ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តវ៉ារឿង​បាត់​ដី! ប្រជា​ពលរដ្ឋ​ជាង​១០០​នាក់មកពី​ខេត្ត​​​កំពង់ធំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​១០០​នាក់ មក​ពី​ស្រុក​ចំនួន ២​គឺ​​ស្រុក​ស្ទោ​ង និង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​បាន​លើក​គ្នា​មក​កាន់​ក្រសួងមហា​ផ្ទៃ​ក្នុង​គោលបំណង​សុំ​អោយ​សម្តេច​ក្រឡាហោម ស​…

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​១០០​នាក់ មក​ពី​ស្រុក​ចំនួន ២​គឺ​​ស្រុក​ស្ទោ​ង និង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​បាន​លើក​គ្នា​មក​កាន់​ក្រសួងមហា​ផ្ទៃ​ក្នុង​គោលបំណង​សុំ​អោយ​សម្តេច​ក្រឡាហោម ស​ ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ជួយ​អន្តរាគមន៍​ទៅ​ដល់​មេឃុំ និង​មន្ត្រី​ជលផល​ខេត្ត និង​បក្ខ​ពួក​រំលោភ​យក​ដី​នៅ​តំបន់​វាល​ស្រ​ង៉ែ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ បាន​កាត់​ឆ្វៀល​ចែក​ជូន​ដល់​ពួក​គាត់​ជា​ច្រើន​ឆ្នាំ​មកហើយ​នោះ ​។

​ការ​លើកគ្នាមក​សុំឱ្យជួយអន្តរាគមន៍ពាក់ព័ន្ធករណី​ខាងលើ​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្រសួងមហាផ្ទៃ ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានី​​ភ្នំពេញ​។

លោក ស៊ុន សៀវ អាយុ​៦៧​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ​គាត់​មាន​ទីលំនៅ​ក្នុង ភូមិ​ចំណាក់ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ក្នុងថ្ងៃនេះ​ដែរ រូប​លោក​និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​រស់នៅ​ស្រុក​ស្ទោង ​មាន​គ្នា​សរុប​ជាង​១០០​នាក់ បាន​នាំ​គ្នា​មក​កាន់​ក្រសួងមហាផ្ទៃ​នេះ​ ​ដើម្បី​សុំ​ឱ្យ​​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី ក្រសួង​ម ហា​ផ្ទៃ ជួយ​ធ្វើ​អន្តរាគមន៍​រឿង​ទំនាស់​ដីធ្លី​ចំនួន​ជាង​២​ពាន់​ហិ​កតា នៅ​ចំណុច​វាល​ស្រ​ង៉ែ ស្ថិត​នៅ​ក្នុងស្រុក កំពង់ស្វាយ ដែល​លោក​មេឃុំ​ឈ្មោះ ហេង មា​ណូ លោក ហោម ផុ​ន ជា​មន្ត្រី​ជលផល​ខេត្តកំពង់ធំ​ និង​បក្ខ​ពួក បាន​រំលោភ​យក​។​

លោកក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ដី​ទំហំ​ជាង២​ពាន់​ហិ​កតា ដែល​ស្ថិត​នៅ​ចំណុច​វាល​ស្រ​ង៉ែ ស្រុក​កំពង់ស្វាយ​នេះ គឺ​ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​​កាត់​ឆ្វៀលចែក​​ឱ្យ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​បែ​រ​ជា​មិន​បាន​មក​លើ​ពួក​គាត់​ទាំងអស់​គ្នា បែ​រ​ជា​បាន​ទៅ​លើ​លោក​មេឃុំ លោក​ជលផល​ខេត្ត និង​បក្ខ​ពួក​ទៅ​វិញ ទើបបាន​ពួក​គាត់​លើកគ្នា​មក​សុំ​ការ​អន្តរាគមន៍​អំពី​សំណាក់​ក្រសួងមហាផ្ទៃ​នា​ពេល​នេះ​តែ​ម្តង​។

ក្នុង​ការ​ឡើង​មក​ធ្វើការ​តវ៉ា​រឿង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាង ១០០​នាក់ ដែល​មក​ពី​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ​ខាងលើ​នេះ​ដែរ ក៏​មានការ​សម្របសម្រួលពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន ហើយ​ក៏​មាន​វត្ត​មាន​របស់​លោក​អភិបាលរង​ខេត្តកំពង់ធំ​ម្នាក់​មក​ដល់ និង​អោយ​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ចូល​ទៅ​ខាងក្នុង​ក្រសួង ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ ទើប​ឃើញ​ចេញ​មក​វិញ ​ហើយ​​ពួក​គាត់​ធ្វើការ​រំសាយ​ទៅ​ផ្ទះ​វិញ ដោយ​មិន​ទាន់​ដឹង​ថា​មាន​ដំណោះស្រាយ​​គ្នា​យ៉ាងណា​នោះ​​ទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ