ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃនេះតទៅក្រសួងពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា…

រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ក្រសួងនឹងអនុវត្តច្បាប់តាមសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងចុះថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ បានឱ្យដឹងថា ៖
១) – ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ត្រូវដឹកជញ្ជូនទំនិញ ឬធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធុនធ្ងន់របស់ខ្លួន ឱ្យអនុវត្តយ៉ាងត្រឹមត្រូវ និងម៉ឹងម៉ាត់ តាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា ២៦នៃច្បាប់ស្តីពីផ្លូវថ្នល់។

២) – ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបរធុនធ្ងន់ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬផ្ទុកទម្ងន់លើសពី ២០ ភាគរយ ប្រធានស្ថានីយជញ្ជីង អចល័ត និងប្រធានក្រុមជញ្ជីងចល័តត្រូវចាត់វិធានការតាមបទប្បញ្ញាត្តិដូចមានចែងក្នុងមាត្រា ៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដែលក្នុងនោះត្រូវ ៖

  • ដកបណ្ណបើកបរ និងព្យួរទុកចំនួន ២ ឆ្នាំ
  • ឃាត់យានជំនិះទុកចំនួន ១ ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញនិងបង់ថ្លៃឈ្នួលកន្លែង ទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។
  • បញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួន ១ ឆ្នាំ ក្នុងករណី ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។

៣) – ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ដែលរងនូវការពិន័យអន្តរការណ៍ដូចមានចែងក្នុងចំណុចទី ២ ខាងលើ ត្រូវសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ក្នុងការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះ ដោយខ្លួនឯង រហូតមានការសម្រេចជាថ្មី។
៤) – ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ដែលរងនូវការពិន័យអន្តរការណ៍ និងការឃាត់ទុកយានជំនិះ ដូចមានចែងក្នុងចំណុចទី២ ខាងលើ អាចមានសិទ្ធិប្តឹងតវ៉ា ស្របតាមនីតិវិធី ដូចមាន ចែងក្នុងបទប្បញ្ញត្តិមាត្រា ៤៧ នៃច្បាប់ស្តីពីផ្លូវថ្នល់។

៥) – ចំពោះមន្ត្រីមានសមត្ថកិច្ច (ស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័តក្រោមឳវាទក្រសួងសាធារណការ និងដឹកជញ្ជូន) ដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ ដូចមានចែងក្នុងចំណុចទី២ ខាងលើ ធ្វើចរាចរណ៍លើបណ្តាញផ្លូវថ្នល់នឹងត្រូវទទួលទណ្ឌកម្មវិន័យដូចមានចែង ក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងអនុក្រឹត្យកលេខ ១០ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តវិន័យចំពោះមន្ត្រីរាជការស៊ីវិល ឬករណីធ្វើឱ្យផ្លូវថ្នល់ ស្ពាន សំណង់សិល្បការ្យផ្លូវថ្នល់ខូចខាតធ្ងន់ធ្ងរ ត្រូវផ្ទន្ទាទោសដូចមានចែងក្នុងកថាខណ្ឌទី ២ មាត្រា ៧៥ នៃច្បាប់ស្តីពីផ្លូវថ្នល់។

៦) – សេចក្តីជូនដំណឹងនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ។ ដោយឡែកចំពោះលិខិតលេខ ២៨៣៩ សក/គតលទ ចុះថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០២០ ត្រូវអស់សុពលភាពអនុវត្ត ចាប់ពីថ្ងៃជូនដំណឹងនេះផងដែរ។

ដូចនេះសូមម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ សូមគោរពច្បាប់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ៕

អត្ថបទសរសេរ ដោយ