កាលណាមានមនុស្សឈឺល្ហិតល្ហៃ អស់កម្លាំងល្វឹងល្វើយ ចេះតែដេកស្តូកស្តឹង មិនចង់និយាយស្តី មេគ្រួសារភិតភ័យ រត់រកគ្រូ (គឺគ្រូហ្មមើលជំងឺដែលនៅតាមជនបទតែងតែមាននៅក្នុងភូមិ នីមួយៗ ។ គ្រូនេះព្យាបាលជំងឺដោយវិធីបីយ៉ាងជាមូលដ្ឋាន គឺមន្តអាគម ថ្នាំសង្កូវផ្សំពីសំបកឈើ និងពិធីលៀងអារក្សសែនព្រេនខ្មោចល្បាក់សា) ទាយដើម្បីបានដឹងអំពីមូលហេតុនៃជំងឺ ។
គ្រូទស្សន៍ទាយតាមថ្ងៃ-ខែ-ឆ្នាំអ្នកជំងឺ ដោយផ្អែកទៅលើក្បួនតម្រាតាំងពីបុរាណ ពិនិត្យមើលសព្វគ្រប់អំពីគ្រោះទិន្នំ ។ បើលេខក្នុងក្បួនឆ្លើយថា ជំងឺនេះបណ្តាលមកពីខ្មោចយកព្រលឹង ឬព្រលឹងដើរចោលរូបនោះ ក្បួនតម្រូវឱ្យធ្វើពិធីជញ្ជាត់ព្រលឹង ឬហៅព្រលឹង(តាមជំនឿរបស់ខ្មែរយើង ព្រលឹងនៅក្នុងខ្លួនមនុស្ស ម្នាក់ៗមាន១៩) ប៉ុន្តែតាមទំនៀមទម្លាប់ខ្មែរយើង គេធ្វើពិធីជញ្ជាត់ព្រលឹងនេះដោយភ្ជាប់ពីខាងក្រោយពិធីលៀងអារក្សជាដរាប គឺថាពុំដែលមានពិធីជញ្ជាត់ព្រលឹង ឬហៅព្រលឹងដាច់តែឯងនោះឡើយ ។
សៀវភៅ «កម្រងឯកសារស្តីពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ» របស់ព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ រៀបរាប់ថា កាលណាលៀងអារក្សបានចប់សព្វគ្រប់ហើយ ដូនស្នំដែលជាអ្នកចាត់ចែងកម្មវិធីបានប្រាប់អ្នកភ្លេង និងអ្នកចូលរួមដទៃទៀត ឱ្យប្រុងប្រៀបរៀបចំធ្វើពិធីជញ្ជាត់ព្រលឹង។ ពេលនោះប៉ីពកបន្លឺបទ «ភ្នំខ្ទោ» (តាមរយៈបទចម្រៀងដែលចាត់ទុកដូចជាវចីសារ គេតែងឮបទ «ភ្នំខ្ទោ» ក្នុងចម្រៀងលៀងអារក្ស ។ បទ «ព្រៃឯកើត» ក៏ជាបទចម្រៀងលៀងអារក្សផង ហើយក៏ជាបទចម្រៀងប្រជាប្រិយ ចង្វាក់សារ៉ាវ៉ាន់ ឧទាហរណ៍៖ «ឱ! ណាព្រៃអឺឯកើត គេថាអឺយព្រៃគេ សន្តានអឺយរិះរេរកព្រៃអឺយឱ្យផង…»។
ចំណែកទៅឯម្ខាងព្រំដែនគេក៏ធ្លាប់បានឮបទ «សុរិន្ទខ្នងភ្នំ» ជាបទចម្រៀងលៀងអារក្សដែរ បទ«នគររាជ» ជាបទភ្លេងប្រពៃណី ភ្លេងការ ឬបទចម្រៀង ចាប៉ី ហៅម្យ៉ាងទៀតថា បទ«នគររាជស្តេចផ្ទំ»ឬនគររាជសារ៉ោមេ។ ឈ្មោះបទទាំងនេះសុទ្ធសឹងជាឈ្មោះដែនដីដែលសព្វថ្ងៃស្ថិតនៅក្នុងប្រទេសជិតខាង ។) ឮសូរគ្រលួចគួរឱ្យព្រឺក្បាល ។
សំឡេងទ្រខ្មែរក៏អមទៅជាមួយផងដែរ ហាក់ដូចជូនដំណើរអ្នកចម្រៀងដែលបើកបទថា «ស្រណោះភ្នំខ្ទោ ភ្នំខ្ពស់ជ្រងោ មានល្អាងទឹកជប់ ទឹកអើយទឹកជប់ ទឹកនៅក្រោមម្លប់ ដែលគ្រូស្រង់លេង…» គេច្រៀងបទភ្នំខ្ទោនេះ ដោយមានជំនឿថា ព្រលឹងដែលចេញពីរូបទៅ តែងទៅត្រាច់កម្សាន្តនៅភ្នំនោះឯង ព្រោះភ្នំនោះមានល្អាងថ្មកន្លុកកន្លៀតច្រើន មានទឹកជប់ត្រជាក់ត្រជំនៅក្រោមម្លប់ឈើ ធំៗត្រឈឹងត្រឈៃ គួររីករាយណាស់ ។ ដូច្នេះហើយ កាលណាគេហៅព្រលឹង អ្នកច្រៀងតែងនឹកដល់ឈ្មោះភ្នំខ្ទោ ធ្វើឱ្យទឹកដីខ្មែរត្រង់នោះ និងនៅទីផ្សេង រស់នៅជានិច្ចនៅក្នុងអារម្មណ៍ខ្មែរ ក្នុងព្រលឹងខ្មែរ ។
អ្នកច្រៀង (អ្នកច្រៀងបើកបទជាអាទិ៍ថា៖ ដៃកាន់អំពៅខ្មៅ បោយហើយស្រែកហៅព្រលឹងឈ្មោះ «…» ទាំងប្រាំបួនដណ្តប់ មូលមកសព្វគ្រប់ សណ្ឋិតក្នុងរូបអង្គ ។ ) ប៉ីពក ទ្រខ្មែរចេះតែបន្លឺសូរពីរោះរងំលន្លង់លន្លោច ជូនស្នំដឹកនាំនារីព្រហ្មចារី កាន់ឈ្នាងឱ្យជញ្ជាត់ជុំវិញផ្ទះអ្នកជំងឺ។ រាល់តែពេលអូសឈ្នាងជញ្ជាត់ គេតែងយកមកគោះដាក់កញ្ជើ ដែលមាននារីព្រហ្មចារីម្នាក់កណ្តៀតដើរតាមពីក្រោយ ។ នារីព្រហ្មចារីម្នាក់ទៀតកាន់អំពៅខ្មៅពីរត្រួយដើរមុខគេ ហើយបោយហៅថា៖ «ព្រលឹងអើយព្រលឹង (ថាឈ្មោះអ្នកជំងឺ) ទាំងប្រាំបួនដណ្តប់ចូលមកសព្វគ្រប់ក្នុងរូបកាយ កុំនៅក្នុងព្រៃភ្នំស៊ីបាយថ្ម សម្លក្រួស ។
ឯដូនស្នំ ក៏ថាឃ្លា ដដែលៗនេះទៀត ធ្វើយ៉ាងណាឱ្យសំឡេងហៅព្រលឹងនេះជាប់ឃ្លាគ្នាមិនដាច់រយៈលាយឡំនឹងសំឡេងច្រៀង សំឡេងភ្លេងពីរោះព្រឺព្រួចផង ស្រណោះស្រងេះស្រងោចផង ។ លុះជញ្ជាត់ព្រលឹងប្របក់ប្របោយព្រលឹង ហៅព្រលឹងរបៀប ដដែលៗនេះ បានមួយជុំផ្ទះហើយគេមានធ្វើកិច្ចមួយទៀត គឺនារីព្រហ្មចារីដែលកាន់ត្រួយអំពៅខ្មៅជានិមិត្តរូបនៃព្រលឹងទាំង១៩ បានប្រគល់ព្រលឹងនេះទៅឱ្យបុរសម្នាក់ដើរតួរជាអ្នកថ្មើរព្រៃ ។ គេបានចាត់ឱ្យបុរសម្នាក់ ជាតំណាងគ្រួសារអ្នកជំងឺអង្គុយចាំនៅជណ្តើរផ្ទះ ។
អ្នកដើរព្រៃក៏សួរថា៖ «អឺ លោកម្ចាស់ផ្ទះ ជា ឬតម ? (តមគឺបិទ ឬផ្អាកទាក់ទងជាមួយអ្នកក្រៅ មិនស្វាគមន៍ជាមួយអ្នកក្រៅ គេច្រើនយកធាងម្នាស់ចងនៅច្រកទ្វាររបងមុខផ្ទះ ធ្វើជាសញ្ញាតម គឺជាប្រពៃណីអ្នកស្រុក ខេត្តតាកែវ ។ ជាគឺស្ម័គ្រស្វាគមន៍ទាក់ទងជាមួយអ្នកក្រៅ អនុញ្ញាតឱ្យអ្នកក្រៅចូលមកទាក់ទងស្នើការ ផ្សេងៗ) ។ អ្នកតំណាងឆ្លើយថា៖ «តម!» លុះសួរលើកទីពីរ អ្នកតំណាងឆ្លើយថា៖ «ជា!» ។
អ្នកនាំព្រលឹងសួរទៀតថា ៖ «តើផ្ទះនេះពិតជាផ្ទះឈ្មោះ(ឈ្មោះអ្នកជំងឺ) មែនទេ ? តំណាងនោះឆ្លើយថា «ពិតមែនហើយ! តើអ្នកមានការអ្វីបានជាមកសួរដូច្នេះ»? «ឱ! លោកម្ចាស់អើយ ខ្ញុំជាអ្នកថ្មើរព្រៃ បានដើរទៅជួបនឹងព្រលឹងរបស់ឈ្មោះ(ឈ្មោះអ្នកជំងឺ)ដើរយំសោកវង្វេងក្នុងព្រៃ ចង់វិលត្រឡប់មកផ្ទះវិញដែរ តែរកផ្លូវពុំឃើញ គាប់ជួនបានជួបនឹងខ្ញុំ ក៏បាននាំយកមកក្នុងពេលនេះតែម្តងទៅ» ។ អ្នកតំណាងពោលថា៖ «អូ! លោកអ្នកមានចិត្តសប្បុរសអើយ ខ្ញុំត្រេកអរណាស់ និងសូមថ្លែងអំណរគុណដល់លោកដែលបានជួយនាំព្រលឹង ឈ្មោះ(ឈ្មោះអ្នកជំងឺ)ទាំង១៩មកប្រគល់ឱ្យសាមីខ្លួនវិញ» ។ ព
េលនោះតំណាងក៏យកអំពៅខ្មៅទាំងពីរត្រួយដើរឆ្ពោះទៅកាន់អ្នកជំងឺហើយពោលថាៈ ព្រលឹងឈ្មោះ «…» បានវិលមកវិញហើយ សូមព្រលឹងចូលទៅសណ្ឋិតក្នុងខ្លួនឈ្មោះ«…» នេះវិញ មកនៅផ្ទះធំ ទ្រនំខ្ពស់រក្សាប្តី ឬប្រពន្ធ (បើមនុស្សស្រីថា រក្សាប្តី បើមនុស្សប្រុសថា រក្សាប្រពន្ធ បើក្មេងថា រក្សាម៉ែរក្សាឪ។) រក្សាម៉ែ រក្សាឪ រក្សាបងប្អូន កុំនៅក្នុងព្រៃភ្នំក្រំថ្ម ស៊ីបាយថ្ម សម្លក្រួស ខ្លាចសត្វសាហាវ។ រួចហើយក៏គ្រវាសអំពៅខ្មៅបីដងឆ្ពោះទៅរកអ្នកជំងឺ ។
បន្ទាប់មកទៀតអ្នកតំណាង យកចិញ្ចៀនមាសមួយវង់ចងនឹងខ្សែអំបោះ ទុកចុងខ្សែសងខាងសម្រាប់កាន់គ្រវាសជ្រលក់ទៅក្នុងទឹកផ្តិល ហើយគ្រវាសយោលទៅរកអ្នកជំងឺ។ គ្រវាសម្តងរាប់ថាមួយ គ្រវាសពីរដងរាប់ថាពីរ គេគ្រវាសចិញ្ចៀនដោយជ្រលក់ក្នុងទឹកផ្តិលយ៉ាងនេះ ទាល់តែគ្រប់១៩ដង ទើបគេពោលម្តងទៀតថាៈ ព្រលឹងអើយព្រលឹងឈ្មោះ«…»ទាំងប្រាំបួនដណ្តប់មូលមកសព្វគ្រប់ចូលសណ្ឋិតក្នុងអង្គប្រាណ កុំនៅព្រៃភ្នំក្រំថ្ម ស៊ីបាយថ្ម សម្លក្រួស ខ្លាចសត្វសាហាវមកនៅផ្ទះធំទ្រនំខ្ពស់រក្សាប្តី ប្រពន្ធ រក្សាកូន រក្សាបងប្អូន រក្សាម៉ែឪ សូមឱ្យជាសះស្បើយល្ហើយ ពីថ្ងៃនេះទៅឃ្លានបាយស្រេកទឹក រលឹកចំណី មានកម្លាំងមានកំហែងដូចដើមវិញទៅហោង»។
លុះពោលដល់ឃ្លាបញ្ចប់នេះគេយកខ្សែដែលចងចិញ្ចៀនចងដៃអ្នកជំងឺជានិមិត្តរូបយកព្រលឹងមកចូលក្នុងរូបអង្គវិញ ។ ចំណែកឯអំពៅខ្មៅពីរត្រួយនោះ គេដោត ឬសៀតនៅក្បាលដំណេកអ្នកជំងឺ ៕
ចែករំលែកព័តមាននេះ