ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរណ៍មួយកើតរវាងរថយន្ត២គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ក្នុងទិសដៅស្របគ្នា ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៥ និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចគីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ករណីខាងលើកើតឡើងរវាងរថយន្ត១គ្រឿង ម៉ាក Hyundai ពណ៌ត្រួយចេក ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A 2618 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបុកបះពីក្រោយរថយន្តម៉ាក Starex ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AY 2481 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរុញទៅបុក និងម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងដែលនៅពីមុខម៉ូតូម៉ាក wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1M 0011 បើកបរដោយឈ្មោះ ឆន សំអូន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលអោយរងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រែអំបិល ។
ក្រោយកើតអ្នកបើកបររថយន្តទាំងពីរគ្រឿងបានរត់គេចពីកន្លែងកើតហេតុបាត់ ។ ចំណែកវត្ថុតាងទាំង៣គ្រឿង ត្រូវបានផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយបន្ត៕
ចែករំលែកព័តមាននេះ