ចុះ​ត្រួតពិនិត្យ វាយតម្លៃ​ផល​បះ​ពាល់​នៃ​ខូចខាត​ផ្លូវ​ដោយ​ទឹកជំនន់​ជា​ច្រើន​ស្រុក


ខេត្តបន្ទាយមានជ័យ ៖ លោក​ភួង សោភា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ រួម​ដំណើរ​ដោយ​​លោក គង់ ភឿន ប្រធាន​នាយកដ្ឋាន​ផ្លូវលំ លោក​ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្ត លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត និង​សហការី ព្រមទាំង​មន្ត្រី​អាជ្ញាធរ​ឃុំ​ភូមិ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​វាយតម្លៃ​ផល​ប៉ះពាល់ និង​ខូចខាត​ដោយ​ទឹកជំនន់​លើ​ផ្លូវ​ជនបទ​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី ២៨ ខែតុលា ឆ្នាំ​២០២០ ។

ក្នុង​នោះ​ផង​ដែរ លោក​ភួង សោភា បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ជួសជុល​បន្ទាន់​ត​ភ្ជាប់ សម្រួល​ចរាចរ​ឡើង​វិញ​ចំណុច​ភូមិ​ស្វាយស និង​ចំណុច​ដទៃ​ទៀត​នៃ​កំណាត់​ផ្លូវ​ជនបទ​ភូមិ​តា​ផូ ដែល​លាតសន្ធឹង​ក្នុងស្រុក​ស្វាយចេក និង​ស្រុក​ភ្នំស្រុក ដោយ​ផ្លូវ​នេះ​មាន​ប្រវែង​៣០​គីឡូម៉ែត្រ ហើយ​បាន​រង​ការ​ខូចខាត​ដោយ​ទឹកជំនន់​កាលពី​ពាក់កណ្តាល​ខែតុលា​កន្លង​មក​ជា​ច្រើន​ចំណុច ហើយ​បាន​កាត់​ផ្តាច់ និង​លំបាក​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ដោយ​អន្លើ​។

លោក​ភួង សោភា មាន​ប្រសាសន៍​ទៀត​ថា យោង​ការ​ណែនាំ និង​បញ្ជា​របស់​លោក​បណ្ឌិត​សភា​ចា​រ្យ អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ឲ្យ​លោក​ដឹកនាំ​ការងារ​ឆ្លើយ​តប​បន្ទាន់​លើ​ការ​សម្រួល​ចរាចរ​ឡើង​វិញ លើ​កំណាត់​ផ្លូវ​ជនបទ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ដែល​រង​ការ​ខូច​ខាត​ដោយ​ទឹកជំនន់ ។ ក្នុង​នោះ​មានការ​ជួសជុល​បន្ទាន់​ចំណុច​ផ្លូវ​ជនបទ​ជាដើម ដើម្បី​ឲ្យ​អ្នក​ដំណើរ និង​ការ​ដឹក​ជញ្ជូន​បំរើ​ឲ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​បាន​ដំណើរការ​ឡើង​វិញ ។

លោក​ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ​ប្រាប់​ថា គ្រោះ​ទឹកជំនន់​ឆ្នាំ​២០២០​នេះ បង្ក​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​នៅ​ខេត្តបន្ទាយមានជ័យ​ជា​ច្រើន​ត្រូវ​ទទួល​រង​កា​ប៉ះពាល់ និង​រង​ការ​ខូចខាត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​បាន​។ ដើម្បី​ឆ្លើយ​​តប​នឹង​តម្រូវការ​នេះ ទើប​ក្រសួង និង​មន្ទីរ ក៏​ដូច​អាជ្ញាធរ​បាន​ជួសជុល​ជា​បន្ទាន់​ជូន​ប្រជា​ពលរដ្ឋ​នូវ​ផ្លូវ​ក្រាល​ក្រួស ផ្លូវ​ដី​នានា ។ ក្នុង​នោះ​មាន​ផ្លូវ​ជនបទ​ភូមិ​តា​ផូ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៦​ត្រង់ ឃុំ​រលួស ឆ្លងកាត់​ឃុំ​តា​ផូ ឃុំ​សា​រង្គ ស្រុក​ស្វាយចេក ដល់​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ដែល​ក្រាល​គ្រួ​ស ។

ផ្លូវ​១​ខ្សែ​នេះ រង​ការ​ខូចខាត​ដោយ​ទឹក​ហូរ​ផ្តាច់​តួ​ផ្លូវ​៣​កន្លែង ប្រវែង​១៨០​ម៉ែត្រ និង​ហូរ​ច្រោះ​តួ និង​ចិញ្ចើម​ផ្លូវ​ជា​អន្លើ​ៗ​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ឆ្លងកាត់​បាន​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ទឹកជំនន់​ក្នុង​ខេត្តបន្ទាយមានជ័យ​ពី​ដើមខែ​តុលា​ឆ្នាំ​២០២០​មក បាន​បង្ក​ផល​ប៉ះពាល់ និង​ខូចខាត​លើ​ច្រើន​វិស័យ ។ ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ក៏​រង​គ្រោះ​ធ្ងន់ធ្ងរ​ផង​ដែរ ។ ក្នុង​ខេត្ត​នេះ ផ្លូវ​ជនបទ​ដែល​ក្រសួង និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ទទួល​បន្ទុក​មាន​២៦៧​ខ្សែ ប្រវែង​២.៩២៥,០៦​គីឡូម៉ែត្រ និង​មាន​ផ្លូវ​ក្រាល​កៅស៊ូ​២​ជាន់​មាន​១៨៤​គម​, ផ្លូវ​បេតុង​​ប្រវែង​២៥,៤៧​គម និង​ផ្លូវ​ក្រាល​ក្រួស ក្រាល​ដី ក្រាល​ដី​លាយ​ថ្ម​ប្រវែង​២.៧២៥,៥​គម ។

ផ្លូវ​ជនបទ​ទាំងនោះ នៅ​ចំណុច​នៃ​កំណាត់​ដែល​រង​ផល​ប៉ះពាល់​និង​ខូចខាត​ដោយ​ទឹល​ជំនន់ មួយ​​ចំនួន​ទឹកបាន​ស្រក​ហើយ​ត្រូវ​ជួសជុល​បន្ទាន់ តែ​កន្លែង​ខ្លះ ទឹក​មិន​ទាន់​ស្រក​នៅឡើយ ។ ផ្លូវ​ជនបទ​ដែល​ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ​មាន​ដូច​ជា ផ្លូវបត់​ត្រង់ ផ្លូវ​តា​ឡំ ផ្លូវ​ចំណោម ផ្លូវ​សាយ​សា​ម៉​ន​នៅ​ស្រុក​មង្គល​បូ​រី ផ្លូវ​ស្រែ​ល្អ​នៅ​ស្រុក​ថ្មពួក ផ្លូវ​ភ្នៀ​ត​នៅ​ក្រុង​សិរី​សោភ័ណ ផ្លូវ​តា​ផូ​នៅ​ស្រុក​ស្វាយចេក និង​ភ្នំស្រុក​ជាដើម​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ