ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​កង់​បី​បើក​តាម​​ឌឺ​ដង ស៊េរីទំនើប២គ្រឿង​​បា.ញ់​ផ្អើល​ខណ្ឌ​ទួល​គោក

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប២​គ្រឿង ខឹង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​បើក​កាត់​ពីមុខ​រថយន្ត​ ពួក​គាត់​ស៊ី​ផ្លេ​មិន​ចេញ​ ក៏​បាន​ឈប់​រថយន្ត​ស្តីបន្ទោស​អោយ​អ្នក​បើក​បរ​ម៉ូតូ​កង់​បី​នោះ និង​ថែម​ទាំង​រក​វាយតប់​គ្នា​ទៀត​ផង តែ​ដោយសារ​តែ​មាន​មនុស្ស​ច្រើន​ពេក ភាគី​​​ខាង​រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង​​មិន​ចង់​វែង​ឆ្ងាយ​ក៏​បើករថយន្ត​ចេញ​ទៅ តែ​ម្ចាស់​ម៉ូតូ​កង់​បី​មិន​អស់ចិត្ត…

​រាជធានីភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប២​គ្រឿង ខឹង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​បើក​កាត់​ពីមុខ​រថយន្ត​ ពួក​គាត់​ស៊ី​ផ្លេ​មិន​ចេញ​ ក៏​បាន​ឈប់​រថយន្ត​ស្តីបន្ទោស​អោយ​អ្នក​បើក​បរ​ម៉ូតូ​កង់​បី​នោះ និង​ថែម​ទាំង​រក​វាយតប់​គ្នា​ទៀត​ផង តែ​ដោយសារ​តែ​មាន​មនុស្ស​ច្រើន​ពេក ភាគី​​​ខាង​រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង​​មិន​ចង់​វែង​ឆ្ងាយ​ក៏​បើករថយន្ត​ចេញ​ទៅ តែ​ម្ចាស់​ម៉ូតូ​កង់​បី​មិន​អស់ចិត្ត ក៏​បាន​ជិះ​ម៉ូតូ​តាម​ឌឺដង​រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង​នោះ​ទៀត ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​ពីរ​គ្រឿង​ទ្រាំ​មិន​បាន ក៏​ដក​កាំភ្លើង​បាញ់​កង់​បី​នោះ​ជា​ច្រើន​គ្រាប់ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់ និង​ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌទួលគោក​ចុះ​មក​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗផងដែរ ។​

ហេតុការណ៍​ខាងលើនេះ​​បានបង្កការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​១០និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​ នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី កែង​និង​ផ្លូវ​២៦១ ទល់មុខ​ហាង Dominos Pizza សង្កាត់​ទឹកល្អក់​1 ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។

យោង​តាម​ប្រភព​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ ពួក​គាត់​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង ​ក្នុងនោះ​មួយ​គ្រឿង​ម៉ាក Rolls-Royce ពណ៌​ស (អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ) និង​មួយ​គ្រឿង​ទៀត ម៉ាកឡិចស៊ីស RX570 ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ (អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ) ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុងទិស​ដៅ​ពី​លិចទៅ​កើត ដោយ​រថយន្ត Rolls-Royce ធ្វើ​ដំណើរ​ពីមុខ ចំណែក​រថយន្តឡិចស៊ីស​ RX570​ ធ្វើ​ដំណើរ​ពីក្រោយ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ជិត​ដល់​ផ្សារ​ស៊ី​ន​ជូ​រី ក៏​មាន​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ពណ៌​លឿង​ (​អ្នកបើកបរមិនស្គាល់​អត្តសញ្ញាណ) ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​មក​ឡើង​វ៉ា​ពីមុខ​រថយន្ត​lexus RX570 នៅ​ចន្លោះ​កណ្តាល រថយន្ដ​ទាំង​ពីរ​គ្រឿង​នោះ ។

តាម​ប្រភពដដែលបានបន្ត​ថា ខណៈនោះ​ដែល​ម្ចាស់​រថយន្ត​​ឡិចស៊ីស RX570 ខឹង​បានចុច​​ស៊ី​ផ្លេ​អោយ​​ចៀស​ បែរជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​មិន​ចង់​ងាក​ចេញ​ទេ នៅ​បើក​ពីមុខ​គេទៀត​ ចេតនា​ចង់​ឌឺដង​ចាញ់​ឈ្នះ​ជាមួយ​រថយន្ត​ឡិចស៊ីស​​នោះ ។

តាម​ប្រភពដដែលបានបន្ត​ទៀត​ថា បន្ទាប់​មក​រថយន្ដឡិចស៊ីស​នោះ​ក៏​ឈប់​រថយន្ដ​នៅ​មុខ​ផ្សារ​ស៊ី​ន​ជូ​រី កាក់​ម៉ូតូ​កង់​បី​នោះ​សួរនាំ និង​ស្តីបន្ទោស​រករឿង​ឈ្លោះប្រកែក​គ្នា និង​រក​វាយតប់​គ្នា​ជាមួយ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ថែម​ទៀត​ផង​។ តែ​ដោយសារ​នៅ​ទីនោះ​មាន​មនុស្ស​ច្រើន ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង​មិន​ចង់​មានរឿង​វែង​ឆ្ងាយ ក៏​នាំ​គ្នា​ឡើង​បើករថយន្ត​ទៅ​មុខ​បន្ត ហើយ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​នោះ​មិន​អស់ចិត្ត និង​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ផង​នោះ ក៏​បាន​បើក​ម៉ូតូ​កង់​បី​​តាម​ពីក្រោយ​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ ផ្អើល​ពេញ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ។

តាមប្រភពដដែលបានបន្តទៀត​ថា លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ស្ពាន​អាកាស​៧មករា​ ចុះ​ពី​លើ​ស្ពាន​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ អ្នកបើកប​រថយន្ត​​ឡិចស៊ីស​RX570 ខឹង​ទ្រាំ​លែង​បាន ក៏​បាន​ទាញ​កាំភ្លើង​បាញ់​ពី​ក្នុង​រថយន្ត​សំដៅ​មក​ម៉ូតូ​កង់​បី​នោះ​ត្រូវ​ចំនួន​៤​គ្រាប់​ផ្ទួន​ៗ​គ្នា ។ ភ្លាម​ៗ​នោះ​ដែរ រថយន្ត​Rolls-Royce ក៏​បាន​បាញ់​បន្ថែម​សំដៅ​ទៅ​លើ​ម៉ូតូ​កង់​នោះ​ចំនួន​២​គ្រាប់​បន្ថែម​ទៀត ដូច​នៅ​ក្នុង​រឿង​ភាគ បណ្តាល​ឲ្យ​ត្រូវ​ចំ​ម៉ូតូ​កង់​បី​ធ្លុះ ជា​ច្រើន​កន្លែង លាន់​ស្នូរ​ដូច​រន្ទះ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​កន្លែង​កើតហេតុ​ ​និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ព្រលឹង​ចុង​សក់​គ្នា​។ តែ​សំណាងល្អ​អ្នកបើកបរ​ម៉ូតូ​កង់​បី​នោះ មិន​មាន​រង​របួស​ឡើយ គ្រាន់តែ​រងការ​ខូចខាត​ម៉ូតូកង់​បីតែប៉ុណ្ណោះ ​។

តាមប្រភពដដែលបានបន្តទៀត​ថា បន្ទាប់​ពី​បង្កហេតុ​រួច​ រថយន្ដ​បង្ក​ទាំង​ពីរ​គ្រឿង​នោះ​បាន​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​បាត់​ស្រមោល ​ចំណែក​អ្នកបើកបរ​ម៉ូតូ​កង់​បី​វិញ ភ័យ​ស្លន់ស្លោ​មិន​ហ៊ាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ ថែម​ទាំង​បើក​ម៉ូតូ​កង់​បី​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​មិន​ហ៊ាន​ត្រឡប់​មក​វិញឡើយ​ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ប្រមូល​យក​សំបក​គ្រាប់ ទុកជា​វត្ថុ​តាង និង​ស្រាវជ្រាវ​ស្វែងរក​ជន​បង្ក​នៅ​ពេល​ក្រោយ​តាម​និ​តិ​វិធី​ជំនាញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ