ខេត្តព្រៃវែង+ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល និងនៅឃុំស្វាយភ្លោះ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង កំពុងតែមានការភ័យខ្លាច និងព្រួយបារម្ភជាខ្លាំង បន្ទាប់ពីឃើញមានក្រុមសាឡង់ខ្នាតយក្សជាច្រើនគ្រឿងកំពុងតែសំរុកបូមខ្សាច់យ៉ាងគគ្រឹងគគ្រេង នៅក្នុងទន្លេក្រោយផ្ទះរបស់ពួកគាត់ យកទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ។
ពលរដ្ឋទាំងអស់នោះបានអោយដឹងថា ច្រាំងទន្លេនៅក្បែផ្ទះរបស់ពួកគាត់កំពុងតែបាក់ស្រាប់ផង កន្លែងខ្លះបាក់តិចៗ ហើយកន្លែងខ្លះបាក់ខ្លាំងរហូតដាច់ថ្នល់ និងប៉ះពាល់ដល់ផ្ទះសម្បែង ក៏ដូចជាដីចំការរបស់ពួកគាត់រាប់សិបហិកតាឯណោះ ហើយមកដល់ពេលនេះមិនទាន់មានមធ្យោបាយទប់ស្កាត់ផង ឥឡូវបែរជាមានក្រុមហ៊ុនយកសាឡង់ធំៗមកបូមបែបនេះទៀត ច្បាស់ជាធ្វើអោយបាក់ច្រាំងទន្លេកាន់តែខ្លាំងហើយ។ បើបាក់ពេលថ្ងៃនោះអាចនាំកូននាំចៅរុះរើផ្ទះសម្បែង រត់រកកន្លែងផ្សេងបាន ចុះបើបាក់ចំពេលយប់ ខណៈកំពុងតែដេកលង់លក់ តើជីវិតពួកគាត់ទៅជាយ៉ាងណា?តើនរណាជាអ្នកទទួលខុសត្រូវ? ពួកគាត់បារម្ភ និងខ្លាចខ្លាំងណាស់…!
បើតាមប្រភពព័ត៌មានពីមន្ត្រីតូចតាចខ្លះនៅក្នុងមូលដ្ឋានស្រុកពាមជរ និងស្រុកលើកដែក បានលួចបង្ហើបប្រាប់ថា សាឡង់បូមខ្សាច់ធំៗទាំងនោះ គឺជារបស់ក្រុមហ៊ុន «ចតុមុខ រីសសស៍សឹបផ្លាយ អ៊ីមផត អិចផត ឯ.ក» ដែលគេទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់ នៅលើទំហំផ្ទៃទឹកជិត១ពាន់ហិកតា តាមបណ្តោយដងទន្លេមេគង្គ ដែលមួយផ្នែកស្ថិតនៅខាងស្រុកលើកដែក ខេត្តកណ្តាល និងមួយផ្នែកទៀតស្ថិតនៅខាងស្រុកពាមជរ ខេត្តព្រៃវែង។
ប្រភពដដែលនេះបានលួចខ្សឹបប្រាប់ទៀតថា នៅក្នុងអាជ្ញាប័ណ្ណនោះ បានអនុញ្ញាតិឱ្យក្រុមហ៊ុន «ចតុមុខ រីសសស៌សឹបផ្លាយ អ៊ីមផតអិចផត» ធ្វើអាជីវកម្មបូមខ្សាច់សំរាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយលុះត្រាតែសល់ពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយ ទើបអនុញ្ញាតិឱ្យធ្វើការនាំចេញទៅក្រៅប្រទេសបាន ប៉ុន្តែចាប់តាំងពីក្រុមហ៊ុននេះ ចេញធ្វើសកម្មភាពបូមខ្សាច់កាលពីថ្ងៃទី១៧ ខេវិច្ឆិកា រហូតមកដល់ពេលនេះ ខ្សាច់ដែលបូមបានទាំងអស់ គឺពុំបានយកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទេ គឺគេបានដឹកចេញទៅវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរទាំងអស់ ដោយតម្លៃខ្សាច់លក់ចេញទៅប្រទេសវៀតណាម បាន៨ដុល្លារក្នុង១ម៉ែត្រគូប ហើយក្នុងសាឡង់១គ្រឿងដឹកខ្សាច់បានចន្លោះពី១៩០០ម៉ែត្រគូប ទៅ២០០០ម៉ែត្រគូប ហើយក្នុង១ថ្ងៃគេនាំខ្សាច់ចេញទៅវៀតណាមបានពី៥ទៅ៦សាឡង់ដែរ។
ព័ត៌មានពិស្តារបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ