រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ដួង ឈាក ឯកទេស ត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យកាល់ម៉ែត បាននិយាយថា ៖ ឈាមច្រមុះ គឺជាការហូរឈាមមានប្រភពចេញពីរន្ធច្រមុះទាំងពីរមកក្រៅ ឬធ្លាក់ទៅក្នុងបំពង់ក។ វាជាជំងឺបន្ទាន់ផ្នែកត្រចៀក ច្រមុះ និងបំពង់ក ហើយដែលយើងអាចជួបប្រទះញឹកញាប់ វាមានលក្ខណៈស្រាលតែជួនកាលវាមានសភាពធ្ងន់ធ្ងរដែលអាចគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺ ជាពិសេសនៅពេលដែលឈាមមានបរិមាណច្រើនម្តងៗ ឬឈាមញឹកញាប់ច្រើនដង។

លោកវេជ្ជបណ្ឌិត ដួង ឈាក ក៏បានរំលឹកថា ៖ នៅក្នុងរន្ធច្រមុះសម្បូរសរសៃឈាម ទាំងសរសៃឈាមខ្មៅ និងសរសៃឈាមក្រហម ហើយសាច់ច្រមុះផុយណាស់ ជាពិសេសនៅផ្នែកខាងក្រោម និងខាងមុខ នៃជញ្ជាំងច្រមុះដែលអាចរងរបួសដោយមូលហេតុជាច្រើន។
ក) មូលហេតុ ៖
១) មូលហេតុនៅនឹងច្រមុះ

- ការប៉ះទង្គិចលើមុខនិងក្បាល អាចបណ្តាលឱ្យបាក់ឆ្អឹងច្រមុះ (Fracture des os propres du nez) បាក់ឆ្អឹងផ្ទៃមុខ (Fracture du massif facial)
- បន្ទាប់ពីការវះកាត់ (Traumatismes iatrogènes)
- ដុះសាច់ក្នុងរន្ធច្រមុះ
- អាចជាមហារីកគល់ច្រមុះ ឬមហារីកច្រមុះ (Tumeur de cavum ou de fosse nasale) ដែលស្តែងចេញជាការហូរឈាមពីច្រមុះសារចុះសារឡើង តឹងច្រមុះជាប្រចាំ និងជួនកាលមានការឈឺចាប់នៅផ្ទៃមុខ។
- អាចជាឬសដូងច្រមុះ (Polyposesnasosinusiennes, fibrome naso pharyngien) ដែលអាចស្តែងចេញជាការហូរឈាមច្រមុះតែរន្ធមួយចំហៀង និងសារចុះសារឡើង រួមនឹងតឹងច្រមុះជាប្រចាំ។
- មូលហេតុមួយចំនួនទៀត ដែលអាចជួបប្រទះញឹកញាប់ដូចជា ជំងឺរលាក និងហើមសាច់ច្រមុះ និងប្រអប់ឆ្អឹងច្រមុះ (nez et sinus) ក្នុងនោះមានតាំងពីផ្តាសាយ រលាកច្រមុះ និងបំពង់ក រលាកច្រមុះស្រួចស្រាវ (Rhinites aiguës) ឬរលាកប្រអប់ឆ្អឹងច្រមុះ ដែលមិនបានចាប់អារម្មណ៍ ហើយវាស្តែងចេញជាការហូរឈាមនេះឡើង នោះការព្យាបាល ដោយថ្នាំផ្សះជាតំរូវការចាំបាច់។

២) មូលហេតុទូទៅ
- ការបាត់បង់កត្តាឈាមកក (Facteures hémostatiques) ក៏ជាមូលហេតុនៃការហូរឈាមក្នុងច្រមុះដែរ ដូចជាជំងឺដែលមានចំនួនប្លាកែតចុះច្រើន(Thrombopénies) ជំងឺឈាមមួយចំនួន (Hémopathies) ជំងឺខ្សោយមុខងារថ្លើមធ្ងន់ធ្ងរ ឬការប្រើថ្នាំប្រឆាំងឈាមកកជាប់ជាប្រចាំ។
- ជំងឺលើសឈាមក៏ជាមូលហេតុនៃការហូរឈាមច្រមុះ ដែលជួបញឹកញាប់នៅលើមនុស្សពេញវ័យ។

ការហូរឈាមច្រមុះមានលក្ខណៈជាជំងឺហូរឈាមពីច្រមុះឯកឯងជួបញឹកញាប់លើវ័យជំទង់មានអាយុ ចន្លោះ ៥ទៅ ២០ឆ្នាំ ជាពិសេសបន្ទាប់ពីការកេះក្នុងច្រមុះ ត្រូវកំដៅថ្ងៃខ្លាំង ឬការប្រែប្រួលនៃអរម៉ូន នៅពេលពេញវ័យគ្រប់ការ ការមករដូវពេលពរពោះ ពេលរំភើបជាដើម។
តែទោះជាយ៉ាងណាក៏ដោយ យើងអាចសង្កេតឃើញ ឈាមច្រមុះអាចជាសញ្ញាមួយរបស់ជំងឺដែលវិវត្តន៍ដោយមិនបានដឹងពីមុន ឬក៏ជាផលវិបាករបស់ជំងឺដែលយើងបានដឹងពីមុនមកហើយ ជួនកាលវាគ្រាន់តែជាការហូរឈាម ដោយឯកឯង គ្មានមូលហេតុច្បាស់លាស់។

ខ) រោគសញ្ញា និងការវាយតម្លៃភាពធ្ងន់ធ្ងរ ៖
នៅចំពោះមុខការចេញឈាមច្រមុះ យើងត្រូវ ៖
- វាយតម្លៃការហូរឈាមដែលមានសភាពធ្ងន់ធ្ងរ ឬស្រាលលើបរិមាណឈាមដែលបាត់បង់
- ធ្វើការឃាត់ឈាមដោយមធ្យោបាយផ្សេងៗ
- ពិនិត្យស្រាវជ្រាវរកមូលហេតុនៃការចេញឈាមតាមច្រមុះ។
ជាទូទៅយើងអាចសង្កេតឃើញការហូរឈាមមានលក្ខណៈស្រាលប្រមាណ៩០% លើករណី៖

- នៅផ្នែកខាងមុខនៃច្រមុះ ដែលមិនមានភាពធ្ងន់ធ្ងរទេ
- វាមិនមានផលប៉ះពាល់ទៅលើសភាពទូទៅរបស់អ្នកជំងឺឡើយ
- ភាគច្រើនឈាមតែមួយចំហៀ
- បាត់ទៅវិញដោយឯកឯង ឬដោយច្របាច់ច្រមុះ ផ្ទុយទៅវិញឈាមច្រមុះ អាចមានសភាពធ្ងន់ធ្ងរប្រមាណ១០% នៃករណី ការវាយតម្លៃពីសភាពធ្ងន់ធ្ងរ អាចមានភាពងាយស្រួល បើអ្នកជំងឺមិនបានលេបឈាមចូលទៅក្នុងពោះ ឬមិនច្រឡំជាមួយក្អួតឈាម ៖
- បរិមាណវាច្រើន ហើយញឹកញាប់ ឬជាប់ជាប្រចាំ
- មានប្រភពទាំងសង្ខាង ដោយហូរមកខាងមុខផង និងធ្លាក់ទៅខាងក្រោយបំពង់កផង
- ធ្វើឱ្យអ្នកជំងឺភ័យ ស្លន់ស្លោរ ឡេះឡះ អស់កម្លាំង ជីពចរដើរញាប់ ត្រជាក់ចុងដៃ ចុងជើង និងសម្ពាធឈាមចុះ ដែលត្រូវការសង្គ្រោះបន្ទាន់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
គ) ការព្យាបាល ៖
១) វិធានការទូទៅ (mesures generals) ៖

- ដាក់អ្នកជំងឺក្នុងស្ថានភាពស្ងប់ស្ងាត់ ហើយពាក់កណ្តាលអង្គុយ។
- វាយតំលៃផលប៉ះពាល់លើចលនាឈាមរត់ ស្លេកស្លាំង បែកញើសជោគ ជីបចរដើរញាប់ ចង្វាក់ដង្ហើមញាប់ សំពាធឈាមចុះ។
- ពិនិត្យមើល សញ្ញាស្ទះថប់ផ្លូវដង្ហើម ដែលអ្នកជំងឺ មិនអាចដកដង្ហើមបាន (Détresse respiratoire) ដោយឈាមធ្លាក់ចូលទៅក្នុងផ្លូវដង្ហើម។
- ឲ្យអ្នកជំងឺសម្រាកពេទ្យបើហូរឈាមមានសភាពធ្ងន់ធ្ងរ រួចត្រូ។ រកសរសៃឈាមដើម្បីបូមឈាមពិនិត្យផ្នែកមន្ទីរពិសោធន៍ (Bilan biologique) និងបំពេញបរិមាណឈាមដែលបាត់បង់ដោយសេរ៉ូម។
២) វិធានការបន្ទាប់ (Gestes locaux) ៖
ទោះជាបណ្តាលមកពីមូលហេតុអ្វីក៏ដោយ យើងអាចធ្វើការងារពីរយ៉ាង ៖
- សម្អាតយកកំណកឈាមពីក្នុងរន្ធច្រមុះ ដែលជាមូលហេតុបន្តឲ្យឈាមមិនអាចបញ្ឈប់បាន
- ដាក់សំឡី ឬ ស្បៃវែង (Mèches) ចូលទៅក្នុងរន្ធច្រមុះ ផ្សើមដោយថ្នាំ (xylocaëne et/ou naphazoline) ដោយទុករយៈពេល ៣ ទៅ ៥ នាទី ដើម្បីឃាត់ឈាម ជួនកាលការធ្វើនេះអាចបញ្ឈប់ការហូរឈាមបាន។
ផ្ទុយទៅវិញ បើឈាមនៅតែបន្តហូរមក យើងត្រូវអនុវត្ត ជាដំណាក់ៗ តទៅទៀត៖
- ច្របាច់ច្រមុះ ដោយម្រាមដៃពីរ ៖ យកមេដៃ និងម្រាមដៃ ទៅលើផ្នែកខាងក្រោមនៃរន្ធច្រមុះរយៈពេល ១០នាទី ទើបលែង ហើយពិនិត្យមើលឡើងវិញ។
- បើឈាមនៅតែបន្តហូរទៅតាមមូលហេតុ យើងអាចដុតចំកន្លែងហូរឈាម ដោយប្រុងប្រយ័ត្ន (Cauterisation chimique ou électrique) ។
លោកវេជ្ជបណ្ឌិត ដួង ឈាក ឯកទេស ត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យកាល់ម៉ែតបានដំបូន្មានថា ៖ លើកលែងតែមូលហេតុការប៉ះទង្គិចលើច្រមុះ មុខ និងក្បាល ដែលយើងមិនអាចចៀសវាងបាន ប៉ុន្តែជំងឺនៅក្នុងរន្ធច្រមុះ ដោយការរលាក (affections de la muqueuse, infection, inflammatoire) យើងអាចអនុវត្តមធ្យោបាយសាមញ្ញមួយចំនួនអាចឲ្យច្រមុះមានសភាពល្អ ៖
- ចំណីអាហារហូបចុកឲ្យមានសភាពនឹងនរ (alimentation équilibrée)
- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងរាល់ថ្ងៃ
- បញ្ឈប់ថ្នាំដែលមានផលវិបាកលើសាច់ច្រមុះ ជាពិសេស Vasoconstricteur et toxeque
- តាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេស បើមានជំងឺលើសឈាមកម្រិតខ្ពស់៕
ចែករំលែកព័តមាននេះ