ខ្លាំង​បាត់​! ស្ត្រី​ម្ចាស់​ឈើ​ជេរ​​​ផ្អើល​អធិ​ការ និង​ដាក់​ទំនាយដល់​១​កំណាត់​​ក្រោមទៀត


ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ហោ ភា​ជ នាយ​រង​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កំពង់ស្វាយ បាន​ស្ទាក់​ចាប់​បាន​រថយន្ត​ដឹកឈើ​គ្រឿងផ្ទះ​ដែល​លួច​បង្កប់​ឈើ​ថ្មី​ៗ​ជា​ច្រើន កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រោល ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ។

សេចក្តីរាយការណ៍​បន្ត​ថា សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ចាប់​រថយន្ត​ឈើ​មួយ​គ្រឿង ក៏​ប៉ះ​ជាមួយ​ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់​ឈើ បាន​ជេរ​ផ្អើល​អធិការ​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ទាំង​ព្រឹក​ព្រលឹម ក្រោយ​ពី​ឃាត់​រថយន្ត​មួយ​គ្រឿង​ប្រភេទ​យី​ឌុ​ប​មួយ​គ្រឿង ទ្រុង​ពណ៌​ត្រួយ​ចេក ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ៣​ដេ​.៤៥៤១ ខាងលើ​នេះ នាំ​យក​មក​រក្សា​ទុក​នៅ​ក្នុង​បរិវេណ​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​វាស់វែង ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពី​ចាប់​បាន​រថយន្ត​ដឹកឈើ​ខាងលើ ក៏​ស្រាប់តែ​ត្រូវ​ស្ត្រី​ម្នាក់​ដែល​​ជា​ម្ចាស់​ឈើ បាន​មក​ស្រែក​ជេរ​បញ្ចោរ​សមត្ថកិច្ច ព្រមទាំង​ដាក់​ទំនាយ​ឲ្យ​សមត្ថកិច្ច​ដែល​ជា​អ្នក​ចាប់​ទាំង​អស់នោះ​ងាប់​មួយ​កំណាត់​ខាងក្រោម​ទៀត ហើយ​ថែម​ទាំង​ម្ចាស់​ឈើ​បាន​ស្បថ​ស្បែ​ដាក់​ជីវិត​ថា «​គាត់​មិន​មាន​ដឹកឈើ​ថ្មី​សូ​ម្បី​តែ​មួយ​សន្លឹក​» ហើយ​ថែម​ទាំង​បបួល​សមត្ថកិច្ច​ទៅ​ស្បថ​ជាមួយ​លោកតា​ក្រហម​ថែម​ទៀត​ផង​។

ប៉ុន្តែ​ដោយ​សមត្ថកិច្ច​ជំនាញ​មិន​ព្រម​ស្តាប់​តាម​ការ​អះអាង​របស់​ម្ចាស់​ឈើ ក្រោយ​ពី​ខាង​ជំនាញ​រក​កម្មករ​បាន ក៏​ហៅ​ឲ្យ​ធ្វើការ​រុះរើ​ឈើ​គ្រឿងផ្ទះ​ដែល​គេ​ដាក់​បំភាន់​ភ្នែក​ខាងលើ​នៅ​ក្នុង​រថយន្ត​នោះ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ឈើ​ថ្មី​ៗ​ជា​ច្រើន​សន្លឹក ខុស​ពី​ការ​អះអាង​របស់​ម្ចាស់​ឈើ ធ្វើ​ឲ្យ​ស្ត្រី​ដ៏​កាច​ឆ្នាស់​រូប​នោះ​ដឹងខ្លួន ក៏​ដើរសសៀរៗរត់គេច​បាត់​ស្រមោល​មួយ​រំពេច ។

ក្រោយមក សមត្ថកិច្ច​ក៏​បាន​ពិនិត្យ​ពី​ស្ថានភាព​ឈើ​ដែល​មាន​លក្ខណៈ​ជា​ឈើ​ផ្ទះ​ចាស់​ដាក់​នៅ​ខាងលើ ចំណែក​ឈើ​ថ្មី​ៗ​ប្រភេទ​លេខ​២​ផ្តៀក ដែល​ខាង​ជំនាញ​បាន​រក​ឃើញ នៅ​ផ្នែក​ខាង​ក្រោម ដែល​មាន​ចំនួន​៥​គីប និង​៨​ផ្លាន​ផង​ដែរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច អ្នកបើកបរ​រថយន្ត​យី​ឌុ​ប​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ដឹក​ស៊ីម៉ង់​តិ៍​មក​ពី​ភ្នំពេញ មក​ដាក់​នៅ​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ លុះ​ត្រឡប់​មក​វិញ ម្ចាស់​ឈើ​ឈ្មោះ ចែ​ក្រឹម បាន​ខ​លម​ក​ជួល​ឡាន​របស់​គាត់​ឲ្យ​ដឹកឈើ​ផ្ទះ​ចាស់​ចំនួន​២​ផ្ទះ ដោយ​ដឹក​ចេញពី​ខេត្តព្រះវិហារ ឆ្ពោះទៅ​ភូមិ​ត្រពាំង​ព្រៃ ឃុំ​ព្រះ​អង្គ​ខ្នុ ស្រុក​ទ្រាំង ខេត្តតាកែវ នៅ​ក្នុង​តំលៃ​២​លាន​រៀល ដើម្បី​យក​ទៅ​ធ្វើ​ផ្ទះ​របស់​គាត់ ហើយ​ម្ចាស់​ឈើ​ជា​អ្នក​ទទួលខុសត្រូវ​រឿង​រត់ការ​ច្បាប់​ចំពោះ​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ ទើប​រូប​គាត់​ជា​តៃកុង​ឡាន​ហ៊ាន​ដឹកឈើ​នោះ​។

បន្ទាប់​ពី​បាន​ឃាត់​រថយន្ត​ដឹកឈើ​ខាង​ឈើ សមត្ថកិច្ច​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ដោយ​ទុក​រយៈពេល​មួយ​ខែ ដើម្បី​ឲ្យ​សា​ម៉ី​ខ្លួន​ចូល​មក​ដោះស្រាយ បើ​មិន​មានការ​ចូល​មក​ដោះស្រាយ​ទេ​នោះ សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ