បែកធ្លាយ​រឿង​ចោរ​កាន់​ដាវ​សាំ​មូ​រ៉ៃ​ស្ទាក់​​ប្លន់​ស្ត្រី​ម្នាក់ ក្រោយ​ត្រូវ​គេ​បិទ​ស្ងាត់​ឈឹង


ខេត្តបាត់ដំបង ៖ សំណុំរឿង​ស្ទាក់ «​ប្លន់​» យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​ដែល​បង្ក​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ ប្រដាប់​ដោយ​ដាវ​សាំ​មូ​រ៉ៃ​កាលពី​ជិត​មួ​យស​ប្ដា​ហ៍​ហើយ នៅ​ឃុំ​គោក​ឃ្មុំ ស្រុក​ថ្ម​គោល ត្រូវ​បាន​គេ​បិត​ស្ងាត់ឈឹង រហូត​មក​ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០​នេះ ទើប​បែកធ្លាយ​ដំណឹង​។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ​ការិយាល័យ​ជំនាញ លោកស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ សុទ្ធតែ​អះអាង​ថា «​មិន​បានដឹង​រឿង​ប្លន់​នេះ​ថែម​ទៀត​ផង​»​។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ទម្លាយ​ព័ត៌មាន​នេះ មក​កាន់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា​នេះ ក្រោយ​ពី​ចំណាត់ការ​របស់​សមត្ថកិច្ច​ហាក់​ស្ងាត់ឈឹង​មិន​កម្រើក​។ ប្រភព​នេះ​បាន​ប្រាប់​ថា អំពើ «​ប្លន់​» នេះ បាន​កើតឡើង កាលពី​ម៉ោង​៤​និង​នាទី​ទៀប​ភ្លឺ នា​ថ្ងៃ​ទី​២៦ តុលា នៅ​ចំណុច​ផ្សារ «​គោក​ឃ្មុំ​» ស្ថិត​នៅ​ក្នុង​ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ដែល​ជន​រង​គ្រោះ​មានឈ្មោះ សន ចាន់​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​មុខរបរ​លក់ដូរ រស់នៅ​ភូមិ​កណ្ដាល​ត្បូង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល​។

បើ​តាម​ជន​រង​គ្រោះ​អ្នកស្រី សន ចាន់​ណា បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា​នេះ​ថា ចោរ​ដែល «​ប្លន់​» អ្នកស្រី មាន​បក្សពួក​២​នាក់​ប្រដាប់​ដោយ​ដាវ​សាំ​មូ​រ៉ៃ និង​ជិះ​ម៉ូតូ​ម៉ាក MSX តែ​គាត់​មិន​ចាំ​ស្លាក​លេខ​ទេ​។ គាត់​និយាយ​ថា មុន​ពេល​កើតហេតុ គាត់​បាន​ដឹក​អីវ៉ាន់​តាម​ម៉ូតូ​យក​ទៅ​ដាក់​លក់​នៅ​ផ្សារ «​គោក​ឃ្មុំ​» ដូច​សព្វដង តែ​ពេល​ជិះ​ដល់​ខាង​មុខ​ប៉ុស្ដិ៍​នគរបាល​គោក​ឃ្មុំ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ (​ចោរ​)​។ លុះ​ពេល​គាត់​ជិះ​ដល់​ផ្សារ ស្រាប់តែ​ជន​២​នាក់​នោះ​ជិះ​ទៅ​ឈប់​ពីក្រោយ​គាត់​ដែរ​។

អ្នកស្រី ចាន់​ណា បាន​និយាយ​ថា ពេល​ឈប់​ម៉ូតូ​ភ្លាម ជន​ម្នាក់​បាន​ចុះ​ដើរទៅ​ក្បែរ​គាត់ រួច​សួរនាំ​គាត់​យ៉ាង​ដូច្នេះ​ថា «​មីង​ទិញ​ក្រូច​អត់?​» ខ្ញុំ​ថា «​អត់​ទិញ​ទេ​»​។ ពេល​នោះ​ស្រាប់តែ​ជន​នោះ​ដក​ដាវ​ចេញពី​ក្នុង​អាវ រួច​ភ្ជង់​គាត់​គំរាម​ទារ​យក​កាបូប​ពី​ខ្ញុំ​»​។

គាត់​បាន​បញ្ជាក់​ថា ពេល​នោះ​គាត់​រត់ឡើង​ឈរ​លើ​គ្រែ​ឡើង​ញ័រ​ខ្លួន រួច​ស្រែក​ឲ្យ​គេ​ជួយ តែ​គ្មាន​មនុស្ស​នៅ​ទីនោះ​ទេ ខណៈ​ពួក​ចោរ​លើក​ដាវ​គំរាមរ​កកាប់​គាត់​យ៉ាង​រន្ធត់​ទៀត​ផង​។ ដោយសារ​ភ័យ​ស្លន់ស្លោរ​ពេក ទើប​គាត់​បង្ខំចិត្ត​បោះ​កាបូប​លុយ​នោះ​ឲ្យ​ទៅ​ចោរ​តែ​ម្ដង ព្រោះ​ខ្លាច​លោក​ចោរ​យក​ដាវ​សាំ​មូ​រ៉ៃ​កាប់​។ អ្នកស្រី​បាន​ប្រាប់​ថា នៅ​ក្នុង​កាបូប​នោះ មាន​លុយ​ចំនួន​៤៦​ម៉ឺន​រៀល ទូរស័ព្ទ​ម៉ាក VIVO មួយ​គ្រឿង និង​សោរ​ផ្ទះ​ទៀត​ផង​។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្លន់​នេះ បើ​តាម​ស្វាមី​ស្ត្រី​រង​គ្រោះ បាន​ប្រាប់​កោះសន្តិភាព​ដែរ​ថា ក្រោយ​ពេល​ត្រូវ​ចោរប្លន់ ភ្លាម​ៗ​នោះ​ប្រពន្ធ​របស់​គាត់​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ដល់​ប៉ុស្ដិ៍​នគរបាល ដើម្បី​ប្ដឹង​មន្ត្រី​ប៉ុស្ដិ៍​ជួយ​អន្តរាគមន៍ តែ​មិន​មាន​មន្ត្រី​ណា​ម្នាក់​ភ្ញាក់ផ្អើល​ទេ បើ​ទោះជា​ប្រពន្ធ​គាត់​ស្រែកហៅ​យ៉ាងណា​ក្ដី ដោយ​ឃើញ​តែ​ម៉ូតូ​នៅ​ខាង​មុខ​ប៉ុស្ដិ៍ តែ​មិនឃើញ​មន្ត្រី​។

គាត់​បាន​បញ្ជាក់​ថា ពេល​នោះ​គាត់​បាន​ឌុ​ប​ប្រពន្ធ​ទៅ​មើល​អីវ៉ាន់​នៅ​ក្នុង​ផ្សារ ហើយ​បន្តិច​ក្រោយ​មក​ក៏​ជិះ​ត្រឡប់​ទៅ​ប្ដឹង​មន្ត្រី​ប៉ុស្ដិ៍​ម្ដងទៀត នៅ​តែ​មិនឃើញ​សមត្ថកិច្ច​ដដែល ហៅ​ក៏​មិន​ឆ្លើយ​ទៀត​។ លុះ​ថ្ងៃ​រះ​ច្បាស់ គាត់​ក៏​ឌុ​ប​ប្រពន្ធ​ទៅ​ប្ដឹង​ជា​លើក​ទី​៣ ទើប​ជួប​លោក​មន្ត្រី​ប៉ុស្ដិ៍ រួច​ក៏​ដាក់​ពាក្យបណ្ដឹង​បាន​សម្រេច ហើយ​មន្ត្រី​ប៉ុស្ដិ៍​បាន​ប្រាប់​ថា «​គាត់​ដេក​ជ្រុល​»​។ ប៉ុន្តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ចំណាត់ការ​របស់​សមត្ថកិច្ច​ហាក់ដូចជា​ស្ងាត់ឈឹង គ្មាន​ដំណឹង​ពី​រឿង​លោក​ចោរ​សោះឡើយ​។

បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​មិន​ត្រូវ​បាន​គេ​រាយការណ៍​ជាក់លាក់​ទៅ​កាន់​លោក​ស្នងការ​ខេត្ត​ថា ជា​អំពើ «​ប្លន់​» នោះ​ទេ តែ​មន្ត្រី​ថ្នាក់​ក្រោម​រាយការណ៍​បំភ្លៃ​ថា ជា​ករណី​លួច​កំប៉ិកកំប៉ុក ដែល​បង្ក​ឡើង​ដោយ​ពួកក្មេង​ទំនើង​។ កោះសន្តិភាព បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក គឹ​ម ពោ មេ​ប៉ុស្ដិ៍​រដ្ឋបាល​គោក​ឃ្មុំ ស្ដីទី តែ​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា​នេះ ជុំវិញ​ករណី​ក្រុម​ចោរ​សា​មូ​រ៉ៃ ប្លន់​អ្នក​លក់ដូរ​ខាងលើ​នេះ​។

រីឯ​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ លោក កោ ស៊ុន​កាំ​ង បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ ព្រោះ​មន្ត្រី​ប៉ុស្ដិ៍​មិន​រាយ​ការ​ណ៏​។ ដោយឡែក លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ ក៏​បាន​ផ្ដល់​ចម្លើយ​ដូច​លោក​កោ ស៊ុន​កាំ​ង ដែរ​ថា លោក​ក៏​មិន​បានដឹង​រឿង​នេះ​ដែរ​។

សូម​បញ្ជាក់​ថា អំពើ​ចោរកម្ម​ដូច​ជា «​ចោរលួច ចោរឆក់ ចោរ​គាស់​លំនៅ​ឋាន ចោរ​កាប់​សោរ​.​ក​លួច​ម៉ូតូ​» ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ ហាក់​កំពុង​បង្កើន​សកម្មភាព​យ៉ាង​គ​គ្លើ​ន​នា​បច្ចុប្បន្ន​នេះ ខណៈ​សមត្ថកិច្ច​បែរជា​ព្យាយាម​បិទ​បាំង​បទល្មើស ដែល​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

លោក​ឧត្តមសេនីយ៍ត្រី សាត គឹ​ម​សាន ស្នងការ​ខេត្ត បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​ចាប់តាំងពី​លោក​ទើប​ចូល​កាន់​តំណែង​ថ្មី​នេះ​មក​ម្ល៉េះ ដល់​មន្ត្រី​ក្រោម​ឱ​វ៉ា​ត​ក្នុង​ការ​ទប់ស្កាត់ ឬ បង្ក្រាប​បទល្មើស រួម​ទាំង​វិធានការ​បើកចំហរ​ជើងមេឃ ផ្ដល់​លេខ​ទូរស័ព្ទ​ជា​សាធារណៈ ដើម្បី​ងាយស្រួល​សម្រាប់​ពលរដ្ឋ​ទំនាក់ទំនង ផ្ដល់​ព័ត៌មាន ឬ​ដាក់​ពា្យ​បណ្ដឹង​ផង​។ ប៉ុន្តែ​វិធានការ​នេះ ហាក់​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ព្រោះ​ពលរដ្ឋ​ដែល​រង​គ្រោះ​នៅ​តែ​ជួប​ការ​លំបាក​ដដែល ក្នុង​ការ​ដាក់​ពាក្យបណ្ដឹង ឬ​ទំនាក់ទំនង​សុំ​អន្តរាគមន៍​ពី​មន​ន្ត្រី​មូលដ្ឋាន​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ