រូបរាងខាងក្រៅមានសារៈសំខាន់ណាស់មិនថាសម្រាប់អាជីព ឬអាជីវកម្មឡើយ ព្រោះមនុស្សមានការលំបាកក្នុងការមិនវាយតម្លៃមនុស្សលើរូបសម្បត្តិរបស់អ្នកដទៃណាស់។ យ៉ាងណាក្តី ការស្លៀកពាក់ដែលអាចបង្ហាញជំនឿចិត្តនិងភាពថ្លៃថ្នូររបស់អ្នកសម្រាប់ការងារមិនចាំបាច់ទាមទារឲ្យអ្នកចាយវាយរាប់រយដុល្លារលើរបស់ប្រេនៗទេ។
ខាងក្រោមគឺជាគន្លឹះក្នុងការស្លៀកពាក់មួយចំនួនដែលអាចជួយបង្កើនជំនឿចិត្តរបស់អ្នកដោយមិនចាំបាច់តម្រូវឲ្យអ្នកចាយវាយច្រើន៖
១. ជ្រើសពណ៌ដែលអ្នកស្រលាញ់
តើមានពណ៌អ្វីដែលធ្វើឲ្យអ្នកមានជំនឿចិត្តលើខ្លួនឯងជាងគេ0x017d7 វាអាចជាពណ៌ដែលអ្នកស្រលាញ់ ឬពណ៌ដែលស័ក្តិសមនឹងពណ៌សម្បុររបស់អ្នកជាដើម។ រាល់ពេលដែលអ្នកត្រូវចូលរួមកម្មវិធីណាមួយដែលទាមទារឲ្យអ្នកបង្ហាញជំនឿចិត្ត ចូរជ្រើសរើសសម្លៀកបំពាក់ដែលមានពណ៌ទាំងនេះ។
២. សម្លៀកបំពាក់ដែលមិនមានម៉ូដច្រើន
មានពេលខ្លះ សម្លៀកបំពាក់ដែលមិនមានម៉ូដស្មុគស្មាញច្រើនអាចបង្ហាញភាពថ្លៃថ្នូរបានច្រើនជាង។ សម្លៀកបំពាក់ដែលសាមញ្ញ និងសមរម្យសម្រាប់កម្មវិធីដែលអ្នកអាចចូលរួមអាចបង្ហាញទៅអ្នកដទៃថាអ្នកមិនព្យាយាមខ្លាំងពេកដើម្បីទាក់ទាញចំណាប់អារម្មណ៍ឡើយ។ ពេលដែលផ្គុំជាមួយនឹងគ្រឿងលង្ការសាមញ្ញៗទៀត អ្នកនឹងមានជំនឿចិត្តលើខ្លួនជាងមុន។
៣. អាវធំដែលមានពណ៌ឆើត
ប្រសិនបើអ្នកចង់លេចធ្លោក្នុងចំណោមមនុស្សជាច្រើន អ្នកអាចធ្វើដូច្នេះបានដោយជ្រើសរើសអាវធំក្រៅដែលមានពណ៌ឆើត។ មិនត្រឹមតែវាស័ក្តិសមនឹងស្ថានការដែលទាមទារឲ្យអ្នករក្សាភាពថ្លៃថ្នូរទេ តែអ្នកថែមទាំងអាចទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃបានថែមទៀត។
៤. ជ្រើសរើសតែមួយពណ៌ពីក្បាលដល់ចុងជើង
ការជ្រើសរើសសម្លៀកបំពាក់មួយឈុតដែលមានពណ៌តែមួយបង្ហាញប្រាប់អ្នកដទៃពីជំនឿចិត្តរបស់អ្នកច្បាស់ណាស់ ហើយអ្នកប្រាកដជាអាចទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃបាន។ ប្រសិនបើអ្នកចង់ជៀសវាងអ្នកដទៃគិតថាអ្នកព្យាយាមទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពេក អ្នកអាចជ្រើសរើសពណ៌ខ្មៅ ឬខៀវបាន។
ក្នុងពិភពដែលឲ្យតម្លៃលើរូបសម្បត្តិខាងក្រៅខ្ពស់នេះ អ្នកមិនចាំបាច់ត្រូវដាក់សម្ពាធលើខ្លួនឯងក្នុងការចាយវាយប្រាក់ចំណូលដែលបានខិតខំរកមកដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃ ឬបង្ហាញថាអ្នកជាមនុស្សដែលមានសមត្ថភាពទេ ៕
ចែករំលែកព័តមាននេះ