ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​​ជិត​៤០ខ្សែ​ក្នុង​​ក្រុង​សៀមរាប នឹងបើកការដ្ឋាន​នៅ​​ចុងខែ​នេះ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ កាលពី​​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ…

ខេត្តសៀមរាប​ ៖ កាលពី​​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាង​មុខ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។

ការ​ចុះ​ពិនិត្យ​​​គម្រោង​ស្ថាបនា​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែខាងលើ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បី​ពិនិត្យ​អំពី​វឌ្ឍនភាព​ការ​សាងសង់ ការ​ឈូស​ឆាយ​ផ្លូវ គ្រឿងចក្រ ទីតាំង​ដាក់​ប្រព័ន្ធ​លូ មន្ទីរពិសោធន៍​ក្នុង​ការ​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ ព្រមទាំង​មតិយោបល់​ទាក់ទង​នឹង​ការ​ស្ថាបនា​នៃ​ខ្សែ​ផ្លូវ​ទាំង​៣៨​ខ្សែ ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ នឹង​ត្រូវ​សាងសង់​ឡើង​ដោយ​អង្គភាព​ចំនួន​៦បែងចែក​ជា​កំណាត់​ៗ ប្រកបដោយ​ភាព​បត់បែន និង​ច្នៃប្រឌិត​ខ្ពស់ ចាក់​បេតុង​កៅស៊ូ​សម​ស្រប​តាម​ទំហំ​ចរាចរណ៍ និង​ការ​ដឹក​ទំនិញ​ធ្ងន់ ឬ​ស្រាល ដោយ​ផ្ដោត​ជា​សំខាន់​លើ​គុណភាព ប្រសិទ្ធភាព ជាមួយនឹង​ការ​បញ្ចប់​គម្រោង​ឱ្យ​បាន​ទាន់​ពេលវេលា​តាម​ការ​គ្រោងទុក​។

លោ​ក​​ទេស​រដ្ឋមន្ត្រីបាន​បន្ថែម​ថា​ ​ក្រុមការងារ​ក្រសួង​នឹង​ធ្វើការ​ចុះ​ពិនិត្យ​តាមដាន​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ នេះ ដើម្បី​ឱ្យ​អង្គភាព​សាងសង់​អនុវត្ត​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​ស្តង់ដា​បច្ចេកទេស​ធានា​បាន​នូវ​គុណភាព​ជាប់​រឹង​មាំ ប្រើប្រាស់​បាន​យូរអង្វែង​តាម​អាយុកាល​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ទេស​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា​៖ អង្គភាព​ដែល​ទទួលយក​ការងារ​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​រួម​មាន​៖ កង​វិស្វកម្ម​សម្តេច​តេ​ជោ​ខេត្តសៀមរាប កង​វិស្វកម្ម​១០៨ នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវ អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប​។

លោក ទេស​រដ្ឋមន្ត្រី បាន​បន្ថែម​ថា​៖ ការ​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ត្រូវ​បាន​បែងចែក​ជា​បួន​ប្រភេទ ក្នុង​នោះ​៖ ប្រភេទ​ទី​មួយ​ចាក់​បេតុង​កម្រាស់ ២៥​សង់ ទី​ម៉ែត្រ ដូច​ជា​ផ្លូវ​វាង​ក្រុង ដោយ​កន្លែង​ខ្លះ​ចាក់​បេតុង តែ​មិន​អ៊ុត​បេតុង​កៅស៊ូ​(AC) ពីលើ​ទេ ប្រភេទ​ទី​ពីរ​ចាក់​បេតុង​កម្រាស់ ២០​សង់ទីម៉ែត្រ និង​កន្លែង​ខ្លះ​កម្រាស់ ៧​សង់ទីម៉ែត្រ​យោង​ទៅ​តាម​ស្ថានភាព​ភូមិសាស្ត្រ ស្ថានភាព​ចរាច​រា​ណ៍ និង​ការ​ដឹក​ជញ្ជូន ប្រភេទ​ទី​បី​ជួសជុល​គ្រឹះ មិន​ចាំបាច់​ចាក់​បេតុង​ហើយ​អ៊ុត​កៅស៊ូ​បេតុង​តែ​ម្ដង និង​ប្រភេទ​ទី​បួន អ៊ុត​កៅស៊ូ​បេតុង​កម្រាស់ ១៥​សង់ទីម៉ែត្រ ពីលើ​តែ​ម្ដង​ដោយសារ​គ្រឹះ​ផ្លូវ​នោះ​នៅ​មាន​ភាពរឹងមាំ​ស្រាប់​ទៅ​ហើយ​។

លោក ទេស​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា​៖ ការ​ចុះ​មក​ពិនិត្យ​ការ​ពង្រីក​ផ្លូវ​លេខ​៦ ពី​រាជដំណាក់​ទៅ​រង្វង់​មូល​ព្រះបាទ​ជ័យ វរ្ម័ន​ទី​៧ ផ្លូវបត់​ចូល​ព្រ​លាន​យន្តហោះ ពង្រីក​ជា​៦​គន្លង ៣​គន្លង​ទៅ ៣​គន្លង​មក ទ្រូង​ផ្លូវ​២​ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ៣​ម៉ែត្រ​សងខាង ជា​ថវិកា​កម្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រវែង​ជិត​៦​គីឡូម៉ែត្រ ត្រូវ​បាន​ស្ថាបនា​ឡើង​វិញ ប្រើ​ពេល​សាង​សង់​រយៈ​មួយ​ឆ្នាំ នេះ​ជា​ដំណាក់​កាល​ទី​២ ចំពោះ​ដំណាក់កាល​ទី​១ ពី​រង្វង់​មូល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ទៅ​ស្រុក​ក្រឡាញ់ បាន​ស្ថាបនា​រួច​ហើយ​ក្រាល​បេតុង​កៅស៊ូ (AC) ឡើង​វិញ និង​ដំណាក់កាល​ទី​៣ ពី​ស្រុក​ក្រឡាញ់ ទៅ​ក្រុង​សិរី​សោ​ភណ្ឌ ប្រភេទ​បេតុង​កៅស៊ូ (AC) បាន​ចុះហត្ថលេខា​រួច​ហើយ​ជាមួយ​ក្រុមហ៊ុន​សាងសង់​។ ចំពោះ​កំណាត់​ផ្លូវ​លេខ​៦ ពី​រាជដំណាក់ ទៅ​រង្វង់​មូល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នេះ​គ្រោង​ស្នើ​សុំ​សម្ដេច​បើក​ការដ្ឋាន​ជាមួយ​ផ្លូវ ៣៨​ខ្សែ​តែ​ម្តង​។

ឆ្លៀត​ក្នុ​ង​ឱកាស​នោះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី​បាន​ចូល​អុជ​​ធូប​នៅ​ទី​សក្ការបូជា​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម តា​ពិ​ច តា​ពួន និង​ប្រាសាទអង្គរធំ និង​ប្រាសាទបាគង ឋិត​ក្នុង​ទឹកដី​ខេត្តសៀមរាប ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​កើត​មាន​ដល់ ក្រុម​គ្រួសារ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​ចៀស​ផុត​ពី​ការ​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​-១៩ ដ៏​កាច​សាហាវ​មួយ​នេះ នៅ​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ