វើទេ ។ ម្យ៉ាងក៏ផ្តើមចេញពីបញ្ហាមេរោគកូវីដ១៩ ថៃបិទព្រំដែនកូនចៅរបស់គាត់មិនអាចចេញទៅធ្វើការលើដីថៃបានដូចពីមុន ។
ស្ត្រីដដែលបន្តថា ក្នុងមួយថ្ងៃៗគាត់រើសកួរស្រូវបានកន្លះការ៉ុងដឹកយកទៅបែនឬបោកនៅផ្ទះ ។ គ្រួសាមួយទៀត 2នាក់ប្តីប្រពន្ធ មកពីភូមិជាមួយគ្នា និយាយស្រដៀងគ្នាដែរថា គាត់គ្មានស្រែធ្វើប្រកបរបររើសកួរស្រូវនេះ ស្ទើររៀងរាល់ឆ្នាំដោយមួយរដូវៗអាចទទួលបានស្រូវយ៉ាងតិច5ទៅ6ការ៉ុងសម្រាប់ដោះស្រាយជីវភាព ។
ក្រុមអ្នករើសកួរស្រូវទាំងនេះ ខ្លះក៏ស្កាត់មកពីភូមិឃុំឆ្ងាយៗ និងក្រុងប៉ោយប៉ែតផងដែរ ។ ក្រុមអ្នករើសកួរស្រូវភាគច្រើនប្រើកណ្ឌៀវ តែអ៊ុំស្រីចំណាស់ម្នាក់ប្រើប្រាស់កន្ត្រៃ និងអ្នកខ្លះប្រើប្រាស់កាំបិតទៅវិញ ។ ពួកគាត់ថាស្រូវតាមស្រែដែលម្ចាស់ជួលគ្រឿងចក្រច្រូតឆ្នាំនេះនៅសល់ច្រើនជាងឆ្នាំមុនៗព្រោះទឹកលិចស្រូវដួលរាបដល់ទឹក ឬដីគ្រឿងចក្រមិនអាចច្រូតអស់ ។
អ្នកភូមិនិយាយថា ដោយសារថៃបិទព្រំដែន ព្រោះមេរោគកូវីដ ឆ្នាំនេះឃើញមានអ្នករើសកួរស្រូវច្រើនជាងឆ្នាំមុនៗ ហើយមួយចំនួនធំ ជាអ្នកមកពីចម្ងាយ ។ ថ្វីបើអ្នករើសកួរស្រូវសប្បាយអរ តែម្ចាស់ស្រែភាគច្រើនបានសម្តែងការក្តៅក្រហាយ និងគ្រឿងចក្រឈ្នួល ព្រោះតាមស្រែពួកគាត់សល់ស្រូវច្រើនរហូតកន្លែងខ្លះម្ចាស់មិនអនុញ្ញាតឲ្យអ្នកដទៃចូលរើស(កួរស្រូវ)ហើយចំណាយពេលនាំក្រុមគ្រួសាចុះច្រូតតាមក្រោយ ដោយខ្លួនឯងចំពោះស្រូវដែលសល់ៗក្នុងស្រែ ។
ពេលសាកសួរថា ហេតុអ្វីមិនជួលអ្នកស្រុកច្រូតដោយដៃ ក្រុមម្ចាស់ស្រែអះអាងថា ដោយសាអ្នកស៊ីឈ្នួលច្រូតទារថ្លៃពេក1ថ្ងៃ250បាត ហើយបើម៉ៅ1ហិកតាជិត40ម៉ឺនរៀល តែក្រោយជួលគេច្រូតត្រូវហត់នឿយថែមទៀត ព្រោះត្រូវជញ្ជូនកណ្តាប់បោកបែនមុនទទួលបានទិន្នផល ។
ពួកគាត់បន្តថា បើជួលគ្រឿងចក្រច្រូត1ហិកតាតម្លៃតែ2500បាតគិតជាប្រាក់ខ្មែរ315000៛ បើប្រៀបធៀប និងការជួលអ្នកច្រូតដោយដៃលើសគ្នាតិចតួច ប៉ុន្តែការជួលគ្រឿងចក្រច្រូតម្ចាស់ស្រែមិនពិបាកហត់នឿយ ព្រោះគ្រាប់ស្រូវត្រូវច្រកចូលបាវ ឬការ៉ុងស្រេចៗតែម្តង ៕