​អំណោយ​លើកទឹកចិត្ត​កងកម្លាំង​​ដែល​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្ទួន​ៗ​នា​​ពេល​ថ្មី​ៗ​នេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​អំណោយ​លើកទឹកចិត្ត​កងកម្លាំង​​ដែល​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្ទួន​ៗ​នា​​ពេល​ថ្មី​ៗ​នេះ

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ចុះ​សួរ​សុខទុក្ខ និង​ចែក​អំណោយ​ដល់​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ចំនួន​២​គឺ ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌឫស្សីកែវ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ចុះ​សួរ​សុខទុក្ខ និង​ចែក​អំណោយ​ដល់​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ចំនួន​២​គឺ ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌឫស្សីកែវ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានលើក​ឡើង​ថា សកម្មភាព​សួរសុខទុក្ខ​និង​ចែក​អំណោ​យ​ដល់​បងប្អូន​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​នេះ ធ្វើ​ឡើង​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ផង និង​ដូច
ជា​ការ​តបស្នង​ចំពោះ​កងកម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ទាំងអស់ ដែល​បាន​យក​អស់កម្លាំង​កាយចិត្ត ទាំង​ការ​ថែរក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិ​ភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

ជា​ពិសេសក្នុង​ពេល​មាន​បញ្ហា​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ធ្វើ​កូដកម្ម​មិន​ចេញ​ប្រមូល​សំរាម​មួយ​រយៈ​នោះ គឺ​បាន​កងកម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​នេះ​ហើយ ដែល​ចេញ​ជួយ​ប្រមូល​សំរាម​ក្នុង​មូលដ្ឋាន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ។

ឯកឧត្តម​បន្ត​ថា កម្លាំង​មាន​សមត្ថកិច្ច​ផ្សេង​ទៀត កុំ​ច្រណែន​ជាមួយ​កងកម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ដោយសារ​តែ​កម្លាំង​ប្រជា​ការពារ​ប្រាក់ខែ​មិន​ដូច​កងកម្លាំង​នគរបាល និង​កង​រាជអាវុធហត្ថ​នោះ​ទេ ប្រាក់​ឧបត្ថម្ភ​របស់​គាត់​នៅ​មាន​កម្រិត គឺ​ប្រាក់ខែ​មន្ត្រី​ជាប់កិច្ចសន្យា​បាន​ប្រាក់ឧបត្ថម្ភ​តែ​៦៧​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១​ខែ ។

ឯកឧត្តម ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀតថា ក្នុង​ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា​មាន​បញ្ហា ប្រឈម​​ធំ​ៗ​ចំនួន​៣ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់សម្ដេច​តេ​ជោ ហ៊ុន សែន យើង​បាន​ជម្នះ​និង​ដោះស្រាយ​ទទួល​បាន​ជោគជ័យ​នោះ គឺ​បញ្ហា​សំរាម បញ្ហា​ទឹកជំនន់ និង​បញ្ហា​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។

ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បន្ត​ថា បញ្ហា​ទី​១-​គឺ​សំរាម ដោយសារ​តែ​កម្មករ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ធ្វើ​កូដកម្ម មិន​ព្រម​ប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ក្នុង​ខណៈនោះ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ក្រសួងមហាផ្ទៃ​បាន​សម្រេច​បញ្ចេញ​នូវ​កម្លាំង​ចម្រុះ ដើម្បី​ធ្វើការ​ប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​ប្រជា​ការពារ​ជា​កម្លាំង​ស្នូល ក្នុង​កិច្ច​ប្រតិបត្តិការ​នៃ​ការ​ប្រមូល​សំរាម​នេះ រហូត​យើង​ទទួល​បាន​លទ្ធផល​ជោគជ័យ ដោយ​ក្នុង​មួយ​ថ្ងៃ​យើង​អាច​ប្រមូល​សំរាម​បាន​រហូត​ដល់​៣​ពាន់​តោន ។

ចំណែក​បញ្ហា​ប្រឈម​ទី​២​នោះ​គឺ​ទឹកជំនន់ ដែល​បាន​ជន់​លិច​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ។ ប៉ុន្តែ​បញ្ហា​ប្រឈម​នេះ ត្រូវ​បាន​ដោះស្រាយ​ទទួល​បាន​ជោគជ័យ ដោយ​សារ​តែ​យើង​បាន​ប្រើប្រាស់​កម្លាំង​សរុបមាន​ទាំង​កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​ស៊ីវិល​រួម​សហការ​គ្នា ដោយ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព ជាមួយនឹង​ការ​ផ្ដល់​ជា​ស្បៀងអាហារ​ជូន​ពួក​គាត់​គ្រប់គ្រាន់​ផង​ដែរ ។

ដោយឡែក ចំពោះ​បញ្ហា​ប្រឈម​ទី​៣​នោះ​គឺ ព្រឹត្តិ​កាណ៍​ថ្ងៃ​ទី​៣ វិច្ឆិកា ដែល​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​នោះ​ក្រោមការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ យើង​បាន​គ្រប់គ្រង​បញ្ហា​កូ​វី​ដ​-១៩ នេះ​ទទួល​បាន​ជោគជ័យ ដោយ​មិន​បាន​ធ្វើ​ឱ្យ​រាលដាល​ដល់​សហគមន៍​នោះ​ទេ ។

សូម​បញ្ជាក់​ថា កម្លាំង​សណ្ដាប់ធ្នាប់​ទាំង​២​ខណ្ឌ​ខាងលើ​នេះ​មាន​ជាង​១០០​នាក់ ក្នុង​ម្នាក់​ៗ
ទទួល​បាន​អង្ករ​២៥​គីឡូក្រាម មី ទឹកបរិសុទ្ធ ទឹកត្រី ទឹក​ស៊ី​អី​ុ​វ ជាមួយនឹង​ការ​ចែក​ម៉ាស​ជូន​ពួក​គាត់​ផង​ដែរ ៕