រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញសាធារណការ រាជធានីភ្នំពេញ បានអះអាងថា ផ្លូវចំនួន២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង នាពេលកន្លងមក ទាំងក្រសួងសាធារណការ និងរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការជួសជុលជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។
លោត សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយកោះសន្តិភាពដឹងនៅថ្ងៃទី០៣ ខែវិច្ឆិកានេះថា ក្រោយជំនន់ទឹកភ្លៀង បានវាយលុករាជធានីភ្នំពេញរួចមក ផ្លូវមួយចំនួនត្រូវបានខូចខាត ចំពោះមុខនេះ ក្រសួងសាធារណការ មន្ទីរសាធារណការ និងរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុលជាបណ្ដោះអាសន្នសិន ទំរាំបានថវិកាថ្នាក់លលើទម្លាក់ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ។
ជាក់ស្តែង ផ្លូវជាតិលេខ៤បាន និងកំពុងជួសជុលផ្លូវជាតិលេខ៣ ផ្លូវព្រៃស ផ្លូវ២០A ផ្លូវ៦A ក្រោយជួសជុលបណ្តោះអាសន្ន និងដាក់អោយដំណើរការបណ្តោះអាសន្នដែរ រីឯផ្លូវផ្សេងៗទៀតកំពុងជួសជុលលុបសំបុកមាន់។
លោក សាំ ពិសិដ្ឋ បានអោយដឹងទៀតថា ក្រោយជំនន់ទឹកភ្លៀង បានស្រកធ្វើអោយផ្លូវក្នុងរាជធានីភ្នំពេញ ចំនួន២៩ខ្សែ ទទួលរងការខូចខាត ផ្លូវខ្លះខូចខ្លាំង ខ្លះមធ្យម និងផ្លូវខ្លះទៀតខូចតិចតួច ចំពោះផ្លូវដែលខូចខាតខ្លាំងចាំបាច់ត្រូវមានការសិក្សា វាយតម្លៃពីក្រសួង មុននឹងអនុវត្តន៍ ប៉ុន្តែយើងក៏បានជួសជុលបណ្តោះអាសន្នជាបន្តបន្ទាប់ដែរ កុំអោយមានគ្រោះថ្នាក់ ដូចជាផ្លូវជាតិលេខ២ ។
លោកបន្តថា ចំពោះការខូចខាតមធ្យម និងតិចតួច រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមជួសជុលជាបន្តបន្ទាប់ ចំណែកផ្លូវទំនប់សណ្តស្ទឹងព្រែកត្នោតក្រសួង បាននិងកំពុងជួសជុលហើយ ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ផ្លូវ២១៧ ឬផ្លូវចំការដូង មួយកំណាត់ ដែលលិចលង់ធ្ងន់ធ្ងរ ចាប់ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលកួរស្រូវ អាចអនុញ្ញាតឱ្យធ្វើចរាចររថយន្តតូចៗបាន ចំពោះរថយន្តធំនៅមិនទាន់ឱ្យធ្វើចរាចរទេ ព្រោះខ្លាចខូចគ្រឹះ ៕
ចែករំលែកព័តមាននេះ