ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ៗ​​បងប្អូន​! ទឹកជំនន់​មិន​ទាន់​ស្រក​​អស់​ទេ តែ​កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ​ថ្មី​មួយទៀត​នា​ថ្ងៃ​ទី​២៨-២៩ នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​តំបន់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ចំនួន​១៩ ផ្សេង​ទៀត រង​ការ​ជន់​លិច​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​មិន​ទាន់​បាន​ស្រក​អស់ទាំង​ស្រុង​ក៏​ដោយ ពេល​នេះ​ខ្លី​ខាង​មុខ​នេះ កម្ពុជា​នឹង​រង​ឥ​ព្ធិ​ពល​ព្យុះ​ទី​១៨ ដែល​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​តំបន់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ចំនួន​១៩ ផ្សេង​ទៀត រង​ការ​ជន់​លិច​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​មិន​ទាន់​បាន​ស្រក​អស់ទាំង​ស្រុង​ក៏​ដោយ ពេល​នេះ​ខ្លី​ខាង​មុខ​នេះ កម្ពុជា​នឹង​រង​ឥ​ព្ធិ​ពល​ព្យុះ​ទី​១៨ ដែល​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ បាន​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា យោង​ការ​តាមដាន និង​កា​រវិ​វត្ត​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ វិ​សម្ពាធ​មួយ ដែល​បាន​កើតឡើង​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងកើត​កៀក​នឹង​ប្រទេស​ហ្វី​លី​ពី​ន បាន​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅ​ជា ព្យុះ​ទី​១៨ ឈ្មោះ «​ម៉ូ​ឡាវ​» (MOLAVE) ដោយ​ដើរ​ចូល​ទៅ​ភាគ​កណ្តាល​ប្រទេស​ហ្វី​លី​ពី​ន ។

ក្រសួង​បាន​បន្ត​ថា តាម​ការ​ព្យាករណ៍ ព្យុះ​នេះ​នឹង​បង្កើន​ឥទ្ធិពល​ជា​លំដាប់ នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ហ្វី​លី​ពី​ន រួច​ចូល​មក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ ហើយ​បាន​ថមថយ​ឥទ្ធិពល​នៅ​ពេល​ចូល​មក​ដល់​ប្រទេស​វៀតណាម ត្រង់​ម្តុំ​ចំណុច​ក្វា​ង​ងៃ (Quang Ngai) នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ រួច​បន្តដំណើរ​ចូល​លើ​តំបន់​ប៉ា​សុង​របស់​ប្រទេស​ឡាវ ដោយ​ថមថយ​ឥទ្ធិពល​ទៅ​ជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅ​ថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ ២០២០ ។

លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ មាន​ស្ថានភាព ដូច​ខាងក្រោម ៖

– បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន រួម​មាន​ខេត្តរតនគិរី ស្ទឹង​ត្រែង ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​ជាមួយនឹង​ខ្យល់​ខ្លាំង

– បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប រួម​មាន​ខេត្តកំពង់ធំ សៀមរាប បន្ទាយ​មាន​ជ័យ ប៉ៃលិន​និង​ខេត្តបាត់ដំបង អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

ក្រសួង​បាន​គូសបញ្ជាក់​ថា «​យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ខាងលើ សូមជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ » ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​និង​កំពុង​បន្ត​តាមដាន​យ៉ាង​យក​ចិត្តទុកដាក់​លើ​បាតុភូត​ធម្មជាតិ​នេះ ហើយនឹង​ជម្រាប​ជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុង​ករណី​អាកាសធាតុ​មានការ​ប្រែប្រួល ។

យ៉ាងណាមិញ អ្នក​រស់នៅ​បុរី​មួយ​ចំនួន​នៅ​ក្រុងភ្នំពេញ​ហាក់​នៅ​មាន​កង្វល់​ខ្លាំង ដោយសារ​តែ​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែតុលា​នេះ ផ្ទះ​របស់​ពួក​គាត់​ដែល​រង​ការ​ជន់​លិច​កន្លង​មក មិន​ទាន់​ស្រក​ទឹក​អស់​នៅឡើយ ។

ជាក់ស្តែង លោក មាស បូ​រី ដែល​រស់នៅ​ក្នុង​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​បាន​បង្ហាញ​នូវ​កង្វល់​ថា ផ្ទះ​របស់​លោក និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​មិន​ទាន់​ស្រក​ទឹក​អស់​ផង ពេល​នេះ​ស្រាប់តែ​មាន​ព្យុះ​ថ្មី​មក​ទៀត ធ្វើ​ឲ្យ​លោក​បារម្ភ​អំពី​ការ​ជន់​លិច​ធ្ងន់ធ្ងរ​ដូច​ស​ប្តា​ហ៍​មុន​កើតឡើង​លើ​តំបន់​គាត់​រស់នៅ ។

«​ជាក់ស្តែង​ទឹក​នៅ​ពេញ​ប្រៀប​មុខ​ផ្ទះ និង​លិច​ក្នុងផ្ទះ​ដដែល​ទោះបីជា​អាជ្ញាធរ​បាន​បូមទឹក​ចេញ​ក៏​ដោយ​។ ដូច្នេះ​បើសិនជា​មាន​ភ្លៀង​មក​ទៀត គឺ​ដឹង​តែ​ជន់​លិច​ខ្លាំង​ទៀត​ហើយ​» ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក បូ​រី ជុំវិញ​ការ​មក​ដល់​របស់​ព្យុះ​ម៉ូ​ឡាវ នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ