ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ម្ចាស់​កាំភ្លើងខ្លី​ដែល​ឲ្យ​បុរស​ម្នាក់​យក​ទៅ​បា.ញ់​ប៉ុនប៉ង​ផ្តាច់ជីវិត​គូស្នេហ៍

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ពាក់ព័ន្ធ​ករណី​ផ្តល់​អាវុធ​ឲ្យ​ទៅ​បុរស​ម្នាក់​យក​ទៅ​បាញ់ប្រហារ​ប៉ុនប៉ង​ផ្តាច់ជីវិត​គូស្នេហ៍​វ័យក្មេង ដែល​នាង​ទើប​មានកូន​ស្រី​១​អាយុ​៩​ខែ​។…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ពាក់ព័ន្ធ​ករណី​ផ្តល់​អាវុធ​ឲ្យ​ទៅ​បុរស​ម្នាក់​យក​ទៅ​បាញ់ប្រហារ​ប៉ុនប៉ង​ផ្តាច់ជីវិត​គូស្នេហ៍​វ័យក្មេង ដែល​នាង​ទើប​មានកូន​ស្រី​១​អាយុ​៩​ខែ​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​ឈ្មោះ ឃ្លោក គុយ​បា ហៅ​គោបា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់​ភូមិ​ច្រេស ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ​ប្រា​គង ខេត្តសៀមរាប (​អ្នក​ផ្តល់​អាវុធ​ខ្លី​K59)​។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​២ និង​៥០​នាទី ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ មាន​ករណី​ផ្ទុះអាវុធ នៅ​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បណ្តាល​នារី​ម្នាក់​រង​របួស​ត្រូវ​ត្រង់​ដើម​ដោះ​ខាងឆ្វេង​មួយ​គ្រាប់ បន្ទាប់​មក​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់ ប៉ុន្តែ​ដោយសារ​គ្រាប់​បៀម​ជាប់ និង​មាន​ឈាម​ហូរ​ច្រើន​នោះ ទើប​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប​។

តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នាង​មានឈ្មោះ សំ​អុល សុខ​ដា​នី អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ និង​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ (​ជា​ជន​ដៃដល់​) មានការ​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​តាំងពី​អំឡុង​ឆ្នាំ​២០១៧ រហូត​ដល់​ប​ច្ចុ​ប្ប​មានកូន​ស្រី​ម្នាក់ អាយុ​៩​ខែ​។ ក្រោយមក​ដោយ​ដឹង​ថា​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល មិន​ទាន់​លែងលះ​ប្រពន្ធដើម​ដាច់ស្រេច នាង​ក៏​បាន​សុំ​ប្តី​ហេងស៊យ​នោះ​បែកផ្លូវ​គ្នា​ជា​ច្រើន​លើក​មក​ហើយ​។

លុះ​នៅ​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១០ ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​បើ​រថយន្ត​មួយ​គ្រឿង​មួយ​គ្រឿង​ទៅ​ដឹក​រូប​នាង និង​កូន​ត្រង់​ចំណុច​ម្តុំ​ស្ពាន​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​ប្រាប់​ថា ទៅ​ខេត្តពោធិសាត់ ពេល​បើក​ដល់​ចំណុច​ស្ពាន​ព្រែក​ក្តាម​ស្រាប់តែ​ប្តី​ហេងស៊យ បើករថយន្ត​ឡើង​តាម​ផ្លូវជាតិ​លេខ​៦ មក​ខេត្តសៀមរាប​វិញ លុះដល់​ចំណុច​ម្តុំ​ត្រាំ​នាគ ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ពួក​នាង​បាន​ចូល​ទៅ​សម្រាក​នៅផ្ទះ​សំណាក់​មួយ​មិន​ចាំ​យីហោ ហើយ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​បើករថយន្ត​ចេញ​ទៅ​ក្រៅ​ប្រហែល​៣០​នាទី​ទើប​ត្រឡប់​មក​ផ្ទះសំណាក់​វិញ​។

ដល់​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នោះ ពួក​នាង​បាន​ក៏​នាំ​គ្នា​បន្តដំណើរ​ពី​ខេត្តសៀមរាប​ទៅ​ខេត្តបាត់ដំបង ដោយ​មុន​ពេល​ចេញ​ទៅ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​ឲ្យ​រូប​នាង​លេបថ្នាំ​ផ្តាសាយ​ចំនួន​៣​គ្រាប់ ហើយ​ឲ្យ​អង្គុយ​កៅអី​ក្រោយ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​និយាយ​ប្លែក​ៗ​ថា ថ្ងៃក្រោយ​ខ្លួន​នឹង​យក​កូនស្រី​មក​ចិញ្ចឹម និង​មើលថែ​ឲ្យ​បាន​ល្អ ឥឡូវ​ដេក​លើ​ទ្រូង​ម្តាយ​សិន​ចុះ​។ រថយន្ត​បន្តដំណើរ​ដល់​ចំណុច​រង្វង់​មូល​គួរ​ស្រូវ ខេត្តបន្ទាយមានជ័យ ពេល​នោះ​កូនស្រី​យំ​ខ្លាំង​ពេក​ប្តី​ហេងស៊យ បាន​បើក​ត្រឡប់​ក្រោយ​សំដៅ​មក​ខេត្តសៀមរាប​វិញ​។

ស្ត្រី​រង​គ្រោះ​បន្ត​ថា នៅ​តាម​ផ្លូវ​នាង​បាន​ដេក​លក់​នៅ​កៅអី លុះដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បានឮ​សំឡេង​ផ្ទះ​អាវុធ​ស្ទើរ​បែក​ត្រចៀក ស្រាប់តែ​នាង​មានការ​ឈឺ​ចុក​ត្រង់​ដើមទ្រូង​ខាងស្តាំ ពេល​នោះ​នាង​បាន​បើកភ្លើង​ទូរស័ព្ទ​បំភ្លឺ​មើល ក៏​បានឃើញ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល កាន់​កាំភ្លើងខ្លី​នៅ​ក្នុង​ដៃ ឃើញ​ដូច្នោះ​នាង​បាន​ប្រតាយប្រតប់​បើកទ្វារ​រថយន្ត លោត​ចុះ​ទៅ​លើ​ថ្នល់​កៅស៊ូ ខណៈ​ពេល​រថយន្ត​កំពុង​តែ​មាន​ចលនា​ទៅ​មុខ​។ ជនសង្ស័យ​ឃើញ​ដូច្នេះ​ក៏​បើករថយន្ត​ថយក្រោយ ក្នុង​គោលបំណង​កិន​រូប​នាង​ឲ្យ​ស្លាប់ តែ​នាង​បាន​លោត​ចុះ​ទៅ​ក្នុង​ទឹក​ប្រឡាយ ហើយ​ជនសង្ស័យ​បាន​បើកទ្វារ​រថយន្ត​ចុះ ហើយរ​ត់ទៅ​ធ្វើ​សកម្មភាព​ប្រតាយប្រតប់ និង​ច្របាច់ក​នាង ភ្លាម​នោះ​រូប​នាង​ក៏​បាន​ស្រែក​ឱ្យ​គេឯង​ជួយ ពេល​នោះ​ក៏​មាន​ប្រជា​ការពារ​ភូមិ​នៅ​ជិត បាន​ចូល​ទៅ​ជួយ​នាង ហើយ​ជនសង្ស័យ ក៏​បាន​រត់ឡើង​រថយន្ត​បើក​គេចខ្លួន ដោយ​នាំ​យក​កូនស្រី​នាង​ទៅ​ជាមួយ​ផង​ដែរ​។

ក្រោយ​កើត​មាន​អំពើ​បាញ់ប្រហារ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ ដោយ​បាន​ចាប់​យក​វត្ថុ​តាង​មាន អាវុធ​ខ្លី ១​ដើម ម៉ាក K59 បង់​១ គ្រាប់ សម្បក​គ្រាប់​១ ស្រោម​កាំភ្លើង​ពណ៌​ខ្មៅ​១ អាវយឺត​ដៃខ្លី​២ (​ពណ៌​១ និង​ពណ៌​ខ្មៅ​១)​។ ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​បន្ត​កិច្ច​ប្រ​តិ​បត្ត​ការ ដោយ​មានការ​សហការ​រវាង​នគរបាល​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ឈាន​ដល់​ការ​ឃាត់​ជនសង្ស័យ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល នៅ​វេលា​ម៉ោង​១០ និង​១៤​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អូរ​ដូន​ពៅ ឃុំ​ឃ្លាំង​មាស ស្រុក​បា​វិល ខេត្តបាត់ដំបង​។ ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​ជន​រង​គ្រោះ​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ដោយសារ​ខ្លួន​ខឹង​ជន​រង​គ្រោះ​ចេះ​តែ​ទារប្រាក់​ជា​បន្តបន្ទាប់ ដែល​បើ​មិន​ឲ្យ​ប្រាក់​នាង​ទេ នោះ​នាង និង​យក​កូនស្រី​ទៅ​ជួប​ប្រពន្ធដើម​ខ្លួន ដែល​អាច​ទៅ​ជា​ទំនាស់​ឈាន​ដល់​ការ​លែងលះ​គ្នា​ទៀត​ផង​។

ជនសង្ស័យ​បាន​សារភាព​បន្ថែម​ទៀត​ថា កាំភ្លើងខ្លី​ដែល​ខ្លួន​បាន​យក​មក​បាញ់ប្រហារ​ជន​រង​គ្រោះ គឺ​បាន​មក​ពី​ឈ្មោះ ឃ្លោក គុយ​បា ហៅ​គោបា ឲ្យ​ប្រើប្រាស់​។ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល នោះ​ហើយ នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ថ្ងៃ​ទី​២៣ ខែតុលា កម្លាំង​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បន្ត​ការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ឈ្មោះ ឃ្លោក គុយ​បា ហៅ​គោបា មក​ធ្វើការ​សាកសួរ ដែល​ជន​នេះ​បាន​សារភាព​ថា គេ​ពិតជា​ស្គាល់ និង​រាប់អាន​ជាមួយ​ជនសង្ស័យ​ប្រាកដ​មែន ដោយសារ​ជនសង្ស័យ​មានផ្ទះ និង​ស្រះ​ចិញ្ចឹម​ត្រី​ក្បែរ​គ្នា ប៉ុន្តែ​ខ្លួន​ពុំ​បាន​លក់ ឬ​ផ្តល់​អាវុធ​ខ្លី​នោះ​ឲ្យ​ទៅ​ជនសង្ស័យ​ទេ​។

ប៉ុន្តែ​ទោះ​ចម្លើយ​យ៉ាងណា​ក្តី សមត្ថកិច្ច​បាន​យក​ជន​ដៃដល់​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល មក​ប្រទល់​មុខ​នឹង​ឈ្មោះ ឃ្លោក គុយ​បា ហៅ​គោបា គេ​នៅ​តែ​រក្សា​ចម្លើយ​ថា អាវុធ​ខ្លី​នោះ​គឺ​ឈ្មោះ ឃ្លោក គុយ​បា ឲ្យ​រូបគេ​ទុក​ប្រើប្រាស់​ដើម្បី​ការពារ​ខ្លួន និង​ការពារ​ទ្រព្យសម្បត្តិ​ពេល​នៅផ្ទះ​ក្នុងភូមិ​ច្រេស ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ​ប្រា​គង ខេត្តសៀមរាប តែ​ម្នាក់ឯង​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​បញ្ចប់ លើ​ករណី​បើក​ការ​ស៊ើបអង្កេត ដោយ​គ្រប់​ជ្រុងជ្រោយ​ហើយ ទើប​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ