អាយុរបស់មនុស្សមិនតែងតែទាក់ទងទៅនឹងភាពចាស់ទុំរបស់ពួកគេទេ។ ទោះជាបទពិសោធន៍មានសារៈសំខាន់ពិតមែនក្តី ប្រសិនបើមនុស្សមិនព្យាយាមរៀនពីបទពិសោធន៍ដែលខ្លួនមាន នោះពួកគេនឹងមិនទទួលបានអ្វីច្រើនឡើយ។ ខណៈដែលអាយុរបស់អ្នកបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ អ្នកត្រូវតែត្រួតពិនិត្យខ្លួនឯងឡើងវិញ និងមើលថាអ្នកមានទទួលបានជំនាញសំខាន់ៗដែលនឹងអាចជួយឲ្យអ្នកជោគជ័យនៅថ្ងៃមុខបានទេ ? ខាងក្រោមគឺជាជំនាញក្នុងអាជីពដែលអ្នកត្រូវតែរៀនមុនអាយុ ៤០ឆ្នាំ៖
១. ភាពសម្របខ្លួន
យោងទៅតាម IBM បានឲ្យដឹងថា សមត្ថភាពក្នុងការបត់បែន និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរគឺជាជំនាញក្នុងអាជីពដ៏សំខាន់ជាងគេក្នុងទីផ្សារការងារបច្ចុប្បន្ននេះ។ បទពិសោធន៍ក្នុងជីវិតរបស់អ្នកជាធនធានមួយរបស់អ្នកដែលអ្នកអាចប្រើក្នុងផ្នែកផ្សេងៗនៃអាជីពរបស់អ្នកដែរ។ អ្នកត្រូវព្យាយាមឆ្លងកាត់ឧបសគ្គផ្ទាល់ខ្លួន និងព្យាយាមតាមឲ្យទាន់ការផ្លាស់ប្តូរនានាដែលមានក្នុងការងាររបស់អ្នកជានិច្ច។
២. ជំនាញស្តាប់
កុំព្យូទ័រ និងបច្ចេកវិទ្យា AI មិនអាចអនុវត្តជំនាញនេះដោយមានប្រសិទ្ធភាពដូជមនុស្សឡើយ។ វាតម្រូវឲ្យមនុស្សស្តាប់ និងសួរសំណួរដែលសំខាន់ព្រោះវាអនុញ្ញាតឲ្យអ្នកវិភាគពីតម្រូវការ រកមើលចំណុចដែលសំខាន់ៗ និងយល់ពីបញ្ហាធំៗក្នុងស្ថានការណាមួយ។ ជំនាញនេះនឹងនៅតែមានតម្លៃក្នុងរយៈពេល ៥០ឆ្នាំខាងមុខ។
៣. ជំនាញទំនាក់ទំនង
ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលទទួលបានការគោរពពីអ្នកដទៃ អ្នកត្រូវតែរៀនពង្រឹងជំនាញក្នុងការទំនាក់ទំនងទាំងក្នុងការសរសេរ និយាយ និងទំនាក់ទំនងតាមប្រព័ន្ធឌីជីថល។ ជំនាញនេះនឹងមានសារៈសំខាន់ក្នុងគ្រប់ការងារ និងវិស័យទាំងអស់។
៤. ការគ្រប់គ្រងពេលវេលា
IBM ក៏បានលើកឡើងដែរថា ការគ្រប់គ្រងពេលវេលាជាជំនាញសំខាន់មួយដែរក្រោយពីការសម្របខ្លួន។ បច្ចុប្បន្ននេះមនុស្សទទួលបាននូវព័ត៌មានច្រើនណាស់ ដូច្នេះសមត្ថភាពក្នុងការវាយតម្លៃលើព័ត៌មាននិងរៀបចំកិច្ចការនឹងមានតម្លៃណាស់សម្រាប់ស្ថាប័នគ្រប់ទាំងអស់។
៥. ការធ្វើការជាក្រុម
នេះជាជំនាញមានសារៈសំខាន់ជាងគេលេខបីបើយោងទៅតាម IBM។ តើអ្នកជាមនុស្សដែលអ្នកដទៃអាចពឹងពាក់បានទេ? តើអ្នកយល់ដឹងពីតួនាទីរបស់អ្នកក្នុងក្រុមការងារ និងស្វាគមន៍ការធ្វើការជាក្រុមទេ? តើអ្នកប្តេជ្គាក្នុងការសហការ និងផ្តោតស្មារតីលើអត្ថប្រយោជន៍រួមទេ? ទាំងនេះជាចំណុចសំខាន់ៗសម្រាប់ការធ្វើការជាក្រុមដែលអ្នកត្រូវរៀន ៕
ចែករំលែកព័តមាននេះ