មនុស្សម្នាក់ៗប្រហែលជាធ្លាប់បានគិតពីការទិញផ្ទះហើយ មិនថាសម្រាប់ការរស់នៅផ្ទាល់ខ្លួន សម្រាប់កូនៗ ឬសម្រាប់ការវិនិយោគទុកលក់នៅថ្ងៃមុខទេ។ នេះជាហេតុដែលធ្វើឲ្យមនុស្សជាច្រើនគិតថាការក្លាយជាម្ចាស់កម្មសិទ្ធិរបស់ផ្ទះជាកត្តាបង្ហាញនូវភាពជោគជ័យរបស់មនុស្សផងដែរ។ ប៉ុន្តែតើការទិញផ្ទះពិតជាអាចធ្វើឲ្យមនុស្សមានសុភមង្គលពិតមែន ឬវាគ្រាន់តែជាប្រភពនៃការស្ត្រេសទេ?
មនុស្សមានតម្រូវការចង់បានភាពនឹងនរ និងចង់ស្ថិតក្នុងសហគមន៍មួយ។ យោងទៅតាមអ្នកស្រីគ្រីស្ទីន ខាតធើ (Christine Carter) ដែលជាអ្នកជំនាញផ្នែកសង្គមវិទ្យា និងអ្នកស្រាវជ្រាវនៅ University of California Berkeley បានប្រាប់ទៅ CNBC Make It ថា ការមានផ្ទះផ្តល់នូវកត្តាទាំងនេះ។
លើសពីនេះទៅទៀត អ្នកស្រីបានបកស្រាយថា ការមានសមត្ថភាពក្នុងការទិញផ្ទះជាសកម្មភាពមួយបង្ហាញពីឯករាជ្យភាពផងដែរ។ មនុស្សទទួលបានអារម្មណ៍សប្បាយចិត្ត និងមោទនភាពពីដំណើរនៃការទិញផ្ទះ ដូចជាការដើរមើលផ្ទះ និងការទទួលបានការអនុញ្ញាតពីធនាគារក្នុងការទទួលបានកម្ចីទិញផ្ទះជាដើម។
លោក ម៉ាក អេភលី (Mark Eppli) ដែលជានាយករបស់ James A. Graaskamp Center for Real Estate នៅ University of Winsconsin បានឲ្យដឹងថា ផ្ទះជាសម្ភារៈមួយដែលតម្លៃរបស់វាមានការធ្លាក់ចុះរហូតក្នុងចិត្តមនុស្ស។
យោងទៅតាមការសិក្សាមួយក្នុងឆ្នាំ ២០១១ ដោយមានការចូលរួមពីស្ត្រីចំនួន ៦០០ នាក់នៅ Ohio បានប្រទះឃើញថា ម្ចាស់ផ្ទះមិនមានសុភមង្គលច្រើនជាងអ្នកជួលផ្ទះអ្នកដទៃទេ ព្រោះម្ចាស់ផ្ទះមិនមានពេលច្រើនសម្រាប់ការលំហែកាយឡើយ។
ការសិក្សាមួយទៀតដែលមានការចូលរួមពីមនុស្សពេញវ័យជនជាតិអាល្លឺម៉ង់ចំនួន ៣ពាន់នាក់បានប្រទះឃើញថា មនុស្សទទួលបានអារម្មណ៍សប្បាយចិត្តក្នុងរយៈពេល៥ឆ្នាំដំបូងនៃការធ្វើជាម្ចាស់ផ្ទះពិតមែន ប៉ុន្តែពួកគេមិនមានអារម្មណ៍នេះជាប់រហូតអស់មួយជីវិតទេ។
លោកអេភលីបានបកស្រាយទៀតថា ការធ្វើជាម្ចាស់ផ្ទះអាចកាត់បន្ថយឱកាសរបស់អ្នកព្រោះអ្នកមានការលំបាកក្នុងការផ្លាស់ប្តូរលំនៅដ្ឋានដើម្បីទៅធ្វើការនៅផ្នែកដទៃនៃប្រទេស ឬនៅប្រទេសដទៃទាំងស្រុង។ អ្នកស្រីខាតធើក៏បានបន្ថែមទៀតថា ការធ្វើជាម្ចាស់ផ្ទះក៏ទាមទារឲ្យមានការចំណាយច្រើនផងដែរ ហើយម្ចាស់ផ្ទះមិនមានពេលវេលាច្រើនក្នុងការទៅលំហែកាយ ឬកម្សាន្តឡើយ ៕
ចែករំលែកព័តមាននេះ