ខេត្តរតនគិរី ៖ ទឹកជ្រោះកាទៀងស្ថិតនៅក្នុងភូមិកាទៀង ឃុំឡាបាំងពីរ ស្រុកលំផាត់ មានចម្ងាយប្រមាណ៩គីឡូម៉ែត្រ ពីក្រុងបានលុង នៃខេត្តរតនគិរី ។
មុនធ្វើដំណើរទៅដល់រមណីយដ្ឋានទឹកជ្រោះកាចាញមានផ្លូវបំបែកខាងស្តាំដៃតាមរបងរោងចក្រកៅស៊ូក្រែប នាភាគខាងត្បូង គឺជាផ្លូវលំឆ្ពោះទៅកាន់រមណីយដ្ឋាននោះ ដែលមានចម្ងាយប្រមាន៣គីឡូម៉ែត្រប៉ុណ្ណោះ ។
រមណីយដ្ឋានទឹកជ្រោះកាទៀង ស្ថិតនៅកណ្តាលព្រៃភ្នំ មានដើមឈើ ធំៗអាចផ្តល់ជាម្លប់យ៉ាងត្រជាក់ត្រឈឹងត្រឈៃដល់អ្នកទេសចរដែលទៅដល់ទីនោះ ។ ដើម្បីគយគន់សម្រស់ដ៏ត្រកាលនៃទឹកធ្លាក់ឱ្យកៀក អ្នកទេសចរត្រូវធ្វើដំណើរចុះតាមកាំជណ្តើរឈើជាច្រើនកាំទៅក្រោម ។ នៅជាប់ខ្សែទឹកធ្លាក់នោះមានរូងថ្មធំ ដែលអាចឱ្យអ្នកទេសចរដើរចូលទៅខាងក្នុងបាន ហើយមើលទិដ្ឋភាពល្អ ប្លែកៗពីធម្មជាតិកាត់តាមស្រទាប់ខ្សែទឹកដែលកំពុងហូរធ្លាក់យ៉ាងត្របាញ់ ។
ចំណែកនៅខាងលើក្បែរចំណុចទឹកធ្លាក់មានកន្លែងជិះដំរីសម្រាប់ការដើរកម្សាន្តតាមព្រៃជុំវិញទីនោះ ។ មិនតែប៉ុណ្ណោះ នៅទីនោះមានផលិតផលធ្វើពីដៃដោយសហគមន៍ជនជាតិគ្រឹងជាច្រើនមុខ ដាក់តាំងលក់មានដូចជា កាផា ឃ្លោក ស្នា គង ក្រណាត់ប៉ឹង និងសំពត់តាមបែបប្រពៃណីជនជាតិភាគតិចជាដើម ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>


ចែករំលែកព័តមាននេះ