ខេត្តបន្ទាយមានជ័យ ៖ កូនបង្កើត និងកូនប្រសារបស់ស្ត្រីចំណាស់រងគ្រោះដែលបាននាំគ្នាហែទៅបូជា រួចហើយហែត្រឡប់មកផ្ទះវិញ កាលពីរសៀលថ្ងៃទី១១ ឧសភា ២០១៥ កន្លងមក ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ព្រោះតែបើកមើលមុខជាចុងក្រោយឃើញស្ត្រីរងគ្រោះមានសាច់ទន់ និងស្រស់ដូចមនុស្សធម្មតានោះ ត្រូវក្រុមគ្រួសារបានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី១៤ ឧសភា នេះថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៣ នោះ ខណៈស្ត្រីរងគ្រោះត្រូវបានគ្របដោយក្រណាត់.ស បែរជាមានកណ្ដូបពណ៌លឿងប៉ុនមេដៃមួយក្បាល ហោះមកទុំចំណុចពោះប្រហែលជា២០នាទី ។
ពួកគាត់បន្តថា សត្វកណ្ដូបនោះ ក្រោយពីជុះអាចម៍លើចំណុចពោះរួច ហើរត្រឡប់ទៅបាត់ ។ ឈ្មោះហេង វុធ ភេទស្រី អាយុ៤០ឆ្នាំកូនទី៤ ក្នុងចំណោមកូនប្រុស-ស្រី៦នាក់ របស់ស្ត្រីរងគ្រោះខាងលើ និងឈ្មោះប្រុញ ទី ភេទប្រុស អាយុ២៤ឆ្នាំ ជាកូនប្រសាសពនិយាយថា កន្លះម៉ោងក្រោយមក សត្វកណ្ដូបមួយក្បាលនោះ បានហើរត្រឡប់មកវិញ ដោយទុំដៃខាងស្ដាំ បន្ទាប់មកហើរទុំចំណុចថ្ងាសស្ត្រីរងគ្រោះ ហើយសត្វនោះបានយកជើងញីចំណុចដែលទុំនោះហើយហើរទៅចុះក្នុងផ្តិលទឹកមន្ត ។
ឈ្មោះប្រុញ ទី បន្តថា ដោយសារឃើញសត្វកណ្ដូបនោះ ធ្លាក់ទឹកមិនអាចហើរឡើងបាន ខ្លួនក៏ចាប់លើកពីផ្ដិលទឹកមន្តនោះ បន្ទាប់មក សត្វកណ្ដូបនោះ ហើរទៅទុំលើទង់ព្រលឹងនៅចុងជើង ហើយក៏ហើរទៅបាត់ស្រមោលលែងឃើញវិលត្រឡប់ ។
កូនប្រុស-ស្រី និងកូនប្រសា៥ ទៅ៦នាក់លើកឡើងបែបនេះ នៅពេលដែលភ្នាក់ងារកោះសន្តិភាពយើងចុះតាមដានពីដំណើររឿងភ្ញាក់ផ្អើល និងចម្លែកមួយនេះ ។
គួបញ្ជាក់ថា តាំងពីថ្ងៃស្ត្រីរងគ្រោះត្រូវកូនចៅ និងសាច់ញាតិគិតថា ស្លាប់ហើយនាំគ្នាចាប់ផ្ដើមធ្វើបុណ្យ មកទល់នៅវេលាព្រឹកថ្ងៃ
ទី១៤ ឧសភា ២០១៥ នេះ មានរយៈពេល៤យប់៥ថ្ងៃទៅហើយ ប៉ុន្តែខ្លួនប្រាណស្ត្រីរងគ្រោះសាច់នៅតែទន់ដូចដើម ហើយមិនមានក្លិនស្អុយនោះដែរ ។
នៅព្រឹកថ្ងៃទី១៤ ឧសភា ២០១៥ នេះ សាច់របស់ស្ត្រីរងគ្រោះបានប្រែពណ៌ទៅជាខ្មៅ បាតជើងប្រែពណ៌ក្រហម តែសាច់ទន់ដៃជើងលើកទាញបានជាធម្មតា ។ តាមកូនចៅនិយាយថា បើទុកមួយសប្ដាហ៍ ស្ត្រីរងគ្រោះនៅតែមានសភាពដូចដើម ពួកខ្លួននឹងមិនយកទៅបូជាទេ ត្រូវតម្កល់បន្តទៀត តែពួកគេអំពាវនាវរកអំណោយសប្បុរសជន ក្នុងនិងក្រៅប្រទេសដើម្បីជួយព្រោះថា ជាគ្រួសារក្រីក្រគ្មានថវិកាទ្រទ្រង់ និងដោះស្រាយរាល់បញ្ហាផ្សេងៗក្នុងគ្រួសារឡើយ ៕
ចែករំលែកព័តមាននេះ