រាជធានីភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកវ៉ាភីរម្យ មាណារង្សី មានប្រសាសន៍អំពីគំរោងយាងមកបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សារិន ថង នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ កុម្ភៈ ២០១៦ ឆ្នាំក្រោយនេះ ។
លោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឱ្យដឹងក្រោយជំនួបថា លោកវ៉ាភីរម្យ មាណារង្សី ប្រធានគំរោងព្រះរាជទានព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សារិន ថង បានមានប្រសាសន៍បែបនេះ នារសៀលថ្ងៃទី០៨ មិថុនា ២០១៥ នៅអគារវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ។
លោកមានប្រសាសន៍បន្តថា គោលបំណងទី២ ទាក់ទងទៅនឹងអនុស្សរណៈលើវិស័យសុខាភិបាល វិស័យអប់រំ ដែលនឹងត្រូវបន្តក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគំរោងក្នុងដំណើរព្រះរាជទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សារិន ថង នៅឆ្នាំ២០១៦ ខាងមុខនេះ ដោយគំរោងព្រះរាជទស្សនកិច្ចនេះនឹងផ្តោតបន្តទៅលើកិច្ចសហប្រតិបត្តិការចំនួនពីរដែលជាព្រះរាជរូបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រី ដែលរួមមានវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល នៅក្នុងខេត្តកំពង់ធំ និងវិទ្យាស្ថានបច្ចេកវិទ្យានៅខេត្តកំពង់ស្ពឺ ដើម្បីធ្វើយ៉ាងណាឱ្យវិទ្យាស្ថានទាំងពីរនេះ នៅតែបន្តដំណើរការតទៅមុខទៀត ដែលភាគីទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈនៅក្នុងប្រទេសថៃឆ្នាំក្រោយនេះ ។ ការចុះហត្ថលេខានេះនឹងមានវត្តមានលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងភាគីកម្ពុជាជាមួយភាគីថៃ ៕
ចែករំលែកព័តមាននេះ