កូវីដ ១៩ បានបង្កការប៉ះពាល់ដល់ប្រាក់ចំណូល និងការរស់នៅប្រចាំថ្ងៃរបស់មនុស្សជាច្រើនក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ ក្នុងពេលនេះ វាមិនមែនជាពេលងាយស្រួលក្នុងការរៀបចំផែនការ និងគោលដៅហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតទេ។ តែយ៉ាងណាក្តី អ្នកមិនអាចមិនត្រៀមខ្លួនទាំងស្រុងសម្រាប់ថ្ងៃអនាគតឡើយ។
ខាងក្រោមគឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយអ្នកក្នុងការកំណត់គោលដៅហិរញ្ញវត្ថុនៅពេលដែលកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា៖
ទោះជាអ្នកមិនទទួលរងការប៉ះពាល់ពីជំងឹកូវីដ ១៩ ពិតមែនក្តី អ្នកអាចនឹងមិនប្រាកដប្រជាក្នុងការរៀបចំផែនការសម្រាប់ថ្ងៃអនាគត ឬការចាត់ចែងប្រាក់ចំណូលក្នុងពេលបច្ចុប្បន្ននេះ។ នេះជាពេលល្អក្នុងការត្រួតពិនិត្យមើលគោលដៅហិរញ្ញវត្ថុទាំងរយៈពេលខ្លី និងវែងឡើងវិញ និងមើលថាអ្នកអាចធ្វើការកែសម្រួលវាយ៉ាងដូចម្តេចខ្លះ។
វិធីសាស្ត្រមួយដែលអាចជួយអ្នកក្នុងការសម្រេចចិត្តគឺការប្រើ Decision Tree។ អ្នកអាចគូសលើក្រដាសពីជម្រើសទាំងអស់ដែលអ្នកមាន រួចសរសេរអត្ថប្រយោជន៍ និងគុណវិបត្តិរបស់ជម្រើសនីមួយៗ និងធ្វើការសម្រេចចិត្តដោយយោងតាមអ្វីដែលអ្នក ឬក្រុមគ្រួសាររបស់អ្នកត្រូវការ និងចង់បានជាងគេ។
អ្នកត្រូវចងចាំថាគោលដៅដែលអ្នកបានកំណត់អាចមានការកែសម្រួលតាមពេលវេលា និងកាលៈទេសៈបាន។ ប៉ុន្តែអ្នកត្រូវដឹងពីអ្វីដែលអ្នកចង់សម្រេចច្រើនជាងគេនឹងជួយដល់ការរៀបចំផែនការចាយវាយរបស់អ្នក។
ពេលដែលអ្នកកំណត់បានគោលដៅហិរញ្ញវត្ថុហើយ អ្នកត្រូវកំណត់ចំនួនប្រាក់សន្សំដែលអ្នកត្រូវសន្សំក្នុងមួយសប្តាហ៍ មួយខែ ឬបីខែជាដើម និងធ្វើការកែសម្រួលការចាយវាយរបស់អ្នកតាមចំនួនដែលបានកំណត់នោះ។
ជាមួយគ្នានេះផងដែរ អ្នកត្រូវតែតាមដានការសន្សំ និងការចាយវាយរបស់អ្នកជាប្រចាំ។ អ្នកអាចកំណត់ពេលណាមួយប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ដើម្បីអង្គុយចុះនិងពិនិត្យមើលគោលដៅរបស់អ្នកឡើងវិញ ៕
ចែករំលែកព័តមាននេះ