ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​រុះរើ​ផ្ទះ​សសរ​១០០ដែល​គេ​កំពុងផ្អើល​​«រុះរើ​កម្ទេច​ចោល»

8 ខែ មុន
  • Kratié

ខេត្តក្រចេះ ៖ ដោយសារ​តែ​មាន​ភ្ញាក់ផ្អើល​ត​ៗ​គ្នា​តាម​បណ្តាញ​សង្គម​ថា ផ្ទះ​បុរាណ​ដែល​មាន​សសរ​១០០ ត្រូវ​បាន​អាជ្ញាធរ​រុះរើ​ចេញ​នោះ នៅ​ពេល​នេះ​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ ​បាន​ធ្វើការ​ស្រាយ​បំភ្លឺ​ប្រាប់​ក្រុមការងារ​ថា​ នា​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ជា​ច្រើន​…

ខេត្តក្រចេះ ៖ ដោយសារ​តែ​មាន​ភ្ញាក់ផ្អើល​ត​ៗ​គ្នា​តាម​បណ្តាញ​សង្គម​ថា ផ្ទះ​បុរាណ​ដែល​មាន​សសរ​១០០ ត្រូវ​បាន​អាជ្ញាធរ​រុះរើ​ចេញ​នោះ នៅ​ពេល​នេះ​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ ​បាន​ធ្វើការ​ស្រាយ​បំភ្លឺ​ប្រាប់​ក្រុមការងារ​ថា​ នា​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ជា​ច្រើន​ នៅ​តាម​បណ្តាញ​សង្គម និង​សារព័ត៌មាន​អន​ឡាញ​បាន​លើក​ឡើង​ពី​ស្ថានភាព​នៃ​ការ​រុះរើ​ផ្ទះ​សសរ​១០០ ដែល​ស្ថិត​នៅ​ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ​។ ខ្លឹមសារ​ទាំងនោះ​ បាន​បន្ត​ចែកចាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ក​បុក ដែល​បង្ក​ឱ្យ​មានការ​ភាន់​ច្រឡំ និង​ប៉ះពាល់​កិត្តិយស​របស់​អាជ្ញាធរ ស្ថាប័ន និង​ក្រសួង​ពាក់ព័ន្ធ ព្រោះ​អ្នក​ទាំង​អស់នោះ​ស្រង់​យក​ខ្លឹមសារ​មិន​ពេញលេញ​រួច​បង្ហោះ​ផ្សព្វផ្សាយ​ត​ៗ​គ្នា​។

Picture

ឆ្លើយ​តប​ទៅ​នឹង​កង្វល់​នឹង​ការ​រិះគន់​ខាងលើ​លោកស្រី ខាំ សុភាព អភិបាលរង​ខេត្ត រង​ទទួល​បន្ទុក​ផ្នែក​វប្បធម៌​ខេត្តក្រចេះ ព្រមទាំង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ បាន​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ការ​រុះរើ​នេះ​ធ្វើ​ឡើង ​ដើម្បី​ជួយ​សង្គ្រោះ​ដល់​សំណង់ផ្ទះ​បុរាណ​មួយ​នេះ​ឱ្យ​រួច​ផុត​ពី​ការ​ខូចខាត​ដោយ​ប្រការ​ណា​មួយ ដ្បិត​ម្ចាស់ផ្ទះ​ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​រុះរើ​ ដើម្បី​យក​ដី​សង់ផ្ទះ​ថ្មី​ចែក​ជូន​ដល់​កូនចៅ​របស់​គាត់​។

Picture

ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ក្រុមការងារ​ចម្រុះ​របស់​ខេត្ត ដឹកនាំ​ដោយ លោក​ជំទាវ ខាំ សុភាព​ បាន​ចុះ​ទៅ​សម្របសម្រួល​ជាមួយ​ម្ចាស់ផ្ទះ​ជា​ច្រើន​លើក​ច្រើន​សារ​រហូត​ដល់​ថ្ងៃ​ទី ០៥ កាលពី​ខែឧសភា ឆ្នាំ​២០២០ ទើប​ម្ចាស់ផ្ទះ​យល់ព្រម​ទទួល​សំណង​ជា​ថវិកា​អំពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ បន្ទាប់​ពី​មានការ​ព្រមព្រៀង ក្រសួង​បាន​ខិតខំ​ស្វះ​ស្វែងរក​ថវិកា​ដើម្បី​ដោះស្រាយ​ជាមួយ​ម្ចាស់ផ្ទះ ដោយឡែក​ម្ចាស់ផ្ទះ​បាន​រំអុក​ស្នើ​សុំ​ឱ្យ​ក្រសួង​ចុះ​រុះរើ​ផ្ទះ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ​គាត់​នឹង​ប្តូរ​ចិត្ត​លែង​ប្រគល់​ផ្ទះ​សសរ​១០០​នេះ ជូន​ដល់​ក្រសួង​ថែរក្សា​បន្ត​ឡើយ​។

Picture

មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ តាម​រយៈ​ក្រុមការងា​រក៍​សូម​បញ្ជាក់​ជូន​សាធារណជន​មេត្តា​ជ្រាប​ជា​ថ្មី​ម្តងទៀត​ថា ការ​រុះ​នេះ​មិនមែន​ជា​ការ​បំផ្លាញ​ឡើយ ប៉ុន្តែ​ជា​ការ​រុះរើ​មួយ​ដែល​មានការ​ត្រួតពិនិត្យ​ហ្មត់ចត់​ហើយ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​បុរាណ​វិទូ ស្ថាបត្យករ និង​វិស្វករ​ជំនាញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

Picture

គោលបំណង​ចម្បង​នៃ​ការ​រុះរើ គឺ​បញ្ចៀស​ការ​ខូចខាត​គ្រឿង​ឈើ​ឱ្យ​បាន​តិចតួច​បំផុត សព្វ​ថ្ងៃនេះ​ក្រសួង​បាន​យក​សំណង់​នេះ​ទៅ​សាងសង់​ឡើង​វិញ​នៅ​ក្នុង​បរិវេណ​វត្ត​រកា​កណ្តាល នាទី​រួម​ខេត្តក្រចេះ​ដែល​ជាទី​តាំង​សំណង់​វត្ត​បុរាណ​ដ៏​ល្បីល្បាញ​មួយ​របស់​ខេត្ត​និង​ថ្នាក់​ជាតិ​។ សំណង់​សសរ​១០០​នឹង​មិន​បាត់បង់​ទៅ​ណា​ឡើយ ត្បិត​ក្រោយ​ការ​សាងសង់ និង​ការ​ជួសជុល​ឡើង​វិញ ផ្ទះ​នេះ​នឹង​ក្លាយទៅជា​មន្ទីរ និង​ជា​មរតក​សំណង់​បុរាណ​ខ្មែរ​ដ៏​មាន​តម្លៃ សម្រាប់​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន​ចូល​ទស្សនា​និង​ស្រាវជ្រាវ​។

Picture

សូម​បញ្ជាក់​ថា ផ្ទះ​សសរ​១០០ ស្ថិត​នៅ​ភូមិ​កណ្តុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ចាប់ផ្តើម​រុះរើ​កាលពី​ថ្ងៃ​២១ ខែមិថុនា កន្លង​ទៅ​នេះ ក្រោយ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្របសម្រួល​ជាមួយ​ម្ចាស់ផ្ទះ ដោយ​បាន​ប្រគល់​ថវិកា​មួយ​ចំនួន​ទៅ​ឲ្យ​ម្ចាស់ផ្ទះ ដើម្បី​ធ្វើការ​រុះរើ​ផ្ទះ​បុរាណ​នេះ ទៅ​ធ្វើការ​សាងសង់​ឡើង​វិញ​។

Picture

ផ្ទះ​បុរាណ​សសរ​១០០​នេះ មាន​អាយុកាល​ជាង​២០០​ឆ្នាំ ដែល​កាលពីដើម​ផ្ទះ​បុរាណ​នេះ មាន​ឈើ​ប្រណីត​ចំនួន​១០០​ដើម​ប៉ុន្តែ​កាលពី​សម័យ​ប៉ុ​ល​ពត បាន​រុះរើ​ល្វែង​មុខ នឹង​ល្វែង​វែង​ក្រោយ​អស់​ខ្លះ ហើយ​មក​ដល់​សព្វ​ថ្ងៃនេះ នៅ សល់​ត្រឹម ៤០​ដើម​ប៉ុណ្ណោះ ដែល​កំពុង​ដំណើរការ​សាងសង់​នៅ​ក្នុង​បរិ​វេន​វត្តរកា​កណ្ដាល ក្នុង​ក្រចេះ​៕​

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture