រាជធានីភ្នំពេញ ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងពីការបាត់បង់កោះត្រល់របស់ប្រទេសកម្ពុជា និងដែនដីកម្ពុជាក្រោមទៅប្រទេសវៀតណាមកាន់កាប់ថា វាជាការទទួលខុសត្រូវរបស់រដ្ឋបាលបារាំង និងពលរដ្ឋនៅខេត្តកំពត ហើយព្រះមហាក្សត្រកម្ពុជាមិនដែលទទួលស្គាល់ថា «កោះត្រល់ជារបស់វៀតណាមម្តងណាទេ» ។
ព្រះបន្ទូលរបស់សម្តេចក្រុមព្រះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ឧសភា នៅកោះពេជ្រឆ្លើយតបនឹងសំណួររបស់អ្នកកាសែត បន្ទាប់យាងចូលរួមក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រមាណ១.០០០នាក់ ។ សម្តេចក្រុមព្រះមានបន្ទូលថា បញ្ហាកោះត្រល់និងបញ្ហាកម្ពុជាក្រោម វាខុសគ្នា ។
សម្តេចក្រុមព្រះលើកឡើងថា បញ្ហាកោះត្រល់ជាបញ្ហារបស់ខ្មែរយើង ព្រះអង្គមិនចង់លើកឡើងទេ ។ សម្តេចក្រុមព្រះមានបន្ទូលថា កោះត្រល់នេះកាលពីពេលនោះ មន្ត្រីរាជការខេត្តកំពតមិនព្រមទៅពិនិត្យដោយថា ខ្លួនឯងចាញ់ ក៏បានប្រគល់ឲ្យបារាំង ក្រោយមកបារាំង ក៏ប្រគល់ឲ្យយួនៗយកភ្លាម ។ ចំណែកសម្តេចឪយើងមិនដែលទទួលស្គាល់ថា កោះត្រល់ជារបស់យួនទេ ។
នៅពេលសួរថា ថ្ងៃទី៤ មិថុនា ខាងមុខនេះ សហគមន៍ខ្មែរកម្ពុុជាក្រោមនឹងរៀបចំប្រារព្ធពិធីនៃការបាត់បង់ទឹកដីកម្ពុជាក្រោម តើទ្រង់យល់យ៉ាងណាដែរ ? សម្តេចក្រុមព្រះមានបន្ទូលថា ៖ «ទេ ! អារឿងកោះត្រល់ និងកម្ពុជាក្រោម វាខុសគ្នា ។ កម្ពុជាក្រោមជាទឹកដីរបស់កម្ពុជា បុ៉ន្តែបារាំងបានយកដាក់ជាដីរបស់បារាំង ស្ថិតក្រោមអាណានិគមបារាំង តែកោះត្រល់ ព្រះមហាក្សត្រកម្ពុជាមិនដែលទទួលស្គាល់ថា ជារបស់យួនទេ» ។
សម្តេចក្រុមព្រះមានបន្ទូលថា បញ្ហាកោះត្រល់ ប្រជាពលរដ្ឋខ្មែរមិនដែលទទួលស្គាល់ទេថាជារបស់យួន ជាពិសេសព្រះមហាក្សត្រមិនដែលទទួលស្គាល់ថា ជារបស់យួនទេ ។ ពេលនោះមានខ្សែប្រេវីយ៉េដែលបារាំងបានគូសមិនមែនជាខ្សែបន្ទាត់នយោបាយទេ វាគ្រាន់តែជាខ្សែបន្ទាត់រដ្ឋបាល ។ ព្រះអង្គមានបន្ទូលបន្តថា បារាំងបានយកដីកម្ពុជាក្រោម មិនមែនខ្មែរយើងយល់ព្រមទេ ។
សម្តេចក្រុមព្រះមានបន្ទូលថា នៅពេលដែលយើងបានឯករាជ្យទៅ ដីនោះបានក្លាយទៅជាដីរបស់យួន ។ កម្ពុជាយើងមិនទាន់បានបាត់បង់ដីទៅប្រទេសវៀតណាមទេ ។ ខ្ញុំចេះតែឆ្ងល់ថា យើងចាប់អារម្មណ៍តែជាមួយវៀតណាម ចុះប្រទេសដទៃទៀតដូចជា ឡាវ និងថៃ ម៉េចមិនថាផង ។ យើងបានបាត់បង់ច្រើនណាស់ជាមួយថៃ ជាងវៀតណាមទៀត» ៕
ចែករំលែកព័តមាននេះ