​កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ​ទី​១៨​ចាប់ពី​ថ្ងៃ​ទី​២៨ដល់​២៩ តុលា​


រាជធានីភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា យោង​ការ​តាមដាន និង​កា​រវិ​វត្ត​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ ២០២០ នេះ វិ​សម្ពាធ​មួយ ដែល​បាន​កើតឡើង​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងកើត​កៀក​នឹង​ប្រទេស​ហ្វី​លី​ពី​ន បាន​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅ​ជា ព្យុះ​ទី ១៨ ឈ្មោះ ម៉ូ​ឡាវ (MOLAVE) ដោយ​ដើរ​ចូល​ទៅ​ភាគ​កណ្តាល​ប្រទេស​ហ្វី​លី​ពី​ន ។

តាម​ការ​ព្យាករណ៍​ព្យុះ​នេះ នឹង​បង្កើន​ឥទ្ធិពល​ជា​លំដាប់ នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ហ្វី​លី​ពី​ន រួច​ចូល​មក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នៅ​ថ្ងៃ​ទី ២៧ ខែតុលា ឆ្នាំ ២០២០ ហើយ​បាន​ថមថយ​ឥទ្ធិពល​នៅ​ពេល​ចូល​មក​ដល់​ប្រទេស​វៀតណាម ត្រង់​ម្តុំ​ចំណុច​ក្វា​ង​ងៃ (Quang Ngai) នៅ​ថ្ងៃ​ទី ២៨ ខែតុលា ឆ្នាំ ២០២០ រួច​បន្តដំណើរ​ចូល​លើ​តំបន់​ប៉ា​សុង​របស់​ប្រទេស​ឡាវ ដោយ​ថមថយ​ឥទ្ធិពល​ទៅ​ជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅ​ថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ ២០២០ ។

លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី ២៨ ដល់​ថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ ២០២០ មាន​ស្ថានភាព ដូច​ខាងក្រោម ៖បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន រួម​មាន​ខេត្ត រតនគិរី ស្ទឹង​ត្រែង ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​ជាមួយនឹង​ខ្យល់​ខ្លាំង

បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប រួម​មាន​ខេត្តកំពង់ធំ សៀមរាប បន្ទាយ​មាន​ជ័យ ប៉ៃលិន​និង​ខេត្តបាត់ដំបង អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ខាង​លើ សូមជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូត​ធម្មជាតិ​នេះ ហើយនឹង​ជម្រាប​ជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុង​ករណី​អាកាសធាតុ​មានការ​ប្រែប្រួល ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ