ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ឡុ​ង​ដ៍​ជាប់​ចំណាត់ថ្នាក់​លេខ​1 មាន​អ្នកទេសចរ​ច្រើន​បំផុត​ឆ្នាំ​2015

8 ឆ្នាំ មុន

ទីក្រុង​នៅ​អាស៊ី​ចំនួន​៥​បាន​ជាប់​ចំណាត់ថ្នាក់​ជាទី​ក្រុង​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​អ្នកទេសចរ​នៅ​លើ​ពិភពលោក ក្រោម​ការ​រៀបចំ​របស់ «MasterCard Global Destination Cities Index»

ទីក្រុង​នៅ​អាស៊ី​ចំនួន​៥​បាន​ជាប់​ចំណាត់ថ្នាក់​ជាទី​ក្រុង​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​អ្នកទេសចរ​នៅ​លើ​ពិភពលោក ក្រោម​ការ​រៀបចំ​របស់ «MasterCard Global Destination Cities Index» ក្នុង​នោះ​ក្រុង​បាងកក​ជាប់​លំដាប់​លេខ​២​នៅ​លើ​ពិភពលោក និង​លេខ​១​នៅ​អាស៊ី ។

លទ្ធផល​អង្កេត​ពី​ទិស​ដៅ​ទេសចរណ៍​ប្រចាំឆ្នាំ​២០១៥ របស់ «MasterCard Global Destination Cities Index»​បាន​គិត​លើ​ចំនួន​អ្នកទេសចរ​អន្តរជាតិ​ធ្វើ​ដំណើរ​ទស្សនា និង​ឈប់​សម្រាក រួម​ទាំង​ចំណាយ​លើ​ការ​ឆ្លង​ដែន​នៅ​ក្រុង​នានា​ចំនួន​១៣២ នៅ​ទូ​ទាំង​ពិភព ។ ក្រុង​បាងកក​ជាប់​ចំណាត់ថ្នាក់​ទី​២ នៅ​លើ​ពិភពលោក និង​ទី​១ នៅ​អាស៊ី ដោយ​មាន​ភ្ញៀវ​ធ្វើ​ដំណើរ​ទស្សនកិច្ច និង​សម្រាក​លំហែកាយ​ចំនួន​១៨,២៤​លាន​នាក់ កើនឡើង​៨%​លើស​ពី​ឆ្នាំ​២០១៤។

សម្រាប់​ចំណាត់ថ្នាក់​ទី​១ នៅ​លើ​ពិភពលោក គឺ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស មាន​អ្នកទេសចរ​ចំនួន​១៨,៨២​លាន​នាក់ ជាប់​ចំណាត់ថ្នាក់​២​ឆ្នាំ​ជាប់​គ្នា ។ ចំណែក​សិង្ហ​បុរី គួ​ឡា​ឡាំ​ពួរ សេ​អ៊ូ​ល និង​ហុងកុង ជាប់​ក្នុង​លំដាប់ថ្នាក់​ទី​៧, ៨, ៩ និង​ទី​១០ ។

នៅ​ក្នុង​របាយការណ៍​របស់ CNN បង្ហាញ​ថា ក្រុង​បាងកក​បាត់​ចំណាត់ថ្នាក់​ទី​១​តាំងពី​ឆ្នាំ​២០១៣​មក ដោយសារ​តែ​អសន្តិសុខ​ផ្នែក​នយោបាយ ប៉ុន្តែ​បច្ចុប្បន្ន​ស្ថានភាព​ទីក្រុង​នៅ​ប្រទេស​ថៃ​កំពុង​ចាប់ផ្តើម​ល្អ​ឡើង​វិញ និង​រួម​គម្លាត​ដេញ​ប្រកិត​ក្រុង​ឡុ​ង​ដ៍​ក្នុង​ពេល​បច្ចុប្បន្ន ។

ចំណែក​ការ​ចំណាយ​របស់​អ្នកទេសចរ​បរទេស​ដែល​ឈប់​លំហែកាយ​ឃើញ​ថា ក្រុង​ឡុ​ង​ដ៍​ជាប់​ចំណាត់ថ្នាក់​ទី​១ ព្រោះ​តួលេខ​ការ​ចំណាយ​មាន​ចំនួន​២០.២៣០​លាន​ដុល្លារ បន្ទាប់​មក​ក្រុង​ញូ​វ​យ៉​ក មាន​១៧.៣៧០​លាន​ដុល្លារ និង​ប៉ា​រី​ស​១៦.៦១០​លាន​ដុល្លារ ខណៈ​ពេល​ក្រុង​បាងកក​ស្ថិត​នៅ​លំដាប់​ទី​៧ មាន​ចំនួន​១២.៣៦០​លាន​ដុល្លារ ។

ចំណាត់ថ្នាក់​ទីក្រុង​មាន​អ្នកទេសចរ​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១៥ តាម​ការ​អង្កេត​របស់ MasterCard ចំនួន​១០​លំដាប់​ថ្នាក់ដំបូង គឺៈ
១-​ក្រុង​ឡុ​ង​ដ៍ មាន​អ្នកទេសចរ​១៨,៨២​លាន​នាក់ ។
២-​ក្រុង​បាងកក មាន​អ្នកទេសចរ ១៨,២៤​លាន​នាក់ ។
៣-​ក្រុងប៉ារីស មាន​អ្នកទេសចរ ១៦,០៦​លាន​នាក់ ។
៤-​ក្រុង​ឌូ​បៃ មាន​អ្នកទេសចរ ១៤,២៦​លាន់​នាក់ ។
៥-​ក្រុង​អីុ​ស្តង់​ប៊ុល មាន​អ្នកទេសចរ ១២,៥៦​លាន​នាក់ ។
៦-​ក្រុង​ញូ​វ​យ៉​ក មាន​អ្នកទេសចរ ១២,២៧​លាន​នាក់ ។
៧-​ក្រុង​សិង្ហ​បុរី មាន​អ្នកទេសចរ ១១,៨៨​លាន​នាក់ ។
៨-​ក្រុង​គួ​ឡា​ឡាំ​ពួរ មាន​អ្នកទេសចរ ១១,១២​លាន​នាក់ ។
៩-​ក្រុង​សេ​អ៊ូ​ល មាន​អ្នកទេសចរ ១០,៣៥​លាន​នាក់ ។
១០-​ក្រុង​ហុងកុង មាន​អ្នកទេសចរ ៨,៦៦​លាន​នាក់ ។

ចំណាត់ថ្នាក់​ទីក្រុង​ដែល​អ្នកទេសចរ​ស្នាក់​នៅ​មានការ​ចំណាយ​ខ្ពស់​ប្រចាំឆ្នាំ​២០១៥ ៖
១-​ក្រុង​ឡុ​ង​ដ៍ ២០.២៣០​លាន​ដុល្លារ ។
២-​ក្រុង​ញូ​វ​យ៉​ក ១៧.៣៧០​លាន​ដុល្លារ ។
៣-​ក្រុងប៉ារីស ១៦.៦១០​លាន​ដុល្លារ ។
៤-​ក្រុង​សេ​អ៊ូ​ល ១៥.២៤០​លាន​ដុល្លារ ។
៥-​ក្រុង​សិង្ហ​បុរី ១៤.៦៥០​លាន​ដុល្លារ ។
៦-​ក្រុង​បា​សេ​ឡូ​ណា ១៣.៨៦០​លាន​ដុល្លារ ។
៧-​ក្រុង​បាងកក ១២.៣៦០​លាន​ដុល្លារ ។
៨-​ក្រុង​គួ​ឡា​ឡាំ​ពួរ ១២.០២០​លាន​ដុល្លារ​។
៩-​ក្រុង​ឌូ​បៃ ១១.៦៨០ លាន​ដុល្លារ ។
១០-​ក្រុង​អីុស្តង់​ប៊ុល​៩.៣៧០​លាន​ដុល្លារ ។

ក្រុង​ដែល​មាន​កំណើន​អ្នកទេសចរ​ច្រើន​បំផុត​ចំនួន​១០​ចំណាត់​ថ្នាក់ដំបូង ៖
១-​ក្រុង​កូ​ឡុំ​បូ ប្រទេស​ស្រី​លង្កា កើនឡើង​២១,១% ។
២-​ក្រុង​ឈើ​ង​ទូ ប្រទេស​ចិន កើនឡើង​២០,៧% ។
៣-​ក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម កើនឡើង​២០,៤% ។
៤-​ក្រុង​អូ​សា​កា ប្រទេស​ជប៉ុន កើនឡើង​១៩,៨% ។
៥-​ក្រុង​រី​យ៉ា​ដ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត កើនឡើង​១៨% ។
៦-​ក្រុង​ស៊ី​អាន ប្រទេស​ចិន កើនឡើង​១៦,២% ។
៧-​ក្រុង​តែ​ប៉ិ តៃវ៉ាន់ កើនឡើង​១៤,៩% ។
៨-​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កើនឡើង​១៤,៦% ។
៩-​ក្រុង​លី​ម៉ា ប្រទេស​ប៉េ​រូ កើនឡើង​១៣,៩% ។
១០-​ក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម កើនឡើង​១២,៩% ៕