ក្នុងនាមជាសហស្ថាបនិក និងអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលស្ថិតក្នុងចំណោមក្រុមមហ៊ុនធំៗលើលោកបានបង្ហាញឲ្យច្បាស់ពីភាពប៉ិនប្រសព្វរបស់លោកមហាសេដ្ឋីប៊ីល ហ្គេតស៍ (Bill Gates) ក្នុងការដឹកនាំមនុស្ស និងក្រុមហ៊ុន។
ប៉ុន្តែក្នុងកម្មវិធីមួយកាលពីខែកុម្ភៈឆ្នាំនេះ លោកហ្គេតស៍បានទទួលសំណួរពីនិស្សិតម្នាក់ទាក់ទិននឹងចំណុចខ្វះខាតធំជាងគេរបស់លោកទាក់ទងទៅនឹងការគ្រប់គ្រងអាជីវកម្ម ហើយលោកបានឆ្លើយតបថា «ការដោះស្រាយបញ្ហាស្វែងរកបុគ្គលោក និងបញ្ហាគ្រប់គ្រងបុគ្គលិក… ការបង្កើតក្រុមការងារ។»
ជាក់ស្តែង លោកមានចក្ខុវិស័យល្អមួយដែលបានបន្តកំណត់គោលដៅរបស់ក្រុមហ៊ុនមកដល់សព្វថ្ងៃ ប៉ុន្តែលោកមិនអាចពូកែគ្រប់ជំនាញទាំងអស់ទេដើម្បីធ្វើឲ្យចក្ខុវិស័យរបស់ខ្លួនក្លាយជាការពិត។ នេះជាហេតុដែលនៅក្រោយខ្នងរបស់បុគ្គលដែលជោគជ័យជាច្រើនគឺជាក្រុមការងារល្អមួយដែលចាំជួយជានិច្ច។
ប្រសិនបើអ្នកអាចរកបានមនុស្សដែលត្រឹមត្រូវ បទពិសោធន៍ និងភាពច្នៃប្រឌិតរបស់ពួកគេងាចនឹងជួយដល់ការកំណត់ចក្ខុវិស័យរបស់អ្នកឲ្យកាន់តែល្អជាងមុន មុននឹងអាចយកវាមកបំបែកជាយុទ្ធសាស្ត្រដែលត្រូវអនុវត្តផងដែរ។
តែប្រសិនបើអ្នកមិនពូកែផ្នែកស្វែងរកបុគ្គលិក និងបង្កើតក្រុមការងារដែរនោះ អ្នកអាចចាប់ផ្តើមដោយរកមនុស្សដែលមានបទពិសោធន៍ច្រើនក្នុងការដឹកនាំក្នុងផ្នែកនេះ។ តែប្រសិនបើអ្នកមិនមានសមត្ថភាពរកបានមនុស្សឲ្យជួយអ្នកទេនោះ អ្នកគួរតែរកមនុស្សដែលមានគោលការណ៍ស្របទៅនឹងគោលការណ៍ក្នុងស្ថាប័នការងារ និងជាមនុស្សដែលមានផ្នត់គំនិតទូលំទូលាយ។
អ្នកមិនមែនរកមនុស្សមកធ្វើការងារឲ្យអ្នកដើម្បីអាចចំណាយពេលផឹកស្រាបៀរជាមួយគ្នាទេ តែអ្នករកមនុស្សដែលជួយធ្វើឲ្យចក្ខុវិស័យសម្រាប់ក្រុមហ៊ុនឬអាជីវកម្មរបស់អ្នកក្លាយជាការពិត។ អ្នកមិនចាំបាច់ត្រូវមានគំនិតដូចគ្នាទាំងស្រុងទេ ព្រោះមនុស្សដែលមានទេពកោសល្យមិនតែងតែគិតដូចគ្នាឡើយ។
ការងាររបស់អ្នកគឺមិនមែនការជៀសវាងជម្លោះក្នុងក្រុមការងារទេ តែគឺការរក្សាក្រុមឲ្យនឹងនរដែលអាចឲ្យពួកគេសហការគ្នា ខណៈដែលអាចឈ្លោះគ្នាខ្លះៗដែរមុននឹងអាចសម្រេចបាននូវលទ្ធផលល្អៗសម្រាប់អាជីវកម្មរបស់អ្នក ៕
ចែករំលែកព័តមាននេះ