ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបួងសួងនិង​អន្ទង​ព្រលឹង ជា​ពិធី​​​ដ៏​សំខាន់​មិន​អាច​ខ្វះ​​បាន​ឡើយ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពិធីបួងសួង និង​អន្ទង​ព្រលឹង គឺជា​ពិធី​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ឡើយ បាន​ប្រារព្ធ​ឡើង​នៅ​វត្ត​ទេពប្រណម្យ ក្នុង​បរិវេណ​ប្រាសាទអង្គរធំ ក្នុង​ខេត្តសៀម​រាប ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ សេចក្តីចម្រើន…

ខេត្តសៀមរាប ៖ ពិធីបួងសួង និង​អន្ទង​ព្រលឹង គឺជា​ពិធី​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ឡើយ បាន​ប្រារព្ធ​ឡើង​នៅ​វត្ត​ទេពប្រណម្យ ក្នុង​បរិវេណ​ប្រាសាទអង្គរធំ ក្នុង​ខេត្តសៀម​រាប ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ សេចក្តីចម្រើន ប្រគេន​ថ្វាយ​ដល់​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត​ទេព វង្ស សម្តេច​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​មាន​ព្រះ​រោគាពាធ ។

ការ​បួងសួង និង​អន្ទង​ព្រលឹង គឺ​សូម​ឲ្យ​ព្រលឹង​ព្រះ​អង្គ​ចូល​នៅ​ក្នុង​ព្រះ​កាយ​របស់​ព្រះ​អង្គ ឲ្យ​បានដឹង​ព្រះ​កាយ​ឡើង​វិញ និង​បាន​រួច​ចាក់​ផុត​ពី​ទុក្ខ​ភ័យ​ទាំងឡាយ ទាំងពួង ដែល​កំពុង​តែ​យាយី​ដោយ​ព្រះ​រោគាព្យាធិ​នៃ​ព្រះ​កាយ​របស់​ព្រះ​អង្គ ។ សូម​ឲ្យ​ទទួល​បាន​តែ​សេចក្តីសុខ​សប្បាយ និង​ផុត​ទុក្ខសោក រោគា ឧ​ប​ទ្រ​ឌ​ចង្រៃ សូម​ឲ្យ​វិនាស​ចេញ​ពី​ព្រះ​កាយ​របស់​ព្រះ​អង្គ ។

ពិធីបួងសួង អន្ទង​ព្រលឹង​នេះ​បាន​ធ្វើ​នៅ​ពីរ​កន្លែង​ផ្សេង​គ្នា ពេល​ព្រឹក​ធ្វើ​នៅ​លោកតា​រាជ មុខ​ប្រាសាទអង្គរវត្ត និង​ពេល​រសៀល​ធ្វើ​នៅ​វត្ត​ទេពប្រណម្យ ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​ធំ ក្រោម​ការ​រៀបចំ​របស់​ព្រះ​គុណ្ណ​វិ​ឌោ សន សា​រិ​ទ្ធ ព្រះ​ស​មុខ​អនុគណ​ក្រុង​សៀមរាប និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រឹន្ទ ។ មានការ​ចូលរួម​របស់​ឯកឧត្តម​ទេព សំ​អាន អគ្គ​នាយក​រង​ហិរញ្ញវត្ថុ​និង​ភស្តុ​ភារ​ក្រសួង​ការពារ ព្រមទាំង​មន្ត្រីរាជការ ព្រះសង្ឃ សិស្ស​គុណ និង​ពុទ្ធបរិស័ទ​ជា​ច្រើន​កុះករ កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

បន្ទាប់​ពី​ធ្វើ​កិច្ច​ទៅ​តាម​បែប​ព្រះពុទ្ធ​សាស នា និង​ព្រហ្មញ្ញសាសនា​រួច​មក លោក​អាចារ្យ​បាន​ប្រកាស​អំពាវនាវ​ដល់​ពពួក​ទេវតា អា​រុក្ខ​អារក្ស អ្នក​សច្ចំ​បាំង​បទ និង​វត្ថុ​សក្ដិ​សិទ្ធិ​ក្នុង​លោក​នា​ឱកាស​នោះ ដើម្បី​អញ្ជើញ​យាង​ឲ្យ​ទៅ​សណ្ឋិត​នៅ​ក្នុង​ពិធីបួងសួង​នេះ ជា​ប្រយោជន៍​សម្រាប់​ប្រគេន​ថ្វាយ ព្រះ​ពរ​សព្ទសាធុការ និង​ប្រោះព្រំ សន្ដោស​ដល់​ព្រះ​ជន្មាយុ​សង្ខារ និង​អន្ទង​ព្រលឹង​សុំ​ព្រះ​ព្រលឹង​ព្រះ​អង្គ​យាង​និមន្ត​ចូល​ព្រះ​រូប​ព្រះ​រាង​កាយ​របស់​សម្តេច​សង្ឃរាជ​ទេព វង្ស សូម​ឲ្យ​រួច​ចាក​ផុត​ពី​ទុក្ខ​ភ័យ​ទាំងឡាយ​ទាំងពួង ដែល​កំពុង​តែ​យាយី​ដោយ​ព្រះ​រោគាព្យាធិ​នៃ​ព្រះ​កាយ​របស់​ព្រះ​អង្គ សូម​ឲ្យ​ទទួល​បាន​តែ​សេចក្តីសុខ​សប្បាយ និង​រួច​ផុត​ពី​ទុក្ខសោក​រោគា​ឧ​ប​ទ្រ​ឌ​ចង្រៃ សូម​ឲ្យ​វិនាស​ចេញពី​ព្រះ​កាយ​របស់​ព្រះ​អង្គ ដែល​ព្រះ​អង្គ​កំពុង​សម្រាក​ព្យាបាល​ព្រះរាជ​សុខភាព ។

ពិធី​ដែល​បាន​រៀបចំ​នោះ គឺ​បាន​បង្ហាញ​អំពី​វប្បធម៌ ប្រពៃណី​រស់នៅ​របស់​ប្រជាជន​ខ្មែរ ដែល​បាន​បង្កប់​ជ្រៅ​នៅ​ក្នុង​ជំនឿ និង​សង្គម ។ ពិធីបួងសួង​ក៏​ដូច​ជា​ពិធី​ក្រុង​ពលី​ដែរ គឺជា​ពិធី​ដែល​ស្ថិត​ក្នុង​ជំនឿ​តាម​បែប​ព្រលឹង ដែល​ប្រជាជន​ខ្មែរ​យើង​មាន​ជំនឿ​ថា នៅ​លើ​លោក​នេះ​អ្នក​ខ្លាំងពូកែ​ដែល​បាន​ចែក​ឋាន​ទៅ ពិតជា​បាន​ប្រើប្រាស់​ព្រលឹង​របស់​ខ្លួន នៅ​តាម​ថែរក្សា​កូនចៅ​ជំនាន់ ក្រោយ​ៗ និង​មើល​ការ​ខុស​ត្រូវ​ដោយ​ឫទ្ធានុភាព​ជួយ​គាំទ្រ​កូនចៅ​ដែល​ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ និង​មាន​មនសិការ​ស្ន​ហា​ជាតិ ស្រឡាញ់​ការពារ​ទឹកដី​មាតុភូមិ កេរដំណែល​ដូនតា​ដោយ​ពិតប្រាកដ ។ក្នុង​ពិធីបួងសួង​នោះ​បាន​ធ្វើ​ពិធី​អន្ទង​ព្រលឹង ឬ​ហៅ​ព្រលឹង បាន​ចូល​មក​រាង​ការ​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​ព្រះ​អង្គ​បាន​ឆាប់​ជា​ផ្សះ​ស្បើយ​ពី​ព្រះ​រោគា បំពេញ​ព្រះរាជកិច្ច​ដឹកនាំ​វិស័យ​ព្រះពុទ្ធ​សាសនា ។

ការ​ប្រារព្ធ​ពិធី​នានា​តាម​បែប​ព្រហ្មញ្ញសាសនា ដូច​ជា​ការ​អង្គុយ​សមាធិ​ក​ស្វែងរក​ព្រលឹង ដែល​បាន​ចាក​ចេញពី​ព្រះ​កាយ​ព្រះ​អង្គ ហើយ​បាន​ទៅ​ស្នាក់​នៅ​តាម​ព្រៃ​ព្រឹក្សា​នោះ ក៏​បាន​ធ្វើ​ពិធី​ជញ្ជាត់ព្រលឹង ដើម្បី​ឲ្យ​ចូល​ព្រះ​រូប​កាយ​ព្រះ​អង្គ ដែល​បាន​ប្រារព្ធ​ធ្វើ​ទៅ​តាម​បែប​ជំនឿ​ប្រពៃណី​បាន​បន្សល់​ទុក​ពី​បុរាណកាល​រៀង​មក ។ ពិធី​នេះ​ដែរ​ក៏​បាន​បង្ហាញ​អំពី​បេះដូង​ដ៏​ទូលំទូលាយ​របស់​ជនជាតិ​ខ្មែរ រក្សា​ប្រពៃណី​ជំនឿ​នៃ​ជាតិ​សាសន៍​របស់​ខ្លួន​តាំង​តែ​ពី​សម័យកាល​ដ៏​រុងរឿង​នៃ​អាណាចក្រ​អង្គរ រហូត​ដល់​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ