លោកអេ​ង ឆៃ​អ៊ា​ង តប​សារ​នាយក​រដ្ឋមន្ត្រី​ដោយ​អះអាង​ថា«​ប្រពន្ធ​ខ្ញុំ​មិនមែន​ជា​អ្នកនយោបាយ​ទេ​»


រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​មួយ​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​បញ្ចេញ​សារ​មួយ​គួរ​ឲ្យ​ទាក់ទាញ​ដោយ​អះអាង​ថា ភរិយា​របស់​លោក «​មិនមែន​ជា​អ្នកនយោបាយ​ទេ​» តែ​គាត់ គឺជា​អាជីវករ​ដូរ​លុយ​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ ។

លោក អេ​ង ឆៃ​អ៊ា​ង អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​រូបថត​របស់​លោក​ថត​ជាមួយ​ភរិយា និង​ទម្លាយ​ឲ្យ​ដឹង​នូវ​មុខរបរ​របស់​ប្រពន្ធ​ខ្លួន គឺ​ធ្វើ​ឡើង​ត្រឹមតែ​មួយ​ថ្ងៃ បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សារ​ព្រមាន​ខ្លាំង​ៗ​ចំពោះ​ក្រុមប្រឆាំង កំពុង​រស់នៅ​ក្រៅប្រទេស​បន្ទាប់​ពី​ជាប់​បម្រាម​ធ្វើ​នយោបាយ ពិសេស​លោក ហូរ វ៉ា​ន់ និង​អតីតមន្ត្រី​ជាន់ខ្ពស់​ម្នាក់​ទៀត ដែល​សម្តេច​មិន​បាន​បញ្ចេញ​ឈ្មោះ ដែល​ម្នាក់​នោះ​ទំនង​ចង់​សំដៅ​ទៅ​កាន់​លោក អេ​ង ឆៃ​អ៊ា​ង តែ​ម្តង ។

សម្តេច​បាន​ថ្លែង កាលពី​ថ្ងៃ​ទី​២៦ ខែតុលា​ថា ក្រុមប្រឆាំង​ទាំងនោះ គឺ​អាច​ឈប់​បាន​ឈប់​ទៅ ចំពោះ​ការ​ញុះញង់​ឲ្យ​មាន​បាតុកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ ។

ងាក​មក​លោក អេ​ង ឆៃ​អ៊ា​ង បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០២០ ដែល​ទំនងជា​ឆ្លើយឆ្លង​នឹង​សម្តេច​តេ​ជោ ដែល​សារ​របស់​លោក​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​ជា​អ្នកនយោបាយ តែ​ភរិយា​ខ្ញុំ មិនមែន​ជា​អ្នកនយោបាយ​ទេ គាត់​គ្រាន់តែ​ជា​អាជីវករ​ប្រកប​មុខរបរ​ដូរ​លុយ តូចតាច​ម្នាក់​ដើម្បី​រក​កម្រៃ​ចិញ្ចឹម​គ្រួសារ​ប៉ុណ្ណោះ​» ។

អតីតមន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង​រូប​នេះ​បាន​បន្ត​ថា «​រយៈពេល​ជាង​បី​ឆ្នាំ​កន្លង​មកនេះ ភរិយា​ខ្ញុំ បាន​រែកពុន​ក្រុម​គ្រួសារ​ទាំងមូល ដោយ​ដើរតួ​នាទី​ជា​មេផ្ទះ​ផង និង​មេ​គ្រួសារ​ផង ។ ទោះបី​ប្រឈម​នឹង​ការ​លំបាក​បែប​នេះ​ក៏​ដោយ ក៏​ភរិយា​ខ្ញុំ មិន​ដែល​កៀបសង្កត់ ឬ​បង្ខិតបង្ខំ​រូប​ខ្ញុំ ឲ្យ​បោះបង់​អាជីព​ជា​អ្នកនយោបាយ​ឡើយ ព្រោះ​គាត់​ស្គាល់​ច្បាស់​ពី​ឆន្ទៈ និង​មនសិការ​របស់ខ្ញុំ​» ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ