សំណួរនេះប្រហែលជាសំណួរដែលស្ថិតក្នុងខួរក្បាលរបស់មនុស្សជាច្រើនដែលមានក្តីសុបិនចង់ក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនមួយ។ ចម្លើយខ្លីគឺអ្នកអាច ប៉ុន្តែវាមិនមែនជាផ្លូវដើរមួយដែលមនុស្សចង់ដើរទេ។ តែប្រសិនបើអ្នកបានសម្រេចចិត្តច្បាស់លាស់ហើយថាវាជាផ្លូវដែលអ្នកចង់ដើរ អត្ថបទនេះអាចនឹងជួយដល់អ្នកបាន។
ចូរកត់សម្គាល់ដែរថា ការចាប់ផ្តើមអាជីវកម្មមួយដោយមិនមានលុយមិនដូចគ្នានឹងការចាប់ផ្តើមអាជីវកម្មដោយមិនមានធនធានទេ។ ផ្ទុយមកវិញ ប្រសិនបើអ្នកមានធនធានច្រើន នោះអ្នកមិនចាំបាច់ត្រូវមានលុយច្រើនដើម្បីចាប់ផ្តើមអាជីវកម្មឡើយ។
ធនធានទាំងនេះរួមមានចំណេះដឹង ភាពច្នៃប្រឌិត មនុស្សដែលអ្នកស្គាល់ក្នុងសង្គម បទពិសោធន៍ ពេលវេលា និងសមត្ថភាពក្នុងការមើលឃើញឱកាសដែលមនុស្សទូទៅមិនអាចមើលឃើញជាដើម។
១. ចាប់ផ្តើមពីគំនិត
អ្នកមិនចាំបាច់ត្រូវមានគំនិតថ្មីដែលខុសពីអ្នកដទៃទាំងស្រុងទេ។ លើទីផ្សារមានគំនិតល្អៗជាច្រើនដែលអ្នកអាចយកមកកែច្នៃ និងធ្វើឲ្យវាល្អប្រសើរជាងមុនបាន ដូចជាធ្វើឲ្យផលិតផលមានតម្លៃសមរម្យជាងមុន បង្កើនគុណភាពសេវាកម្ម ឬធ្វើឲ្យវាលឿនជាងមុន ឬស្អាតជាងមុនជាដើម។ អ្នកអាចមើលធនធានដែលអ្នកមាន និងវាយតម្លៃថាតើអ្នកអាចប្រើធនធានរបស់អ្នកដើម្បីសម្រេចបានអ្វីខ្លះ។
២. ផែនការ
បន្ទាប់ពីមានគំនិតហើយ អ្នកត្រូវបង្កើតផែនការអាជីវកម្ម។ ជាដំបូងផែនការរបស់អ្នកត្រូវមានសេចក្តីសង្ខេបអត្ថាធិប្បាយពីអាជីវកម្មរបស់អ្នកដើម្បីឲ្យអ្នកអានយល់ដឹងពីផលិតផល ឬសេវាកម្មរបស់អ្នក។ បន្ទាប់មកទៀតអ្នកត្រូវរៀបចំផែនការចំណូល និងចំណាយ។ តើអ្នកមានថវិកា និងធនធានប៉ុន្មាន? និងចុងក្រោយគឺអ្វីដែលអ្នកត្រូវធ្វើដោយយោងតាមថវិកា និងធនធានដែលអ្នកមាន។
៣. រកមធ្យោបាយប្រមូលមូលធន
ប្រសិនបើអ្នកមិនមានថវិកាសម្រាប់ចាប់ផ្តើមអាជីវកម្មទេនោះ អ្នកអាចព្យាយាមប្រមូលមូលធនបាន។ មិត្តភក្តិ និងក្រុមគ្រួសារជាប្រភពងាយមួយដែលអ្នកអាចសាកល្បងសាកសួរបាន ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្នមិនអនុញ្ញាតឲ្យបញ្ហាលុយប៉ះពាល់ដល់ទំនាក់ទំនងដែលអ្នកមានជាមួយមិត្ត និងក្រុមគ្រួសាររបស់អ្នក។
ក្រៅពីនេះហើយអ្នកមានអាចងាកតៅធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុផ្សេងៗបាន តែអ្នកត្រូវពិនិត្យមើកអត្រាការប្រាក់ឲ្យបានច្បាស់លាស់និងគណនាថាអ្នកពិតជាអាចរកប្រាក់ចំណេញបានគ្រប់គ្រាន់ដើម្បីបង់ការប្រាក់នោះទេ ។ ប្រទេសកម្ពុជាក៏មានកម្មវិធីប្រកួតប្រជែងដើម្បីទទួលបានថវិកាទុកចាប់ផ្តើមអាជីវកម្មជាច្រើនដោយមានការឧបត្ថម្ភធនពីក្រុមហ៊ុនធំៗ។ ប្រសិនបើអ្នកចាប់អារម្មណ៍នឹងមានអាជីវកម្មផ្ទាល់ខ្លួន អ្នកត្រូវតែយល់ដឹងពីឱកាសទាំងនេះនឹងត្រៀមខ្លួនមុនពេលមានការបើកទទួលពាក្យ។
ជាក់ស្តែង ទាំងនេះគ្រាន់តែជាជំហានដំបូងមួយចំនួនដែលអ្នកត្រូវដើរទេដើម្បីចាប់ផ្តើមអាជីវកម្ម។ ដើម្បីធានាថាអាជីវកម្មអ្នកនឹងជោគជ័យ អ្នកត្រូវឆ្លងកាត់ជំហានជាច្រើនទៀត ហើយអ្នកប្រហែលជាត្រូវបរាជ័យច្រើនដងផងដែរមុននឹងអាចសម្រេចបានភាពជោគជ័យបាន។ អ្នកត្រូវចងចាំថាភាពបរាជ័យជារឿងទូទៅទេសម្រាប់អាជីវករ ហើយអ្នកត្រូវតែចេះសម្របខ្លួន និងបន្តដើរទៅមុខជានិច្ច ៕
ចែករំលែកព័តមាននេះ